១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត

នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​គន្លឹះ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​បុគ្គល​ឆ្នើម ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក Sim Rithy គ្រូ​បណ្ដុះ​បណ្ដាល និង​ជា​បុគ្គលជោគជ័យ​ម្នាក់​ក្នុង​ផ្នែក​ជំនួញ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស បាន​ចែក​រំលែក​វិធីសាស្ត្រ ១០ ជំហាន​ដើម្បី​ជីវិត​ជោគជ័យ៖

 

១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត

លោក Sim Rithy

 

១. ទទួលខុសត្រូវ ១០០% លើ​ជីវិត​របស់​អ្នក​៖ មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក និង​មិន​ត្រូវ​បន្ទោស​អ្នក​ដទៃ​នោះ​ទេ។ អ្នក​ក៏​មិន​ត្រូវ​បោះបង់​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នោះ​ដែរ​ ទោះ​បី​លំបាក​យ៉ាង​ណា​ក៏​ដោយ។

 

២. សាង​ទំនុកចិត្ត និង​ជម្នះ​ឧបសគ្គ៖ ពេល​អ្នក​ធ្វើ​អ្វី​មួយ​បរាជ័យ អ្នក​តែង​បាក់​ទឹកចិត្ត​លែង​ចង់​ធ្វើ។ នេះ​ជា​ជំងឺ​ខ្វះ​ទឹក​ចិត្ត។ អ្នក​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ហើយ​ត្រូវ​ចាំ​ថា​គ្មាន​នរណា​នៅ​ចាំ​លើក​ទឹក​ចិត្ត​អ្នក​រាល់​ថ្ងៃ​ទេ។ ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជា​អ្វី​ដែល​អ្នក​ត្រូវ​សាង​ឡើង​ដើម្បី​ជំរុញ​ខ្លួន​ឯង​ជម្នះ​ឧបសគ្គ។

 

៣. មានគំនិត គោលដៅ និង​ទស្សនវិស័យ៖ តើ​អ្នក​ចង់​ក្លាយ​ជា​អ្វី​ក្នុង​ពេល​អនាគត? ឧទាហរណ៍ តើ​អ្នក​ចង់​សម្រេច​បាន​អ្វី​នៅ​អំឡុង​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត?

 

៤. កំណត់​គោលដៅ​ឲ្យ​ច្បាស់ ថ្ងៃ​ណា? ខែ​ណា? ឆ្នាំ​ណា? ម៉ោង​ប៉ុន្មាន?៖ វា​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុង​អំឡុង​ពេល​មួយ​ច្បាស់​លាស់។

 

៥. សរសេរ​ទិសដៅ​របស់​អ្នក​ចេញ​មក​ក្រៅ៖ បិទ​វា​នៅ​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​រាល់​ថ្ងៃ ដូចជា​ជិត​គ្រែ​គេង​ជាដើម។ ធ្វើ​បែប​នេះ អ្នក​អាច​ឃើញ​គោលដៅ​ដែល​អ្នក​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​រំលឹក​ខ្លួន​ឯង។

 

៦. បង្កើត​ផែនការ​សកម្មភាព៖ ឧទាហរណ៍ ត្រូវ​ធ្វើ​ផែនការ​ថា​ក្នុង​មួយ​ថ្ងៃ​អ្នក​ត្រូវ​លក់​ផលិតផល​បាន​ប៉ុន្មាន ឬ​លក់​ឲ្យ​អតិថិជន​បាន​ប៉ុន្មាន​នាក់?

 

៧. គ្រប់​សកម្មភាព​ទាំងអស់​ត្រូវ​សម្រេច​ឲ្យ​បាន៖ មាន​ចំណុច​ខ្វះ​ខាត​កន្លែង​ណា​ត្រូវ​ដើរ​សួរ​គេ ដើម្បី​ដោះ​ស្រាយ​ឲ្យ​បាន។ ឧទាហរណ៍ បើ​អ្នក​ចង់​បាន​អាហារូបករណ៍ អ្នក​ត្រូវ​សួរ​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​បន្ថែម​ពី​លើ​ការ​ស្វែង​រក​ដោយ​ខ្លួន​ឯង។

 

៨. ទទួល​ការ​រិះគន់​ដើម្បី​ស្ថាបនា៖ វា​អាច​កែប្រែ​នូវ​កំហុស​ខុស​ឆ្គង​ព្រោះ​អ្នក​ទាំង​នោះ​ជា​កញ្ចក់​ឆ្លុះ​ពី​កំហុស​អ្នក។

 

៩. មិន​ត្រូវ​បោះបង់​ចោល៖ ផល​លំបាក​តែង​កើត​ឡើង តែ​មិន​ត្រូវ​បោះបង់​គោលដៅ​អ្នក​ទេ ​ព្រោះ​ជីវិត​តែង​ជួប​បញ្ហា។

 

១០. ពេល​ជោគជ័យ​ត្រូវ​ចេះ​អបអរ៖ ផ្តល់​រង្វាន់​ដល់​ក្រុម​របស់​អ្នក ដូចជា ជប់លៀង​ជាដើម ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​ទឹក​ចិត្ត​។ ត្រូវ​ចាំ​ថា​ជោគជ័យ​មិនមែន​កើត​ឡើង​ដោយ​អ្នក​តែ​ឯង​ទេ គឺ​ត្រូវ​មាន​ការ​ចូលរួម​ជា​ក្រុម៕

 

១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត

 

១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត

 

អត្ថបទ៖ ឆៃ យ៉ារិទ្ធ