អាង​អី ! ធ្វើ​ស្រេច​ចិត្ត គ្មាន​ខ្លាច​អាជ្ញាធរ​បន្តិច​សោះ

ខេត្តក្រចេះ ៖ ប្រជា​ពលរដ្ឋ​ចំនួន​ជាង​២០០​គ្រួសារ រស់នៅ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ថា​អាច​នឹង​បាត់បង់​ទីទួល​សុវត្ថិភាព​ខាង​ក្រោយ​ភូមិ​សម្រាប់​ជម្លៀស​សត្វពាហនៈ និង មនុស្ស​ក្នុង​រដូវ​ទឹកជំនន់​ឆ្នាំ​នេះ ខណៈ​ដី​ទីទួល​សុវត្ថិភាព​មាន​ទំហំ​ជិត​២០​ហិ​កតា កំពុង​តែ​រង​នូវ​ការ​រំលោភ​យក​ពី​មនុស្ស​មាន​អំណាច និង​មាន​ឥទ្ធិពល​មួយ​ចំនួន ។

ពលរដ្ឋ​រស់នៅ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ បាន​លើក​ឡើង​ថា មនុស្ស​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​រំលោភ​យក​ដី​ទីទួល​សុវត្ថិភាព​របស់​អ្នក​ភូមិ​ដោយ​បាន​មក​ធ្វើការ​កាប់​ទន្ទ្រាន ឈូស​ឆាយ ដាំ​ដំណាំ​កសិកម្ម យក​ជា​កម្មសិទ្ធិ​បុគ្គល​លើ​ផ្ទៃដី​ទំហំ​ជាង​១០​ហិ​កតា ។ ការ​ចូល​មក​ឈូស​ឆាយដី​ទីទួល​សុវត្ថិភាព​នៅ​ខាងក្រោយ​ភូមិ​ពី​សំណាក់​ជន​មួយ​ចំនួន​នេះ​គឺ​បាន​ធ្វើ​ឡើង​យ៉ាង​គំហុក​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​អាជ្ញាធរ​ភូមិ​-​ឃុំ​ចុះ​ទៅ​ហាមឃាត់​បែប​ណា ក៏​ជន​ទាំងនោះ​នៅ​តែ​មិន​ព្រម​បញ្ឈប់​ពី​សកម្មភាព​ឈូស​ឆាយ​នោះ​ដែរ ។

ដី​ទីទួល​សុវត្ថិភាព​ដែល​ពលរដ្ឋ​មានការ​បារម្ភ​ថា អាច​នឹង​បាត់បង់​នេះ​មាន​ទំហំ​ជិត​២០​ហិ​កតា ។ កន្លង​មក​ទីទួល​សុវត្ថិភាព​នេះ​មាន​ពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​ព្រែក​ព្រលូង និង ភូមិ​ព្រែក​រការ ប្រមាណ​ជាង​២០០​គ្រួសារ បាន​យក​មក​ធ្វើ​ជា​តំបន់​ទីទួល​សុវត្ថិភាព​របស់​ពួក​គាត់​ក្នុង​រដូវ​ទឹកជំនន់ ដូច​ជា​ការ​ជម្លៀស​សត្វ និង​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន ។

ពលរដ្ឋ​ដែល​មានការ​បារម្ភ បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​មិថុនា​នេះ​ថា កន្លង​មក​ក្រោយ​ពី​មានការ​មក​ឈូស​ឆាយ​រំលោភ​យក ពួក​គាត់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ហាមឃាត់ តែបើ​ទោះបីជា​មានការ​ចុះ​ទៅ​ហាមឃាត់​ក៏​ជន​ទាំងនោះ​មិន​ព្រម​បញ្ឈប់​ដែរ ។ ពួក​គាត់​អះអាង​ថា ពួក​គាត់​នឹង​បន្ត​ប្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ឲ្យ​ជួយ​ទប់ស្កាត់ ។

លោក សំរឹទ្ធ អឿ​ន មេឃុំ​សោ​ប បាន​ទទួលស្គាល់​ថា ពិតជា​មានការ​រំលោភ​យក​ដី​ទីទួល​សុវត្ថិភាព​នៅ​ខាងក្រោយ​ភូមិ ហើយ​ក្នុង​នាម​អាជ្ញាធរ​ឃុំ រូប​លោក​ធ្លាប់​បាន​ហៅ​ពលរដ្ឋ​ឲ្យ​មក​ជួបជុំ​នៅ​ទីទួល​សុវត្ថិភាព ដើម្បី​ហាមឃាត់​ការ​ឈូស​ឆាយ​ជា​ច្រើន​លើក​ច្រើន​សារ តែ​យ៉ាងណា​ក៏​ក្រុម​ជន​ទាំងនោះ​នៅ​តែ​មិន​ព្រម​បញ្ឈប់ ។ លោក​អះអាង​ថា នឹង​ជួយ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក​-​ខេត្ត ដើម្បី​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​នេះ ។

មានការ​កត់សម្គាល់​ឃើញ​ថា ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រប​ពល​ដែល​ស្ថានភាព​ដី​កសិកម្ម​កំពុង​តែ​មាន​ទីផ្សារ គេ​មើលឃើញ​ថា ការ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​នៅ​ព្រៃ​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ​ពី​ជន​មាន​ឥ​ទ្ឋិ​ពល និង​មាន​អំណាច កំពុង​តែ​កើត​មាន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ ស្រប​ពេល​ដែល​ការ​កាប់​ទន្ទ្រាន​របស់​ជន​ទុច្ចរិត​បាន​ធ្វើ​ឡើង​យ៉ាង​គំហុក​នេះ អាជ្ញាធរ​ស្រុក ខេត្ត​ក៏​ហាក់ដូចជា​នៅ​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ដើម្បី​ទប់ស្កាត់​នៅឡើយ​ដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាង​អី ! ធ្វើ​ស្រេច​ចិត្ត គ្មាន​ខ្លាច​អាជ្ញាធរ​បន្តិច​សោះ

អាង​អី ! ធ្វើ​ស្រេច​ចិត្ត គ្មាន​ខ្លាច​អាជ្ញាធរ​បន្តិច​សោះ

អាង​អី ! ធ្វើ​ស្រេច​ចិត្ត គ្មាន​ខ្លាច​អាជ្ញាធរ​បន្តិច​សោះ