ហួសចិត្ត! បងធម៌ប្អូនធម៌​កាប់​​ស៊ី​សាច់​​​ហុត​​ឈាម​​គ្នា​

ខេត្តស្វាយរៀង ៖ បុរស​ពីរ​នាក់​ជា​បង​ប្អូនធម៌បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ បណ្តាល​ឲ្យ​បុរស​ជា​ប្អូន​រង​របួស​ក្បាល​ចំនួន​២​កាំបិត​ផុង​លលាដ៍ ១​កាំបិត​ចំ​ស្មា ១​កាំបិត​ចំ​កួយដៃ និង​១​កាំបិត​ចំ​ឆ្អឹងជំនីរ​ប្រកាច់​រហូត​សន្លប់​នៅ​ក្នុង​ទឹក​ព្រែក​តា​ស្អាង មូលហេតុ​ឈ្លោះ​គ្នា​ដណ្តើម​កន្លែង​ចង​មង ។

ការ​កាប់​ប្រហារ​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា នៅ​ជិត​កំពង់ទូក​ព្រែក​តា​ស្អាង ស្ថិត​ក្នុងភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​លោក​វរសេនីយ៍ទោ កឹ​ម ឡៃ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ព្រំ សំ​អឿ​ន អាយុ​៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ​និង​នេសាទ​ត្រី មាន​ទៅ​លំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។ ចំណែក​បុរស​ជា​បងធម៌​ឈ្មោះ ណែវ ម៉ា​ឡា​ត់ ហៅ​សុខ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ប្រភព​ពី​អ្នក​ភូមិ​និយាយ​ថា នៅ​រសៀល​ថ្ងៃ​នោះ​បុរស​ជា​បងធម៌​បាន​យក​មង​ទៅ​ដាក់​យក​ត្រី​នៅ​ខាងលិច​កំពង់ទូក​កាណូត​ទន្លេ​វ៉ៃ​គោ​ចំណុច​ព្រែក​តា​ស្អាង ហើយ​ខណៈ​កំពុង​រាយ​មង​នោះ បុរស​ជា​ប្អូនធម៌​ឈ្មោះ ព្រំ សំ​អៀន បាន​មក​ឃាត់​និង​ឲ្យ​សា​មង​ចេញ​ដោយ​និយាយ​ថា ជា​កន្លែង​របស់​ខ្លួន ។ ប៉ុន្តែ​បងធម៌​រូប​នេះ​មិន​ព្រម​សា​មង​ចេញ ក៏​ផ្ទុះ​ជម្លោះ​វាយ​រុញច្រាន​គ្នា​ទើប​ធ្វើ​ឲ្យ​ក្តៅចិត្ត​រៀងខ្លួន ហើយ​២​នាក់​បងប្អូន​ធម៌​ក៏​បើក​ឆាកប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម​បែក​ទឹក​សំពោង និង​ដោយ​បុរស​ជា​បងធម៌​មានកាំបិត​នៅ​ក្នុង​ដៃ​ទ្រាំ​លែង​បាន ក៏​យក​កាំបិត​ខ្វែវ​កាប់​ប្អូនធម៌​យ៉ាង​រន្ថាន់​ហូរ​ឈាមក្រហម​ច្រាល​ពេញ​ទឹក ។

ក្នុង​ពេល​កំពុង​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ អ្នក​ភូមិ​និង​អ្នក​ទៅ​ដាក់​មង​ក្បែរ​គ្នា​ឃើញ​ក៏​ស្រែក​ឆោឡោរ​ត់ទៅ​ជួយ និង​ស្រង់​បុរស​ជា​ប្អូនធម៌​ឡើង​មក​លើគោក​រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ប៉ុន្តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក ក្រុម​គ្រួសារ​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម​ទៀត និង​ប្តឹង​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួន​បុរស​ជា​បងធម៌​បាន​ភ្លាម​ៗ​ដែរ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ៕