កាត់​ទោស​ស្ត្រី​២​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ចេញពី​ក្នុង​គុក ​នូវ​ការ​ទិញ​លក់​គ្រឿងញៀន

កាត់​ទោស​ស្ត្រី​២​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ចេញពី​ក្នុង​គុក ​នូវ​ការ​ទិញ​លក់​គ្រឿងញៀន



ភ្នំពេញ ​៖ ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦ បាន​បើកសវនាការ​កាត់ទោស​ស្ត្រី​២​នាក់ ដែល​មាន​ទំនាក់ទំនង​ទិញ​លក់​គ្រឿងញៀន​តាម​ការ​បញ្ជា​តាម​ទូរស័ព្ទ​ចេញពី​ក្នុង​ពន្ធនាគារ។

ជនជាប់ចោទ​ឈ្មោះ គុយ ស្រី​ល័​ក្ខ អាយុ ៣២​ឆ្នាំ ឈ្មោះ​ប៊ុន ស្រីអូន អាយុ ១៨​ឆ្នាំ និង​ជនជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ ប៉ុន សំនៀង ភេទ​ប្រុស កំពុង​រត់គេច​ខ្លួន។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុង​ខណ្ឌ​ចំការមន ក្រុងភ្នំពេញ។

ដើមចម ​ដែល​មាន​អំពើ​ល្មើស​កើតឡើង សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ គុយ ស្រី​ល័ក្ខ ពី​ការ​ជួញដូរ​គ្រឿង​ញៀន ហើយ​តុលាការ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ។ ក្នុង​ពេល​ជាប់​ពន្ធនាគារ​ព្រៃស​បាន​២​ខែ​ស្រាប់តែ​មាន​គេ​រត់ការ​ឲ្យ​ឈ្មោះ គុយ ស្រី​ល័​ក្ខ​ ប្ដូរ​មក​ពន្ធនាគារ​PJ ភ្នំពេញ​វិញ។

ក្រោយពេល​ប្ដូរមក​គុក​PJ ឈ្មោះ​ប៉ុន សំនៀង និង​សង្សារ​ឈ្មោះ ប៊ុន ស្រីអូន បាន​ទៅ​សួរសុខទុក្ខ​ឈ្មោះ គុយ ស្រី​ល័​ក្ខ​នៅ​ក្នុង​គុក ហើយ​ឈ្មោះ គុ​ហ ស្រី​ល័​ក្ខ បាន​ឲ្យ​ ប៉ុន សំនៀង​ទាក់ទង​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដើម្បី​ទទួលយក​គ្រឿងញៀន។ បន្ទាប់​មក​ទៀត​កងកម្លាំង​សមត្ថកិច្ច​បង្កប់​ទាក់ទង​ឈ្មោះ ប៉ុន សំនៀង​ដើម្បី​ទិញ​គ្រឿងញៀន។ ពេលនោះ​ឈ្មោះ ប៉ុន សំនៀង បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ឈ្មោះ គុយ ស្រី​ល័ក្ខ​នៅ​ពន្ធនាគារ​ជាមុន ទើប​អាច​ទិញ​លក់​បាន ហើយ​ពួកគេ​ក៏បាន​ណាត់​ជួប​គ្នា​នៅ​ជិត​ច្រមុះ​ជ្រូក​ក្បាលថ្នល់​ ដើម្បី​ពិនិត្យ​លុយ និង​ទំនិញ ហើយ​ឈ្មោះ ប៉ុន សំនៀង​ក៏បាន​នាំ​អ្នកទិញ​ទៅ​ឲ្យ​ស្គាល់​ផ្ទះ​ទៀត ប៉ុន្តែ​អ្នកទិញ​មិន​ព្រម​ទិញ​លក់​នៅផ្ទះ​របស់​ឈ្មោះ​ប៉ុន សំនៀង ដោយ​ឲ្យ​មក​ជួប​គ្នា​នៅ​ក្បែរ​ភ្លើងស្តុប​ផ្លូវ​បំបែកលេខ ២៧១​និង​៣៧១​វិញ។ បន្ទាប់មក​ឈ្មោះ​ប៉ុន សំនៀង បាន​ឲ្យ​សង្សារ​របស់​គេ​ឈ្មោះ ប៊ុន ស្រីអូន​ យក​គ្រឿងញៀន​មក​ឲ្យ​សមត្ថកិច្ច​បង្កប់​នោះ​ក៏​ត្រូវ​ចាប់ខ្លួន​ក្នុងពេលនោះ​តែម្ដង។

នៅ​ក្នុង​សវនាការ ឈ្មោះ ប៊ុន ស្រីអូន បាន​សារភាព​ថា ​ពិតជា​បាន​ទៅ​ជួប​ឈ្មោះ ​គុយ ស្រី​ល័​ក្ខ ​នៅ​ពន្ធនាគារ​២​ដង​ជា​មួយ​នឹង​ឈ្មោះ​ប៉ុន សំនៀង។ ចំណែក​ឈ្មោះ គុយ ស្រី​ល័​ក្ខ មិន​សារភាព​កំហុស​ទេ ថែមទាំង​បាន​បដិសេធ​មិន​ស្គាល់​ឈ្មោះ ប៉ុន សំនៀង និង ប៊ុន ស្រីអូន​ទៀត​ផង។

ទោះបីជា​យ៉ាងណា តំណាង​អយ្យការ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រក្សា​បទ​ចោទ​លើ​ជនជាប់ចោទ​ដដែល ហើយ ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​បាន​សម្រេច​ និង​ធ្វើការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ ២០១៦ ខាងមុខ៕
កាត់​ទោស​ស្ត្រី​២​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ចេញពី​ក្នុង​គុក ​នូវ​ការ​ទិញ​លក់​គ្រឿងញៀន