អាជ្ញាធរ​ជាតិ​អប្សរា ត្រូវការ​បង្កើត​នូវ​ផែនទី​ហានិភ័យ តំបន់​អង្គរ ដើម្បី​កាន់តែ​ងាយស្រួល​គ្រប់គ្រង​

អាជ្ញាធរ​ជាតិ​អប្សរា ត្រូវការ​បង្កើត​នូវ​ផែនទី​ហានិភ័យ តំបន់​អង្គរ ដើម្បី​កាន់តែ​ងាយស្រួល​គ្រប់គ្រង​



សៀមរាប ៖ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន អះអាង​​ នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៦ របស់​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​អន្តរជាតិ​របស់​លោក​ថា តំបន់​រមណីយ​ដ្ឋាន​បេតិកភណ្ឌ​អង្គរ​ចាំបាច់​ត្រូវការ ផែនទី​ហានិភ័យ និង​ផែនទី​អាទិភាព ដើម្បី​បង្ក​ភាពងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​បន្ថែម​ទៀត។

លោក ហង្ស ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ទឹក បាន​លើក​ឡើង​ថា ការងារ​គ្រប់គ្រង​និង​អភិរក្ស​ប្រាសាទ​នៅក្នុង​តំបន់​អង្គរ អាចមាន​ប្រសិទ្ធភាព​បាន​គឺ​អាស្រ័យ​ដោយសារ​មាន​ប្រភព​ទឹក​ក្រោម​ដី សម្រាប់​ការ​រស់រានមានជីវិត របស់​ប្រាសាទ ទៅ​ថ្ងៃ​អនាគត ក៏ដូចជា ក្នុង​ពេល​បច្ចុប្បន្ន។

លោក បន្ត​ថា ដើម្បី​ឲ្យ​ប្រាសាទ​នៅ​ស្ថិតស្ថេរ​គង់វង្ស  អាជ្ញាធរ​ជាតិ​អប្សរា​រួមជាមួយ​អ្នក​ជំនាញ​បច្ចេកទេស​ជាតិ និង​អន្តរជាតិ បាន​ស្រាវជ្រាវ​សិក្សា​អំពី​ប្រភព​ទឹក ប្រព័ន្ធ​ធារាសាស្ដ្រ​បូរាណ​ឡើង​វិញ ព្រោះថា ប្រព័ន្ធ​ធារាសាស្ដ្រ​នា សម័យ​អង្គរ ជា​ប្រព័ន្ធ​មួយ​ដែលមាន​លក្ខណៈ​ទំនើប​បំផុត ហើយ​ភាព​បាត់បង់​នៃ​ប្រព័ន្ធ​នេះ កន្លងមក​បាន​ធ្វើ​ក្រុង​សៀមរាប បាន​ជួបប្រទះ នូវ​ការ លិចលង់ ដោយសារ​ទឹកជំនន់​ច្រើន​លើក​។

លោក ហង្ស ពៅ មានប្រសាសន៍​ទៀត​ថា ក្រុមការងារ​បច្ចេកទេស មិនអាច​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​ឡើងវិញ​ទាំងអស់​បាន​នោះ​ទេ ដូចនេះ ដើម្បី​គ្រប់​គ្រប់​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា​ចាំបាច់​ត្រូវការ​បង្កើត​ផែនទី​ហានិភ័យ និង​ផែនទី​អាទិភាព​មួយ ដោយ​ធ្វើការ​គ្រង​គ្រង​ទិន្នន័យ​តាម​ប្រព័ន្ធ GSS ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​តំបន់​អង្គរ​ទាំងមូល​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត។

ការ​អះអាង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ធ្វើឡើង​ខណៈ​ដែល គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ អង្គរ​ហៅ កាត់​ថា ICC អង្គរ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៦៕