សកម្មជន​ដីធ្លី​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​រហូត​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស

នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​នេះ ក្រុម​ស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍ អេស.អូ.អេស (SOS) និង​សហគមន៍​អតីត​អ្នក​បឹងកក់ បាន​បន្ត​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដោយ​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ទោះ​បី​ជា​ពួក​គាត់​ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​ការ​គំរាម​កំហែង​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​យ៉ាង​ណា​ក៏ដោយ។

​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី៨ ៨៥៥
សកម្មភាព​របស់​អាជ្ញាធរ ចុះ​រារាំង​សកម្មជន​ដីធ្លី​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Alexander Ledet

តំណាង​សហគមន៍​អតីត​អ្នក​បឹងកក់ កញ្ញា អ៊ីម ស្រីទូច អះអាង​ថា ការ​ជ្រើស​យក​ទីតាំង​នៅ​ក្នុង​បុរី​សន្តិភាព​ពីរ នា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ពន្ធនាគារ​ព្រៃ​ស​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ខុស​នឹង​បម្រាម​របស់​អាជ្ញាធរ មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ផង និង​ចង់​បង្ហាញ​ទី​ដែល​អ្នក​ភ្នំពេញ​មួយ​ចំនួន​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ កំពុង​រស់នៅ​ផង។

កញ្ញា អ៊ីម ស្រីទូច បន្ត​ថា ពួក​គាត់​ប្ដេជ្ញា​បន្ត​ការ​តស៊ូ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​ជាប់​ឃុំ។

នៅ​ថ្ងៃ​ច័ន្ទ នេះ ពុំ​មាន​ការ​ចាប់​ខ្លួន​ក្រុម​ស្ត្រី​ដូច​សប្ដាហ៍​មុនៗ​ទេ ព្រោះ​ក្រោយ​ពេល​ពួក​គាត់​បញ្ចប់​យុទ្ធនាការ​បន្តិច ទើប​កង​កម្លាំង​អាជ្ញាធរ​មក​ដល់ ដោយ​មាន​ការ​និយាយ​លេង​សើច​ឌឺដង​គ្នា​ខ្លះ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។