ភ្លៀង​​លាយ​ខ្យល់​​មុននេះ គឺដល់​.ក​ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៧ មិថុនា នេះ ភ្លៀង​និង​ខ្យល់​យ៉ាង​ខ្លាំង បាន​វាយប្រហារ​ក្នុង​រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​រលំ​ដើមឈើ​, រលំ​ផ្ទាំង​ប៉ាណូ​សង្កត់​ម៉ូតូ និង​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់ ក្នុងនោះ​មាន​សង្កាត់​វត្ត​ភ្នំ, សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ​ហើយ​ត្រូវ​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​​ហៅ​រថយន្ត​សា​មុ​យ​បញ្ជូន​អ្នក​របួស​​​ទៅ​កាន់​​មន្ទីរ​ពេទ្យ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​ឱ្យ​​ដឹង​ថា នៅ​ក្នុង​ហេតុ​ការណ៍​​ភ្លៀង​មួយ​មេ​លាយ​ឡំ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​​​នេះ គឺ​បណ្តាល​ឱ្យ​​ដើម​ស្វាយ​មួយ​ដើម​ ក្បែរ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ ​​ក្នុង​សង្កាត់​វត្ត​ភ្នំ​ដួល​រលំ​, ដើម​លឿង​រាជ​មួយ​នៅ​កែង​វិ​ថី​ស៊ូ​ស្រ៊ុ​ន ​និង​វិ​ថី​សុរា​ម្រិ​ត ​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​​ដួល​រលំ​, ​ផ្ទាំង​បដា​រូប​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​ នៅ​សួនច្បារ​មុខ​សណ្ឋាគារ​ហា​វ៉ា​រី វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ ក្នុង​សង្កាត់​ចតុមុខ ​រលំ​ដួល​ជាមួយ​គ្នា​នោះ​ដែរ ​និង​ផ្ទាំង​ប៉ា​ណូ​មួយ​បាន​ដួល​រលំ​សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង ​​បុរស​២​នាក់​រង​របួស​​ ។