​នៅពេល​កាន់អំណាច​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ប្រសើរឡើង​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើងលើ​គ្រប់​វិស័យ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា វិស័យសេដ្ឋកិច្ច វិស័យ​អបរំ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​វិស័យ​ការពារជាតិ​ជាដើម​នឹងមាន​ភាពប្រសើរឡើង​នៅពេលដែល​ប្រទេស​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បាន​ចូលរួម​សំណេះសំណាល ក្នុង​កម្មវិធី ពិសា​អាហារ​ស្រាយ​បួស និង​ការសូត្រ​គម្ពីរ អាល់​គូរ​អាន របស់​បងប្អូន​ខ្មែរឥស្លាម នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហៅថា​ស្កេ​ប (Skype)​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​បងប្អូន​ខ្មែរឥស្លាម​ថាបើ​ទោះជា​មាន​អ្នកណាម្នាក់ ឬ​គណបក្សនយោបាយ​ណាមួយ​បាន​បំភិតបំភ័យ ឬ​និយាយ​បង្ខូចឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ម្តេចក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​គោលជំហរ​នយោបាយ និង​ធានាថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ឈានទៅ​ដឹកនាំ​ប្រទេស​កម្ពុជា នោះ​ប្រទេស​កម្ពុជា​នឹងមាន​សន្តិភាព និង​ស្ថិរភាព​ពេញលេញ ព្រមទាំង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ផងដែរ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​កាន់អំណាច​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹកនាំ​ឲ្យ​ខ្មែរ​ចេះ​ស្រឡាញ់គ្នា សាមគ្គី​គ្នា និង​ចេះ​គោរព​គ្នា ដោយ​គ្មាន​ការរើសអើង​អ្វី​ទាំងអស់ ហើយ​សហការគ្នា​បានល្អ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​នេះ ក៏បាន​បញ្ជាក់ដែរថា​នយោបាយ​និង​សាសនា​គឺ​ដើរ​ទន្ទឹមគ្នា ការគោរព​សាសនា​ណាក៏ដោយ គឺ​ប្រាថ្នា​ចង់បាន​សេចក្ដីសុខ​ចម្រើន ហើយ​សេចក្ដី​សុខសន្ដិភាព​ពិតប្រាកដ​យើង​មិនមែន​ប្រាថ្នា​សុខ​តែ​ខ្លួនឯង​ទេ គឺត្រូវធ្វើ​ឲ្យ​អ្នកដទៃ​ទៀត​នៅ​ជុំវិញ​យើង​បាន​សេចក្ដី​សុខសន្ដិភាព​ដែរ​។ នៅក្នុង​សង្គម​មួយ​ដែល​គ្មាន​សេរីភាព ជំនឿ​សាសនា គឺ​គ្រាន់តែ​ជាការ​គោរព​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ​។ គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ បើក​សេរីភាព​យ៉ាង​ទូលាយ​ដល់​ជំនឿ​សាសនា​របស់​មនុស្ស​។ ដូច្នេះ​សេរី​ភាពជា​មូលដ្ឋានគ្រឹះ​នៃ​សន្ដិភាព សន្ដិ​ភាពជា​មូលដ្ឋានគ្រឹះ​នៃ​ជំនឿ​សាសនា​ផងដែរ​៕

13442186_1127115207345211_4120034507910158948_n 13465982_1390414357642526_983872810321950573_n 13450027_1390414554309173_1739660291630515438_n13502039_1390414714309157_4402689290566714259_n