កម្មករ​សង់​សាលា​ដែល​ជា​គម្រោង​របស់ ADB នៅ​ខេត្ត​សៀមរាប​មិន​ទាន់​បើក​ប្រាក់​ឈ្នួល

ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) បាន​ផ្ដល់​គម្រោង​ជំនួយ​សាងសង់​សាលា​មត្តេយ្យ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ក្រឡាញ់ ១​ខ្នង និង​នៅ​ក្នុង​អនុវិទ្យាល័យ​ឃុំ​កំពង់ថ្កូវ ១​ខ្នង​ទៀត។ ការ​សាងសង់​អគារ​ដែល​មាន​ទទឹង ៩​ម៉ែត្រ និង​បណ្ដោយ ៤០​ម៉ែត្រ ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ រហូត​មក​ដល់​ចុង​ខែ​មិថុនា នេះ គឺ​សំណង់​បាន​ឈាន​ទៅ​ជិត​រួច​រាល់ ក៏ប៉ុន្តែ​កម្មករ​សំណង់​ប្រមាណ ២០​នាក់​ដែល​ទៅ​ធ្វើ​ការងារ​នោះ ត្រូវ​អ្នក​ម៉ៅការ​មិន​ទាន់​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ​នៅ​ឡើយ​ទេ​រយៈពេល ៤​ខែ​ទៅ​ហើយ។

តើ​បញ្ហា​មិន​បើក​ប្រាក់​ឈ្នួល​ការងារ​ឲ្យ​កម្មករ​ទាំង​នោះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី?

ក្រុម​កម្មករ​សំណង់​ដែល​កំពុង​សាងសង់​សាលា​មត្តេយ្យ​ចំនួន ២​ខ្នង​នៅ​ស្រុក​ក្រឡាញ់ ចម្ងាយ ៧០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជួយ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​បញ្ហា​ដែល​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ មិន​បាន​បើក​ប្រាក់​ថ្លៃ​ឈ្នួល​ឲ្យ​កម្មករ​ជាច្រើន​ខែ​មក​ហើយ​នោះ។

ក្រុម​កម្មករ​ស្រី​ប្រុស​ប្រមាណ ២០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​អគារ​សាលា​មត្តេយ្យ​ក្នុង​សាលា​បឋម​សិក្សា​ក្រឡាញ់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កន្លង​ទៅ ដើម្បី​ទាមទារ​ឲ្យ​អ្នក​ម៉ៅការ​បើក​ប្រាក់​ឈ្នួល​ថ្លៃ​ការងារ​ឲ្យ​ពួក​គេ​ឲ្យ​ឆាប់​រហ័ស ពីព្រោះ​សំណង់​បាន​ជិត​រួច​រាល់​ទៅ​ហើយ។

បុរស​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជាច្រើន​ទៀត​ដែល​សាងសង់​សាលា​មត្តេយ្យ​នៅ​ក្នុង​បរិវេណ​នៃ​អនុវិទ្យាល័យ​កំពង់ថ្កូវ គឺ​លោក ចាន់ សាវឿន។ លោក​មាន​ប្រសាសន៍​ថា រូប​លោក​ជា​កសិករ​ដែល​ធ្វើ​ស្រែ​ចម្ការ ក៏ប៉ុន្តែ​បច្ចុប្បន្ន ដោយសារ​តែ​ដី​ស្រែ​ចម្ការ​មាន​ទំហំ​តូច ហើយ​បាន​ផល​តិចតួច​ហូប​មិន​គ្រប់គ្រាន់ ក៏​សម្រេច​ចិត្ត​ចាក​ចោល​ផ្ទះ​មក​ធ្វើ​ការងារ​សំណង់។ បុរស​ដដែល​បញ្ជាក់​ថា គាត់​បាន​ទៅ​ធ្វើ​កម្មករ​សង់​សាលា​មត្តេយ្យ​ក្នុង​អនុវិទ្យាល័យ​កំពង់ថ្កូវ តាំង​តែ​ពី​អំឡុង​ខែ​កុម្ភៈ មក​ម្ល៉េះ ដោយ​បាន​ទទួល​ប្រាក់​ឈ្នួល​ជាង ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ក៏ប៉ុន្តែ​រយៈពេល ៤​ខែ​ហើយ រូប​លោក​នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​ឈ្នួល​នៅ​ឡើយ​ទេ៖ «ក្រុមហ៊ុន​និយាយ​ថា បើ​សិន​ខ្ញុំ​ជួយ​ធ្វើ​ដល់​រួច​រាល់ គឺ​គេ​មិន​ជំពាក់ ១​រៀល​ទេ។ ឥឡូវ​ពេល​នេះ ខ្ញុំ​ធ្វើ​រួច​ហើយ ឯ​លុយ​ដូច​មិន​ឃើញ​បាន​សោះ»

កម្មករ​ចំណាស់​ម្នាក់​ទៀត លោក អ៊ុំ ផាប មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា បច្ចុប្បន្ន​ជីវភាព​គ្រួសារ​របស់​គាត់​មិន​ធូរធារ​ទេ គឺ​បាន​ខ្ចី​បុល​ធនាគារ​អស់​ជាច្រើន។ គាត់​សង្ឃឹម​តែ​លើ​ប្រាក់​ឈ្នួល​ថ្លៃ​ការងារ​ដែល​សាងសង់​សាលា​មត្តេយ្យ​នេះ គ្រាន់​អាច​បន្ធូរ​បន្ទុក​គ្រួសារ។ លោក អ៊ុំ ផាប អំពាវនាវ​ឲ្យ​ម្ចាស់​គម្រោង ជួយ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន​ដែល​ម៉ៅការ​សាងសង់ មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នេះ៖ «ខ្ញុំ​តស៊ូ​ឡើង​ចប់​ចុង​ចប់​ដើម​ឡើង​កើត​សាលា​ទៅ​ហើយ តាំង​ពី​ខែ​កុម្ភៈ មក មិន​ទាន់​បាន​បើក​ប្រាក់​ឈ្នួល​ពលកម្ម​ទេ​រហូត​មក​ដល់​ពេល​នេះ»

កម្មករ​ជាច្រើន​ដែល​នៅ​មិន​ទាន់​បាន​បើក​ប្រាក់​ឈ្នួល​ពលកម្ម បាន​នាំ​គ្នា​ដាក់​បន្ទុក​ធ្ងន់​ទៅ​លើ​មេ​ជាង​ម្នាក់​ដែល​បាន​ចុះ​កិច្ចសន្យា​រយៈពេល​ខ្លី​ជាមួយ​នឹង​អ្នក​ម៉ៅការ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ការ​រក​ប្រាក់​មក​បើក​ឲ្យ​ពួក​គេ។

មេ​ជាង​សាងសង់​សាលា​មត្តេយ្យ​កំពង់ថ្កូវ លោក មៀន ឡាញ់ មាន​ប្រសាសន៍​ថា ដល់​ពេល​ដែល​អ្នក​ម៉ៅការ​មិន​ព្រម​បើក​លុយ​ឲ្យ​រូប​លោក​ដូច្នេះ លោក​ក៏​ពិបាក​ចិត្ត​ដែរ ពីព្រោះ​កម្មករ​បាន​សង្កត់​រូប​លោក​ឲ្យ​រក​ប្រាក់​មក​បើក​ឲ្យ​ពួក​គេ​ទាល់​តែ​បាន។ មេ​ជាង​ដដែល​បញ្ជាក់​ថា លោក​ក៏​ជា​អ្នក​រងគ្រោះ​ដូច​កម្មករ​ដែរ ពីព្រោះ​លោក​បាន​ចុះ​កិច្ចសន្យា​ធ្វើ​ការងារ​សាងសង់​ជាមួយ​អ្នក​ម៉ៅការ​ក្នុង​តម្លៃ ២​ពាន់​ដុល្លារ​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ដោយ​កិច្ចសន្យា​នោះ​ថា​នឹង​ប្រគល់​លុយ​ឲ្យ​តាម​ដំណាក់​កាល ហើយ​ចប់​សព្វគ្រប់​នៅ​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មិថុនា ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ វា​បាន​លើស​កិច្ចសន្យា​រយៈពេល ១០​ថ្ងៃ​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​បើក​លុយ​ឲ្យ​ទៀត៖ «ដល់​ពេល​អត់​លុយ​ចេះ ខ្ញុំ​ពិបាក​ដែរ ពីព្រោះ​កូន​ចៅ​គេ​សង្កត់​ក​ខ្ញុំ គឺ​គេ​ដឹង​តែ​យក​លុយ​ពី​ខ្ញុំ​ឲ្យ​បាន»

ទាំង​មេ​ជាង ទាំង​កម្មករ​សំណង់ នៅ​ពេល​ដែល​ពួក​គេ​អស់​ជម្រើស ព្រម​ទាំង​មិន​មាន​លុយ​ទិញ​ស្បៀង​អាហារ​ផង ក៏​បង្ខំ​ចិត្ត​លើក​គ្នា​ទៅ​ជួប​អ្នក​ម៉ៅការ​ឈ្មោះ ជាង ពៅ នៅ​ឯ​ការដ្ឋាន​ក្នុង​សាលា​បឋម​សិក្សា​ក្រឡាញ់។ នៅ​ទីនោះ អ្នក​ម៉ៅការ​ឈ្មោះ ជាង ពៅ មិន​បាន​រិះរក​មធ្យោបាយ​ណា​ដើម្បី​ជួយ​ដល់​កម្មករ​ទេ គឺ​បាន​កាន់​កិច្ចសន្យា​មក​បង្ហាញ ព្រម​ទាំង​ប្រកែក​ថា គឺ​រាល់​ការ​បើក​លុយ​ត្រូវ​ធ្វើ​ទៅ​តាម​កិច្ចសន្យា៖ «ធ្វើ​ម៉េច​ឥឡូវ ៣​ថ្ងៃ​ទៀត​បិទ​ឲ្យ​ហើយ ការ៉ូ បើ​បិទ​ហើយ​គេ​មិន​ឲ្យ​លុយ ក៏​ខ្ញុំ​ខ្លាំង​ជាង​ហ្នឹង ១០​ដង​ទៀត»

នៅ​ក្នុង​វិសោធនកម្ម​កិច្ចសន្យា​រវាង​អ្នក​ម៉ៅការ​ឈ្មោះ ជាង ពៅ ជាមួយ​មេ​ជាង​ឈ្មោះ មៀន ឡាញ់ គឺ​បាន​សន្យា​បង់​ប្រាក់ ៤​ដំណាក់​កាល ដោយ​ជំរុញ​ឲ្យ​ជាង​ធ្វើ​ឲ្យ​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មិថុនា ក៏ប៉ុន្តែ​ដំណើរ​ការ​សាងសង់​នោះ​មិន​បាន​ចប់​សព្វគ្រប់​ទៅ​តាម​កិច្ចសន្យា​ទេ ពីព្រោះ​ភាគី​អ្នក​ម៉ៅការ​មិន​បាន​ផ្ដល់​សម្ភារៈ​ទាន់​ពេលវេលា។ ភាគី​អ្នក​ម៉ៅការ​មាន​បំណង​ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​កម្មករ ថា​មិន​បាន​គោរព​តាម​កិច្ចសន្យា ហើយ​ព្យាយាម​គេចកែ​ចំពោះ​ការ​បើក​ប្រាក់​ឈ្នួល​ទាំង​នោះ​ទៅ​ឲ្យ​កម្មករ។

ពេញ​មួយ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ក្រុម​កម្មករ​បាន​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ប៉ូលិស និង​អាជ្ញាធរ​ស្រុក​ក្រឡាញ់ ឲ្យ​ជួយ​ដោះស្រាយ​រឿង​ដែល​អ្នក​ម៉ៅការ​មិន​បើក​លុយ​ឲ្យ​ពួក​គេ​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​ព្រងើយ​កន្តើយ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ ១​រូប​ដែល​ចុះ​ទៅ​ជួយ​សម្របសម្រួល​បញ្ហា​នេះ លោក ស៊ឹម សោភ័ណ មើល​ឃើញ​ថា ភាគី​អ្នក​ម៉ៅការ​បាន​រំលោភ​បំពាន​លើ​កម្មករ​តាម​រយៈ​ធ្វើ​កិច្ចសន្យា​នោះ៖ «មិន​ព្រម​បើក​ថ្លៃ​ពលកម្ម​ឲ្យ​ពួក​គាត់​ត្រង់​នេះ​ឯង ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ពលករ​ខ្មែរ​ចេះ​តែ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ឯ​ក្រៅ​ប្រទេស»

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប ដែល​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ការដ្ឋាន លោក សួស ណារិន ក៏​យល់​ឃើញ​ថា អ្នក​ម៉ៅការ​អាច​ឆ្លៀត​កេង​យក​ចំណេញ​លើ​កម្មករ​តាម​រយៈ​កិច្ចសន្យា​ដែរ ដែល​បច្ចុប្បន្ន អ្នក​ម៉ៅការ​ជាច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្រើន​តែ​ប្រើ​ល្បិច​តាម​រូបភាព​ដូច​គ្នា​នេះ។ លោក សួស ណារិន អំពាវនាវ​ដល់​រដ្ឋាភិបាល ឬ​ក៏​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជាដើម គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នៅ​ពេល​ដែល​ចុះ​កិច្ចសន្យា​គម្រោង​អ្វី​ទៅ​ឲ្យ​ក្រុមហ៊ុន គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​ក្រុមហ៊ុន​ណា​មួយ​ដែល​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​មាន​បំណង​ជួយ​លើក​ស្ទួយ​ការងារ​ដល់​កម្មករ ចាំ​ចុះ​កិច្ចសន្យា​ជាមួយ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច​ទៅ​លើ​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។