សហជីព​សេរី​កម្មករ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី

ភ្នំពេញៈ សហជីពសេរីកម្មករនៃព្រះរាជណាចក្រកម្ពុជាកាលពីម្សិលមិញបានបោះឆ្នោតជ្រើសតាំងអ្នកស្រី ទូច សើ ឲ្យធ្វើជាប្រធានថ្មីបន្ទាប់ពីលោក ជាមុនី បានបញ្ចប់អាណត្តិតែលោកថានៅតែចូលរួមទាមទារយុត្តិធម៌ដល់ជនរងគ្រោះខណៈប្រធានថ្មីប្ដេជ្ញាបន្ដការពារប្រយោជន៍កម្មករចំពោះការរំលោភបំពាននានា។

ការសម្រេចបោះឆ្នោតជ្រើសរើសប្រធានថ្មីនេះបានធ្វើឡើងតាមរយៈអង្គសមាជលើកទី ៧ របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលមានថ្នាក់ដឹកនាំមកពីសហជីពតាមបណ្តារោងចក្រចំនួន ៥៦៧ នាក់ក្នុងចំណោម ១១៤ រោងចក្រ (ក្នុង ១ រោងចក្រចំនួន ៥ នាក់ដើម្បីចូលរួម)។

ជាលទ្ធផលអ្នកស្រី ទូច សើ ជាប់ជាប្រធានថ្មីខណៈលោក ជា មុនី នឹងក្លាយជាសមាជិកគណៈកម្មាធិការនាយកនៃសហជីពមួយនេះ។

អ្នកស្រី ទូច សើ បានថ្លែងនៅមុខសហជីព និងតំណាងកម្មករថាអ្នកស្រីអរគុណដល់សមាជិក និងកម្មករដែលផ្ដល់ការទុកចិត្តលើអ្នកស្រីហើយបានប្ដេជ្ញាចិត្តថានឹងដឹកនាំសហជីពមួយនេះឲ្យកាន់តែរីកចម្រើនថែមទៀតក៏ដូចជាបន្តជួយដល់ក្រុមកម្មករក្នុងការទាមទារលក្ខខណ្ឌការងារ។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំនឹងបន្តការងារដឹកនាំសហជីពក្នុងការទាមទារដំឡើងប្រាក់ឈ្នួលជាមួយកម្មករ ការពារប្រយោជន៍កម្មករដែលថៅកែរំលោភបំពានការងារជាដើម»។

ចំណែកលោក ជា មុនី បានបានថ្លែងថាលោកនៅតែបន្តស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះលោក ជា វិជ្ជា ជាបងប្រុសរបស់លោកដែលត្រូវបានគេបាញ់សម្លាប់។

លោកបានបញ្ជាក់ថា៖ «ខ្ញុំបំពេញការងារច្រើនអាណត្តិមកហើយតាំងពីឆ្នាំ ២០០៤ មករយៈច្រើនឆ្នាំមកនេះខ្ញុំសង្កេតឃើញថាស្ថានភាពកម្មករនៅតែមិនទាន់ល្អប្រសើរទេខណៈប្រាក់ឈ្នួលកម្មករឡើងតែទំនិញទីផ្សារក៏ឡើង តម្លៃជួលផ្ទះក៏ឡើងហើយបើទោះបីជាខ្ញុំនៅតែបន្តទាមទារយុត្តិធម៌ឲ្យបងប្រុសព្រោះខ្ញុំប្រើសិទ្ធិជាគ្រួសារជនរងគ្រោះ និងសិទ្ធិពលរដ្ឋ»។

ដោយឡែកចំពោះសម្ព័ន្ធសហជីពកម្មករដើម្បីការងាររបស់អ្នកស្រី រឿន ច័ន្ទថន បានសម្រេចចិត្តបញ្ចូលជាមួយសម្ព័ន្ធសហជីពកម្ពុជា (CATU ) តែមួយផងដែរ។ ការសម្រេចចិត្តនេះក្នុងគោលបំណងដើម្បីពង្រឹងការការពារកម្មករ។

អ្នកស្រី រឿន ច័ន្ទថន បានបញ្ជាក់ថា៖ «យើងរួមគ្នាតែមួយដើម្បីធ្វើការព្រោះគោលការណ៍របស់យើងតែមួយគឺដើម្បីមានកម្លាំងខ្លាំង»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍