បែក​ការណ៍​​ដល់​អ្នក​កាសែត​ មេធំ​បញ្ជា​ឱ្យរំសាយ​

ខេត្តបាត់ដំបង ៖ ប្រជា​​ពលរ​ដ្ឋ​​បាន​​រាយ​ការ​ណ៍​​ថា ទីតាំង​សង្វៀន​បញ្ជល់មាន់​​ដុះ​​ស្លែ​មួយ​​កន្លែងស្រែក​ហ៊ោ​កញ្ជ្រៀវ​​ពេញ​​ភូមិ​ព្រះ​ស្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ តែ​ត្រូវ​បាន​​បែក​ហ្វូង​​ភ្លាម​ៗ ​កាលពី​​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​២៧​ មិថុនា ​បន្ទាប់​ពី​​​លោក​អធិការ​ស្រុក​បញ្ជាឱ្យ​​ផ្អាក​​សកម្មភាព ដោយសារ​បែកធ្លាយ​ដល់​អ្នក​សារ​ព័​ត៌​​មាន​ទូរស័​ព្ទទៅ​​សួរនាំ​​​ពី​​ល្បែង​​បញ្ជល់មាន់​នេះ​ ។

ប្រជា​ពលរ​ដ្ឋបាន​ប្រាប់​​ថា អ្នក​គ្រប់​គ្រង​សង្វៀន​​បញ្ជា​ល់​មាន់​​ពី​មុន​​ឈ្មោះ​ស្នា ជា​មន្ត្រី​នគរបាល​ស្រុក​សង្កែ តែ​ពេល​នេះ​ បាន​ប្ដូរ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​​ហន ដែល​មានផ្ទះ​នៅ​ក្បែរ​នោះ​ ជា​អ្នកគ្រប់គ្រង​វិញ​ ឯ​ខ្លួនឯង​ធ្វើ​ថៅ​ធំ ។

ប្រភព​ដដែល​បន្ត​ថា សង្វៀន​នេះ ​បើក​ដំណើរការ​យូរ​ហើយ​ តែ​គ្មាន​ការ​បង្ក្រាប​ពី​​សមត្ថកិច្ច​ ឬ​អាជ្ញាធរ​​ទេ​ ។ លុះ​នៅ​​រសៀល​ថ្ងៃ​ទី​២៧ ​មិថុនា ​មនុស្ស​ប្រហែល​​ជិត​១០០​​នាក់​ បាន​ទៅ​ជល់​មាន់​​ស្រែក​ហ៊ោ​​យ៉ាង​​កងរំពង ប៉ុន្តែ​ស្រាប់តែ​បែក​ហ្វូង​រត់​ព្រាត​​​ ។ 

បើ​តាម​ព័​ត៌​មាន​ថា លោក​អធិការ​ស្រុក​សង្កែ​​បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​​ផ្អាក​ភ្លាម​ៗ បន្ទាប់​ពី​សកម្មភាព​នេះ​ បាន​បែកធ្លាយ​ដល់​អ្នក​សារ​ព័​ត៌​​មាន ដែល​បាន​​សម្ភាស​ន៍​ ៕