១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត

នៅក្នុងសិក្ខាសាលាស្តីពីគន្លឹះអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាបុគ្គលឆ្នើម ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក Sim Rithy គ្រូបណ្ដុះបណ្ដាល និងជាបុគ្គលជោគជ័យម្នាក់ក្នុងផ្នែកជំនួញទាំងក្នុង និងក្រៅប្រទេស បានចែករំលែកវិធីសាស្ត្រ ១០ ជំហានដើម្បីជីវិតជោគជ័យ៖

១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិតលោក Sim Rithy

១. ទទួលខុសត្រូវ ១០០% លើជីវិតរបស់អ្នក៖ មានទំនួលខុសត្រូវលើការសម្រេចចិត្តរបស់អ្នក និងមិនត្រូវបន្ទោសអ្នកដទៃនោះទេ។ អ្នកក៏មិនត្រូវបោះបង់អ្វីដែលអ្នកចង់ធ្វើនោះដែរ ទោះបីលំបាកយ៉ាងណាក៏ដោយ។

២. សាងទំនុកចិត្ត និងជម្នះឧបសគ្គ៖ ពេលអ្នកធ្វើអ្វីមួយបរាជ័យ អ្នកតែងបាក់ទឹកចិត្តលែងចង់ធ្វើ។ នេះជាជំងឺខ្វះទឹកចិត្ត។ អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង ហើយត្រូវចាំថាគ្មាននរណានៅចាំលើកទឹកចិត្តអ្នករាល់ថ្ងៃទេ។ ការលើកទឹកចិត្តខ្លួនឯងជាអ្វីដែលអ្នកត្រូវសាងឡើងដើម្បីជំរុញខ្លួនឯងជម្នះឧបសគ្គ។

៣. មានគំនិត គោលដៅ និងទស្សនវិស័យ៖ តើអ្នកចង់ក្លាយជាអ្វីក្នុងពេលអនាគត? ឧទាហរណ៍ តើអ្នកចង់សម្រេចបានអ្វីនៅអំឡុងពេល៥ឆ្នាំទៅមុខទៀត?

៤. កំណត់គោលដៅឲ្យច្បាស់ ថ្ងៃណា? ខែណា? ឆ្នាំណា? ម៉ោងប៉ុន្មាន?៖ វានឹងធ្វើឲ្យខួរក្បាលរបស់អ្នកដឹងច្បាស់ពីអ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមួយច្បាស់លាស់។

៥. សរសេរទិសដៅរបស់អ្នកចេញមកក្រៅ៖ បិទវានៅកន្លែងដែលអ្នកអាចមើលឃើញរាល់ថ្ងៃ ដូចជាជិតគ្រែគេងជាដើម។ ធ្វើបែបនេះ អ្នកអាចឃើញគោលដៅដែលអ្នកត្រូវធ្វើរាល់ថ្ងៃដើម្បីរំលឹកខ្លួនឯង។

៦. បង្កើតផែនការសកម្មភាព៖ ឧទាហរណ៍ ត្រូវធ្វើផែនការថាក្នុងមួយថ្ងៃអ្នកត្រូវលក់ផលិតផលបានប៉ុន្មាន ឬលក់ឲ្យអតិថិជនបានប៉ុន្មាននាក់?

៧. គ្រប់សកម្មភាពទាំងអស់ត្រូវសម្រេចឲ្យបាន៖ មានចំណុចខ្វះខាតកន្លែងណាត្រូវដើរសួរគេ ដើម្បីដោះស្រាយឲ្យបាន។ ឧទាហរណ៍ បើអ្នកចង់បានអាហារូបករណ៍ អ្នកត្រូវសួរអ្នកដែលធ្លាប់មានបទពិសោធន៍បន្ថែមពីលើការស្វែងរកដោយខ្លួនឯង។

៨. ទទួលការរិះគន់ដើម្បីស្ថាបនា៖ វាអាចកែប្រែនូវកំហុសខុសឆ្គងព្រោះអ្នកទាំងនោះជាកញ្ចក់ឆ្លុះពីកំហុសអ្នក។

៩. មិនត្រូវបោះបង់ចោល៖ ផលលំបាកតែងកើតឡើង តែមិនត្រូវបោះបង់គោលដៅអ្នកទេ ព្រោះជីវិតតែងជួបបញ្ហា។

១០. ពេលជោគជ័យត្រូវចេះអបអរ៖ ផ្តល់រង្វាន់ដល់ក្រុមរបស់អ្នក ដូចជា ជប់លៀងជាដើម ដែលធ្វើឲ្យអ្នកទាំងនោះមានទឹកចិត្ត។ ត្រូវចាំថាជោគជ័យមិនមែនកើតឡើងដោយអ្នកតែឯងទេ គឺត្រូវមានការចូលរួមជាក្រុម៕

១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត ១០​ ជំហាន​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត

ប្រភព៖ sabay