វិភាគ ៖ តើ​ក្រុង​ព្យុ​ង​យ៉ាង​នឹង​ធ្វើ​អ្វី​ទៀត​ក្រោយ​ការ​បាញ់​មី​ស៊ី​ល​រយៈ​មធ្យម?

យោង​តាម YONHAP ថា ក្រោយ​ការ​បាញ់​មី​ស៊ី​ល​រយៈ​មធ្យម និង​រយៈ​ឆ្ងាយ​កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​មកនេះ និង​ការ​ប្រកាស​ពី​ជោគជ័យ សម្រាប់​ការ​បាញ់​សាក​មី​ស៊ី​ល​ទី​២ តើ​របប​កូរ៉េ​ខាងជើង​នឹង​ធ្វើ​អ្វី​ទៀត? អ្នក​ជំនាញការ​មួយ​ចំនួន​ព្យាករណ៍​ថា កូរ៉េ​ខាងជើង​អាច​ធ្វើការ​សាកល្បង​បំផ្ទុះ​គ្រាប់​នុយក្លេអ៊ែរ ។

ការ​យល់​ឃើញ​បែប​នេះ​ផ្អែក​លើ​បទបញ្ជា​មួយ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ដែល​ធ្វើ​កាលពី​ខែមីនា កន្លង​ទៅ ដោយ​ស្នើ​ឱ្យ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បន្ទាប់​មក​ធ្វើការ​សាកល្បង​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ត្រូវ​បាន​ធ្វើ​កាលពី​៤​ថ្ងៃមុន ។

ក្រោយ​ការ​ប្រកាស​ពី​ជោគជ័យ​នៃ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម និង​រយៈ​ឆ្ងាយ​ហៅ​មី​ស៊ី​ល HWANSONG-10 មានការ​យល់​ឃើញ​២​សម្រាប់​បន្ត​ការ​បង្កហេតុ​ខាង​យោធា​របស់​របប​កូរ៉េ​ខាងជើង ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ ឬ​ដើម្បី​ផ្តោត​លើ​សេដ្ឋកិច្ច​ដោយ​ធ្វើការ​បង្រួបបង្រួម​ផ្ទៃក្នុង ។

លោក CHANG YONG SEOK អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​សន្តិភាព និង​ការ​បង្រួបបង្រួម​នៃ​សាកលវិទ្យាល័យ​ជាតិ​ក្រុង​សេ​អ៊ូ​ល​ធ្វើការ​កត់​សម្គាល់ថា សភាពការណ៍​បច្ចុប្បន្ន​បង្ហាញ​ពី​ឆន្ទៈ​របស់​កូរ៉េ​ខាងជើង​ធ្វើការ​ជម្នះ​ដោយ​សុខចិត្ត​ប្រឈម​មុខ​ដោយ​ផ្ទាល់​ចំពោះ​ការ​គាបសង្កត់ និង​ទណ្ឌកម្ម​អន្តរជាតិ ដោយ​ពុំ​ខ្វល់​ពី​ការ​ចរចា ។

លោក CHANG បន្ត​ថា កូរ៉េ​ខាងជើង​ប៉ុនប៉ង​បង្អួត​ប្រទេស​ឯទៀត​ៗ ដែល​ពុំ​ព្រម​បោះបង់​ចោល​នុយក្លេអ៊ែរ​ដែរ ដូច្នេះ​មាន​លទ្ធភាព​ខ្ពស់​ដែល​កូរ៉េ​ខាងជើង​អាច​ធ្វើការ​សាកល្បង​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ បន្ទាប់​មក​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ICBM ដូច្នេះ​សេណា​រ៉ូ​យ៉ូ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​នៅ​តែ​មាន ។

ផ្ទុយ​ពី​ការ​វិភាគ​នេះ លោក KIM DONG YUP សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​សិក្សា​ពី​មជ្ឈិម​បូព៌​៌ា​នៃ​សាកលវិទ្យាល័យ KYUNGNAM គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង កាលពី​គ្រា​កន្លង​ទៅ សុខចិត្ត​លេប​ក្រួស លេប​ថ្ម ដោយ​ពុំ​បង្ហូរទឹកភ្នែក​ពិតប្រាកដ​ឡើយ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​នេះ​មាន​ទឹកភ្នែក​ពិតប្រាកដ បើ​ខ្ញុំ​ធ្វើការ​ប្រៀបធៀប​គ្នា ។ ដូច្នេះ​មាន​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​ប៉ុនប៉ង​ធ្វើការ​ចរចា​ផ្អាក​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​សហរដ្ឋ​អា​េ​ម​រិ​ក ឬ​ពី​ការ​លុប​ចោល​ទណ្ឌកម្មសេដ្ឋកិច្ច សហរដ្ឋអាមេរិក​ក្នុង​លក្ខខណ្ឌ​ដែល​ខ្លួន​សុខចិត្ត​ប្រកាស​ពន្យារពេល​ស្តី​ពី​នុយក្លេអ៊ែរ ។

លោក KIM DONG YUP បន្ត​ថា ខ្ញុំ​ជឿជាក់​ថា​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្រៅផ្លូវការ​រវាង​កូរ៉េ​ខាងជើង និង​សហរដ្ឋ​អា​េ​ម​រិ​ក ដែល​កើត​មាន​ដោយសារ​សភាពការណ៍​បច្ចុប្បន្ន ក៏​ប៉ុន្តែ​សេណា​រី​យ៉ូ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ នៅ​តែ​ជា​សេណា​រី​យ៉ូ​មួយ​សម្រាប់​កូរ៉េ​ខាងជើង ៕