ម៉េច​ទៅ​ជា​អ៊ីចឹង ? អះអាង​ថា​អ្នកកាសែត តែ​មក​ស្ទាក់​ចាប់​ដូច​សមត្ថកិច្ច

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ គេ​បាន​ប្រទះ​ឃើញ​រថយន្ត​២-៣​គ្រឿង មាន​មនុស្ស​ប្រមាណ​ជាង​១០​នាក់ ឈប់​នៅ​ប៉ុស្តិ៍​សន្តិសុខ​ថ្មដា ស្ថិត​ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​មាន​ឆ្នាំង​ដាំបាយ មាន​ទាំង​ប្រពន្ធ​កូន​មក​ជាមួយ​ផង ។

បើ​តាម​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៧៨A ពី​ទី​រួម​ក្រុង​បាន​លុង​ទៅ​ទីរួមស្រុក​អូរ​ជុំ ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បានឃើញ​រថយន្ត​២-៣​គ្រឿង​មាន​ដាក់​ឡូ​ហ្គូ​ក្រសួង​ព័ត៌មាន ។ ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ទៀត​ថា ក្រុម​អ្នក​ព័ត៌មាន​ខាងលើ​អះអាង​ថា​កាសែត​មក​ពី​ក្រសួង (​មិន​បញ្ជាក់​ក្រសួង​ណា​) ដាក់​កម្លាំង​ប្រចាំការ​នៅ​ប៉ុស្តិ៍​ខាងលើ​រង់ចាំ​ស្ទាក់​ចាប់​ម៉ូតូ​ដឹកឈើ និង​ចាំ​ឃ្លាំមើល​រថយន្ត​ណា​ដឹក​ធ្ងន់​សង្ស័យ​ថា​ដឹកឈើ​ដោយ​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់​ដូច​សមត្ថកិច្ច​អ៊ីចឹង ។

សកម្មភាព​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ខាង​មន្ទីរ​ព័ត៌មាន និង​អាជ្ញាធរ​មូលដ្ឋាន ត្រួតពិនិត្យ​មើល​លិខិត​ស្នាម​របស់​ពួក​គាត់ ចៀសវាង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ភ័យ​ខ្លាច ។ រាល់​ទ​ង្វើ​របស់​ពួក​គាត់​ខាងលើ​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ព័ត៌មាន​ផ្សេង​ៗ​ទៀត ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ព័ត៌មាន​នៅ​ខេត្ត​រតនគិរី ។

ទាក់ទិន​នឹង​ក្រុម​អ្នក​សារព័ត៌មាន​អះអាង​ថា​មក​ពី​ក្រសួង​ដាក់​ប្រចាំការ​នៅ​ប៉ុស្តិ៍​ថ្មដា​បណ្តាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​មានការ​ភ័យ​ខ្លាច​នេះ​ដែរ លោក ហៃ វ​ណ្ណា​រ៉ា មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ ៕