ភ្លៀង​ខ្លាំង​ថ្ងៃ​នេះ ដោយសារ​រង​វិសម្ពាធ​ទាប​ពី​សមុទ្រ​វៀតណាម

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ តំណក់​ទឹក​ភ្លៀង​បាន​ធ្លាក់​ចុះ​ស្រោច​ស្រព​ទូទាំង​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេង​ៗ​ទៀត​លាយ​ឡំ​ជា​មួយ​ខ្យល់​កន្ត្រាក់​ខ្លាំងៗ បណ្ដាល​ឲ្យ​រលំ​ដើម​ឈើ និង​ដួល​ផ្ទាំង​ប៉ាណូ​មួយ​ចំនួន។ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ភ្លៀង​ធ្លាក់​លាយ​ខ្យល់​ខ្លាំង​នៅ​ថ្ងៃ​នេះ បណ្ដាល​មក​ពី​កម្ពុជា​រង​​វិសម្ពាធ​ទាប​នៅ​សមុទ្រ​វៀតណាម។

 

ភ្លៀង​ខ្លាំង​ថ្ងៃ​នេះ ដោយសារ​រង​វិសម្ពាធ​ទាប​ពី​សមុទ្រ​វៀតណាម

 

លោក អ៊ុំ រីណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធាន​ទឹក​ បាន​ប្រាប់ Sabay នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កម្ពុជា​កំពុង​រង​វិសម្ពាធ​ទាប​ពី​សមុទ្រ​វៀតណាម ទើប​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បែប​នេះ ហើយ​ស្ថានភាព​ខាង​លើ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី៣ ខែ​កក្កដា។

 

“តាម​ពិត​ទៅ យើង Predict (ព្យាករ) ដំបូង​ថា វា​អាច​ក្លាយ​ជា​កូន​ព្យុះ TD តែ​ឥឡូវ​វា​វិល​វល់​នៅ​សមុទ្រ​វៀតណាម​ហ្នឹង ហើយ​ថយ​ឥទ្ធិពល​ត្រឹម​វិសម្ពាធ​ទាប តែ​ក៏​ធ្វើ​ឲ្យ​ខាង​យើង​ធ្លាក់​ភ្លៀង​ខ្លាំង​ដែរ… យើង​កំពុង​តាម​ដាន​បន្ត​ទៀត ថា​វា​យ៉ាង​ណា”។ លោក រីណា បញ្ជាក់។

 

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ថែម​មួយ​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ទី២៧ នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន លាយ​ឡំ​ជាមួយ​ខ្យល់​បោក​បក់​ខ្លាំង ​ទាំង​នៅ​តំបន់​មាត់​សមុទ្រ និង​តំបន់​វាល​ទំនាប។ ចំណែក​ឯ​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​ខ្ពង់រាប ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ។

 

ដោយសារ​ស្ថានភាព​មិន​អំណោយ​ផល​បែប​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ភ្លៀង​លាយ​ឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់។ ចំពោះ​អ្នក​ចេញ​នេសាទ​តាម​សមុទ្រ និង​អ្នក​ទេសចរ​តាម​កោះ គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ជា​យថា​ហេតុ៕

 

ភ្លៀង​ខ្លាំង​ថ្ងៃ​នេះ ដោយសារ​រង​វិសម្ពាធ​ទាប​ពី​សមុទ្រ​វៀតណាម

 

អត្ថបទ៖ គង់ វិសាល ​​