ផែនទី​បង្ហាញ​​ស្ថានភាពគ្រោះថ្នាក់​នៅ​តាមតំបន់​ប្រាសាទ​

រាជ​ធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​អប្សរា​​បាន​បង្ហាញ​នូវ​ស្ថានភាព​គ្រោះថ្នាក់​នៅ​តាម​ប្រាសាទ​ និងតាម​រចនាសម្ព័ន្ធ​បុរាណ​ដ្ឋា​ន​នានា ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ រកឱ្យ​​ឃើញ​ថា តើ​ចំណុច​ណាមួយ​ ដែល​កំពុង​មាន​គ្រោះថ្នាក់​ខ្លាំង​មធ្យម ​ឬ​តិចតួច​ ។

ផែនទី​នេះ​ មានឈ្មោះថា​ផែនទីហា​និភ័យ​ (Risk Map) ជា​ផែនទី​ចាត់​ចំណាត់ថ្នាក់​គ្រោះថ្នាក់ ងាយស្រួល​ឱ្យ​សម្រាប់​អ្នក​អភិរក្ស ងាយ​​កំណត់​ថា តើ​ចំណុច​គ្រោះថ្នាក់​ណា​គួរ​សង្គ្រោះ​បន្ទាន់ ហើយ​ចំណុច​ណា​ដែល​អាច​ទុក​ជួសជុល​នៅ​ពេល​ក្រោយ​ ។

ក្នុង​បទ​បង្ហាញ​ទៅ​កាន់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ថ្ងៃ​ទី​២២ ​មិថុនា ឆ្នាំ​២០១៦ នេះ ​លោក​ហង់ ពៅ​ អគ្គនាយករង ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិអប្សរា​បាន​លើក​ឡើង​ថា នៅ​តំបន់​អង្គរ​មាន​ប្រាង្គ​ប្រាសាទធំ​ៗ​ជា​ច្រើន ដែល​រងគ្រោះថ្នាក់ទ្រុឌ​ទ្រោម​ ដោយសារ​កត្តា​ផ្សេង​ៗ មាន​អាយុកាល​នៃ​ការ​សាងសង់​យូរ​ មាន​សង្គ្រាមស៊ីវិល អាកាស ធាតុ ប្រជាពល​រដ្ឋ​និង​កំណើន​ភ្ញៀវ​ទេសចរ​ជាដើម ​។

នៅ​ឆ្នាំ​២០១២ យើង​បាន​បង្កើត​គម្រោង​ហានិភ័យនៃ​បេតិកភណ្ឌ​ ដែល​មាន​គោលដៅសិក្សា​ពី​ហានិភ័យ​នៃ​ប្រាង្គ​ប្រាសាទ អាកាស ធាតុប្រព័ន្ធ​ធារាសាស្ត្រ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ​ព្រោះ​កត្តា​ទាំងអស់​នេះ​ វា​ជា​ចង្កោមមួយ​មាន​ទំនាក់ទំនង​គ្នា​ទាំងអស់​ ។
លោក​បន្ត​ថា បើ​មាន​ដើមឈើ​មួយ​ដួល​ ឬ​ទ្រេត តើ​ដើមឈើ​ហ្នឹង​ វា​មា​នទី​តាំងនៅ​កន្លែង​ណា? ​។

អ៊ីចឹង អ្នកជំនាញ​អាច​ប្រាប់​​ថា ដើមឈើ​នេះ ​នៅ​ខាងក្នុង​វា​មាន​លក្ខណៈ​មិនល្អ​វា​ពុក ហើយ​ក្នុង​ករណី​ធម្មតា​ដើមឈើ វា​មិន​ដួល ​ឬ​ទ្រេត​ទេ វា​អាច​នៅរ​ស់បាន ប៉ុន្តែ​បើ​ចៃដន្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង​ ឬ​មានទឹក​ហូរ​បុក​ខ្លាំង វា​ធ្វើ​ឲ្យ​ដើមឈើ​ដួល​ទៅ​ទិស​ណា ហើយ​​វា​ប៉ះពាល់​ទៅ​ដល់​អ្វីខ្លះ? ​។