និស្សិត​​​សាកល​​​​​​វិទ្យាល័យ​​​ត្រូវ​​​ចោទ​​​ពី​​​​​​បទ​​​សម្លាប់​​​​​​មន្ត្រី​​​រដ្ឋាភិបាល​​​

និស្សិតសាកលវិទ្យាល័យម្នាក់ វ័យ២១ឆ្នាំត្រូវបានតុលាការចោទប្រកាន់ពីបទសម្លាប់មន្ត្រីក្រសួងការពារជាតិមួយរូបដោយចាក់នឹងកាំបិតនៅកណ្តាលថ្ងៃចែសពីមុខសាក្សីបីបួននាក់កាលពីសប្តាហ៍មុន។ លី ដាវី វ័យ៣៦ឆ្នាំ ជាវរសេនីយត្រីនៃនាយកដ្ឋានយោធសេវាក្រសួងការពារជាតិបានកំពុងដើរនៅក្បែរផ្សារដេប៉ូក្នុងខណ្ឌទួលគោកកាលពីព្រឹកថ្ងៃអង្គារ ស្រាប់តែមានបុរសម្នាក់ពាក់មួកការពារសុវត្ថិភាពម្នាក់ចាក់នាងត្រូវចំទ្រូងនឹងកាំបិតចិតបន្ថែ ហើយក៏បើកម៉ូតូចេញទៅ។ យោងតាមនគរបាល ម៉ី គឹមហេង ជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកជិតខាងរបស់ជនរងគ្រោះ ត្រូវបាននគរបាលចាប់ខ្លួននៅយប់បន្ទាប់មក ហើយក៏សារភាពថាបានចាក់ ដោយអះអាងថាសងសឹកដោយសារតែគេស្តោះទឹកមាត់ដាក់ខ្លួនច្រើនឆ្នាំមកហើយ។ លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ និយាយកាលពីថ្ងៃអាទិត្យថា “គាត់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ហើយបញ្ជូនទៅពន្ធនាគារកាលពីម្សិលមិញ”។ កាលពីថ្ងៃព្រហស្បត្តិ៍ លោក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និយាយថា លោក គឹមហេង បានប្រាប់អាជ្ញាធរថា ខ្លួនបានសម្រេចចិត្តសម្លាប់ លី ដាវី ពីព្រោះនាងបានស្តោះទឹកមាត់ពីមុខខ្លួនជាងពីរឆ្នាំមកហើយ។ លោក សោភា បាននិយាយថា អាជ្ញាធរមិនបានសួរយុវជនរូបនេះ ថាតើគាត់បានដឹងថា ហេតុអ្វីក៏នាងបានធ្វើបែបនោះទេ។ កាលពីថ្ងៃអាទិត្យ ម្តាយមីងរបស់ លី ដាវី អ្នកស្រី លី ស៊ីឡែនបាននិយាយថា តាមក្មួយស្រីគាត់ លោក គឹមហេងតែងតែស្តោះទឹកមាត់បញ្ឈឺនាង។ អ្នកស្រីបាននិយាយថា “ខ្ញុំមិនដឹងអំពីហេតុអ្វីទេ ប៉ុន្តែក្មួយខ្ញុំធ្លាប់ប្រាប់ខ្ញុំថា កូនប្រុសរបស់មន្ត្រីប៉ូលិសគឺឈ្លើយណាស់។ ពេលណានាងមកដល់ផ្ទះ វាស្តោះទឹកមាត់ អ៊ីចឹងនាងក៏ប្រដៅវាថា “ស្តោះទឹកមាត់អ៊ីចឹងមិនសមរម្យទេ ចុះម៉េចមិនស្តោះចំមុខផ្ទះឯងទៅ?” អ្នកស្រីនិយាយថា “ពេលនាងប្រាប់វាឲ្យឈប់ធ្វើអ៊ីចឹង ក្មេងនេះនៅតែផ្គើន ហើយនាងក៏ឈប់ស្តីរកក្មេងនោះ”។ កាលពីថ្ងៃព្រហស្បត្តិ៍ អ្នកស្រី ស៊ីឡែន បាននិយាយថា អ្នកស្រីមិនបានដឹងថាក្មួយស្រីរបស់អ្នកស្រីមានជម្លោះអ្្វីនឹងលោក គឹមហេងទេ ហើយថា ទំនាក់ទំនងគ្រួសារទាំងពីររាក់ទាក់គ្នាណាស់។ កាលពីសប្តាហ៍មុន សាច់ញាតិរបស់លោក គឹមហេង ចាត់ទុកយុវជនរូបនេះថា ជាក្មេងមានចរិតល្អ ហើយនិយាយថា ពួកគេមិនជឿថាគាត់បានប្រព្រឹត្តមនុស្សឃាតទេ៕     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post និស្សិត​​​សាកល​​​​​​វិទ្យាល័យ​​​ត្រូវ​​​ចោទ​​​ពី​​​​​​បទ​​​សម្លាប់​​​​​​មន្ត្រី​​​រដ្ឋាភិបាល​​​ appeared first on The Cambodia Daily.