អំឡុង​បីខែចុងក្រោយ​នៃគភ៌​ ​ត្រូវការចំាបាច់​ជាតិ​កាល់ស្យូម

រាជធានីភ្នំពេញ​៖ យោងតាមយោងតាមអង្គការសុខភាពពិភពលោក​ (WHO) ​បានឲ្យដឹងថាអំឡុងពេល៣​ ខែចុងក្រោយនៃទារក​នៅ​ក្នុងផ្ទៃកំពុងលូតលាស់​ ដែលចាំបាច់ត្រូវការជាតិ​កាល់ស្យួមសម្រាប់​លូតលាស់ឆ្អឹង។

ក្នុងពេលនោះទារកពិតជាចាំបាច់​ក្នុងការទាមទារនូវជាតិកាល់ស្យូមពីម្តាយរបស់ខ្លួន ​ដើម្បីធ្វើឲ្យឆ្អឹងលូតលាស់ ​ធ្វើឲ្យបេះដូង សរសៃប្រសាទ ​និងសាច់ដុំមានសុខភាពល្អ។ ​លើសពីនេះទៀតកាល់ស្យូមជួយឲ្យចង្វាក់​បេះដូងទារកដំណើរការធម្មតា​ និងមាន​លទ្ធភាពក្នុងការធ្វើកំណកឈាម ​។ ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់​ជាប្រចាំ​ក្នុងអំឡុងពេលកុមារភាព​​គឺជារឿងចាំបាច់​សម្រាប់ការអភិវឌ្ឍនៃឆ្អឹង​ឲ្យលូតលាស់ជាអតិបរមា​ ។ របាយការណ៍ដដែលបានបង្ហាញថា​​នៅពេលកុមារភាពទទួលបានសារធាតុ​បំប៉នកាល់ស្យូម ការហាត់ប្រាណ​គ្រប់គ្រាន់ និងវីតាមីនដេ គឺជាការចាំបាច់សម្រាប់ការឆ្លើយទៅនឹងការលូតលាស់ជាអតិបរមា។ កំឡុងពេលកុមារភាព និងវ័យជំទង់​ពួកគេអាចចាប់ផ្តើមជីវិតវ័យជំទង់របស់ពួកគេបានជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ ។

លោកវេជ្ជបណ្ឌិត ​ផៃ ណារិទ្ធិ ​សាស្រ្តាចារ្យឯកទេស​រោគកុមារនៃមន្ទីរពេទ្យកុមារជាតិ ​បកស្រាយពីអត្ថប្រយោជន៍​​នៃកាល់ស្យូម​ក្នុងកម្មវិធី​ «ម្តាយរបស់ខ្ញុំ ​កូនរបស់ខ្ញុំ»លើកទី២ ​កាលពីថ្ងែទី២៦មិថុនានៅមជ្ឈមណ្ឌល​កម្សាន្ត​​កុមារ Kids City ​រាជធានីភ្នំពេញ ថា «ពលរដ្ឋកម្ពុជាមួយចំនួន​មានការយល់ដឹង ​និងមានការយកចិត្តទុកដាក់តិចតួច​ចំពោះផលប្រយោជន៍នៃជីវជាតិ​កាល់ស្យូម​សម្រាប់កូនរបស់ពួកគាត់​ ។ កាល់ស្យូមគឺជាសារធាតុរ៉ែដែលសំខាន់​សម្រាប់ការកសាងឆ្អឹង​ និង ធ្មេញឲ្យរឹង​មាំអំឡុងពេលកុមារ​ភាពនិងវ័យជំទង់ ​កាល់ស្យូមមានតួនាទីធ្វើឲ្យបេះដូង​កន្រ្ដាក់បានល្អ ។ ​លោកវេជ្ជបណ្ឌិតបន្តថា ​កុមាវ័យក្មេងនិងទារក ​ដែលមិន​បាន​ទទួលជាតិកាល់ស្យូម ​និងវីតាមីនដេគ្រប់គ្រាន់ ​អាចមានការកើនឡើងហានិភ័យខ្ពស់​ចំពោះជំងឺក្រិន ​។ជំងឺក្រិនស្តែងឡើង​ដោយមានភាពមិនប្រក្រតី​នៃការរីកលូតលាស់ឆ្អឹង​ ហើយមានរោគសញ្ញាមួយចំនួនដូចជា​ ឆ្អឹងទន់ហើយខ្សោយ​ ខូចទ្រង់ទ្រាយ​ឆ្អឹង​ ​(ក្បាលជង្គង់ងាកចូលគ្នា ឬជើងកោង) ​ការលូតលាស់យឺត ​ហើយពេលខ្លះមានការឈឺសាច់ដុំ និង​សាច់ដុំខ្សោយ»។

ចំណែកលោកស្រីវេជ្ជបណ្ឌិត​ លឹម សុជាតិ ​អ្នកឯកទេសខាងអាហារូបត្ថម្ភបានពន្យល់ថា ​ដើម្បីការលូតលាស់ឆ្អឹង​ដ៏រឹងមាំមាតាបិតា​អាចផ្តល់អាហារបំប៉ន​សារធាតុកាល់ស្យូមដល់កុមារ​ ឬ ​ឲ្យពួកគេបរិភោគអាហារ​ដែលសម្បូរដោយកាល់ស្យូម​ព្រមទាំងវីតាមីន​ដេ​ដូចជា​៖ទឹកសណ្តែក ​គ្រាប់កៅឡាក់ ​នំប៉័ង ត្រីសាល់មុន ​និង ​បន្លែពណ៌បៃតងចាស់ ​។ល។

អ្នកស្រី ម៉ីញ ​នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា​បានឲ្យដឹងក្នុងកម្មវិធីនេះថា​ កម្មវិធី”ម្តាយរបស់ខ្ញុំ ​កូនរបស់ខ្ញុំ” លើកទី២​នេះឡើង ​គឺដើម្បីចែករំលែកចំណេះដឹង​ដល់មាតាបិតាអំពីសារៈសំខាន់នៃ​ជីវជាតិកាល់ស្យូម ​ចំពោះការលូតលាស់​របស់បុត្រធីតា​ពួកគាត់និងដឹងអំពីវិធីសាស្រ្តក្នុងការ​ជ្រើសរើសអាហារូ​​បត្ថម្ភ ​និងសារធាតុបំប៉ន​​ដែលត្រឹមត្រូវ។”

អ្នកម្តាយមួយរូប ​ដែលមានកូនប្រុស១នាក់អាយុ១០ខែបានមកចូលរួម​ក្នុងកម្មវិធីបានលើកឡើងថា៖​ “នេះជា លើកទីមួយហើយ  ដែលខ្ញុំបានមកចូលរួមកម្មវិធី​អប់រំអំពីចំណេះដឹងសុខភាព ​ជាពិសេសបានដឹងអំពីសារៈសំខាន់​នៃការផ្តល់សារធាតុកាល់​ស្យូម​ដល់​កូនៗ ។​ នាងបន្តថា ​ពីមុនខ្ញុំមិនសូវបានដឹងអំពីគុណប្រយោជន៍​ជាច្រើននៃសារធាតុកាល់ស្យូមនោះទេ។​ ពីថ្ងៃនេះទៅ​ខ្ញុំនឹងផ្តល់​ជាតិកាល់ស្យូមដល់កូនប្រុសខ្ញុំ​ជាប្រចាំឲ្យបានគ្រប់គ្រាន់​ដើម្បីឲ្យលូតលាស់ឆ្អឹងបានល្អ។”

យោងតាមស្ថិតិឆ្នាំ២០១៣​របស់អង្គការ ​​United NationsChildren’s Fund បានឲ្យដឹងថា​ ក្នុងចំណោមកុមារ៤នាក់​​នៅក្នុង​ពិភពលោក​ ​​មានម្នាក់លូតលាស់មិនប្រក្រតី​ ។ លើសពីនេះ ​ផ្អែកលើទិន្នន័យរបស់ការអង្កេតផ្នែកសុខភាព​ និងប្រជាសាស្ត្រ​កម្ពុជា​(CDHS)ឆ្នាំ២០១៤​ បានឲ្យដឹងថា៣២%នៃ​កុមារកម្ពុជា ​ដែលមានអាយុក្រោម៥ឆ្នាំ ​មានបញ្ហាកម្ពស់​មិនស្របនឹងវ័យ (ក្រិន)​៕