បើមានអាការៈហើមភ្នែក គួរធ្វើយ៉ាងណា?

ភ្នែកជាភាវៈមួយដ៏សំខាន់ប្រចាំជីវិតមនុស្ស។ ប្រសិនបើភ្នែកមានបញ្ហានោះនឹងធ្វើឱ្យជីវិតយើងជួបនូវកម្មអកុសលជាក់ជាមិនខាន។ ធ្លាប់ទេពេលភ្ញាក់ពីគេង មានអារម្មណ៍ថាភ្នែកហើមឡើង ដោយសារការចូលគេងយប់ជ្រៅពេក ឬយំច្រើនពេកជាដើម ដែលជាហេតុនាំឱ្យភ្នែកហើមពោរ។

បើសិនអ្នកមានអាការៈដូចនេះមែន សូមកុំបារម្មណ៍ ថ្ងៃនេះគេហទំព័រ Khmerload សូមលើកយកអំពីវិធីបំបាត់ភ្នែកហើម និងថែរក្សាភ្នែកឱ្យបានល្អជូនប្រិយមិត្តបានជ្រាប៖

ទី១៖ វិធីព្យាបាលជាយ៉ាងឆាប់រហ័ស៖

• ពិសាទឹកឱ្យបានច្រើនជាងធម្មតា៖ ការខ្វះជាតិទឹកបណ្តាលមកពីការយំច្រើនមុនពេលគេង ធ្វើឱ្យសារជាតិប្រៃដែលនៅក្នុងទឹកភ្នែក កកស្ទះនៅរង្វង់ភ្នែកបាន ដូច្នេះអ្នកផឹកទឹកឱ្យបានច្រើន ដើម្បីបញ្ចុះអាការៈហើមនេះ។ ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន និងភេសជ្ជៈមានជាតិអាល់កុល។

• ម៉ាស្សាភ្នែកដោយប្រើរបស់ត្រជាក់ៗ៖ ត្រសក់អាចបញ្ចប់បញ្ហាភ្នែកហើមនេះបានយ៉ាងល្អប្រសើរ និងឆាប់រហ័សជាងគេ។ អ្នកគ្រាន់តែយកត្រសក់ទៅក្លាស្សេឱ្យត្រជាក់ ហើយយកវាមកស្អំនៅលើភ្នែកប្រមាណ១៥នាទី។ ឬបើគ្មានត្រសក់អ្នកអាចប្រើកូនថង់តូចមួយ (យកវាមកច្រកទឹក) ឬក្រណាត់ស្អាត ហើយដាក់ត្រាំវាក្នុងទឹកកកឱ្យវាត្រជាក់សិន សឹមយកមកដាក់នៅលើភ្នែកថ្នមៗ ១៥នាទីជាការស្រេច។ វិធីដ៏ងាយជាងនេះទៀតនោះ គឺអ្នកក៏អាចប្រើស្លាបព្រាដែកបានដែរ ដោយយកវាទៅក្លាស្សេទុកក្នុងទូទឹកកក ហើយចាំយកវាមកដាក់នៅលើភ្នែក១៥នាទីដូចគ្នា វត្ថុទាំង៣នេះនឹងជួយកំចាត់ភ្នែកហើមអ្នកបាន។

• លាបសារធាតុថែបំប៉នភ្នែក៖ អ្នកអាចរកទិញក្រែម ឬជេលបម្រុងកែវភ្នែកយកមកលាបបាន ដើម្បីជួយបន្ថយអាការៈហើម។ វិធីប្រើគឺត្រូវច្របាច់ក្រែម ឬជេល ដាក់នៅលើសំឡី ហើយជូតថ្នមៗ និងផ្អាប់វាទុកនៅលើភ្នែក ប្រហែលជា១០នាទីចាំដកចេញ ហើយលាងសម្អាតទឹកស្អាតធម្មតា។ បញ្ជាក់៖ អ្នកក៏អាចយកផ្លែស្តរប៊ឺរីមកបិទបានដែរ ព្រោះវាជួយបន្តឹងស្បែកភ្នែកបានល្អ។

• ដំឡូងបារាំង៖ មិនធ្លាប់ដឹងមែនទេថា ដំឡូងបារាំងក៏អាចជួយបំបាត់ហើមបានយ៉ាងល្អដែរ។ យកវាមកបកសំបកចេញឱ្យស្អាត ហើយហាន់ជាបន្ទះស្តើងៗ ឬបុកវាឱ្យម៉ត់​បិទលើភ្នែកប្រហែលជា ១០ទៅ១៥នាទី ទើបលាងទឹកចេញ នោះដំឡូងបារាំងនឹងជួយឱ្យភ្នែកអ្នកត្រជាក់ និងបញ្ចុះអាការៈហើម។

• ហាត់ប្រាណ៖ វាជួយឱ្យប្រព័ន្ធឈាម រត់ក្នុងរាងកាយដំណើរការបានល្អ សព្វគ្រប់ទីកន្លែង បើមានពេលទំនេរ អ្នកគួរដើរលេងលំហែរ  ឬចេញទៅរត់ហាត់ប្រាណនៅខាងក្រៅ ឬហាត់យោហ្គាក៏ល្អម្យ៉ាងដែរ។

ទី២៖ វិធីព្យាបាលដោយប្រើរយៈពេលយូរ៖

• គេងឱ្យបានគ្រប់គ្រាន់៖ បើអ្នកជាមនុស្សដែលខ្ជិលបំផុត មិនអាចធ្វើរឿងងាយៗខាងលើបាននោះទេ  អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់  ​ យ៉ាងហោចណាស់ ៧-៨ម៉ោងក្នុងមួយយប់ នោះភ្នែកអ្នកនឹងមិនហើមទេ។

• ដាក់ក្បាលឱ្យខ្ពស់ជានិច្ច៖ មានន័យថាពេលដែលរៀបចូលគេង អ្នកត្រូវដាក់ខ្នើយកល់ក្បាលឱ្យបានត្រឹមត្រូវល្អជាមុនសិន។ អ្នកមិនគួរគេងផ្កាប់មុខទេ ព្រោះវាបណ្តាលឱ្យមានទឹកដក់នៅក្នុងភ្នែក ដែលបង្កឱ្យភ្នែកឡើងហើមបាន។

• ថែរក្សាផ្ទៃមុខជានិច្ច៖ រង្វង់កែវភ្នែកដ៏ស្រស់ស្អាត មិនមែនជាការថែទាំតែភ្នែកមួយមុខនោះទេ។  ជួនកាលការប្រើគ្រឿងសម្អាង ក៏អាចប៉ះពាល់ដល់ភ្នែកបានដែរ។ ដឹងទេថា ស្បែកនៅជុំវិញភ្នែកស្តើងណាស់  ដូច្នេះអ្នកគួរកុំប្រើហ្វូមលាងមុខដែលមានសារធាតុកាត់  ឬកុំជូតគ្រឿងសម្អាតចេញពីភ្នែកដោយដៃទទេរ  តែគួរប្រើទឹកថ្នាំលាងចេញវិញ។

• ការពារភ្នែកកុំឱ្យកើតអាឡែកស៊ី៖ អ្នកអាចសុំការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីប្រើនូវផលិតផលជួយការពារភ្នែក កុំឱ្យកើតរោគអាឡែកស៊ី។ សូមកុំព្យាយាមទិញថ្នាំលេប ដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់។  ហើយត្រូវប្រាកដថានៅផ្ទះអ្នកគ្មានរោមសត្វផ្សេងៗ ឬធូលីដីកង្វក់នៅជាមួយទេ។  អ្នកគួរផ្លាស់ប្តូរតម្រងនៅក្នុងប្រព័ន្ធខ្យល់ម៉ាស៊ីនត្រជាក់ឱ្យបាន ញឹកញាប់ដែរដើម្បីរក្សាអនាម័យ។

• ញ៉ាំអាហារបំប៉នសុខភាព៖ មិនគួរទទួលទានអាហារដែលមានអំបិលច្រើនពេកទេ ដូចជា នំប៉័ង  អាហារកំប៉ុង  អាហារចៀន ឬឧស្សាហ៍ចេញទៅញ៉ាំអាហារនៅក្រៅផ្ទះ ជាដើម។

ពិនិត្យមើលថាការហើមភ្នែកអាចមកពីមានជំងឺផ្សេងឬទេ៖ ពេលខ្លះអាការៈហើមនេះ​គឺវាអាចបណ្តាលមកពី៖ មានផ្ទៃពោះ  ប្រែប្រួលអ័រម៉ូន  អាឡែកស៊ីស្បែក  ឆ្លងមេរោគ ញៀនថ្នាំ  ជាដើម។

ទី៣៖ វិធីព្យាបាលជាអចិន្រ្តៃយ៍៖

• ព្រមទទួលស្គាល់ខ្លួនឯង៖ បើអ្នកបានទៅប្រឹក្សាជាមួយវេជ្ជបណ្ឌិតហើយ អ្នកគួរបន្ថយការតុបតែងខ្លួនខ្លះ (មិនផាត់មុខបិទបាំងស្នាមជ្រួញនៅជុំវិញភ្នែកជារៀលរាល់ថ្ងៃ) បណ្តោយឱ្យរង្វង់មុខនៅជាមួយភាពធម្មជាតិខ្លះ។ សូមកុំខ្មាសអៀននឹងវ័យរបស់អ្នកអី មនុស្សយើងមិនអាចស្រស់ស្អាតរហូតដល់ចាស់បានឡើយ។

• ទទួលការវះកាត់៖  វិធីចុងក្រោយ ឬជម្រើសចុងក្រោយ សម្រាប់ដោះស្រាយបញ្ហាភ្នែកហើម។ ការវះកាត់ប្តូរត្របកភ្នែកនេះ អាចឱ្យភ្នែកអ្នកលែងហើមជារៀងរហូត តែវាត្រូវចំណាយប្រាក់ច្រើន និងការថែទាំយ៉ាងដិតដល់ណាស់ ទើបភ្នែកទទួលបានសុខភាពល្អ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានអាការៈហើមភ្នែក  គួរធ្វើយ៉ាងណា?