អ្នក​បើក​តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​គយ​និង​រដ្ឋាករ​ប្រគល់​រថយន្ត​ឲ្យ​ពួក​គាត់​វិញ

ក្រុម​អ្នក​រត់​តាក់ស៊ី​បណ្ដាញ​សន្តិភាព​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា បាន​បើក​រថយន្ត​ជិត ២០​គ្រឿង​តវ៉ា​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ដោះស្រាយ​លក្ខខណ្ឌ​ចំនួន ៣​ចំណុច។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ជិត​មួយ​ខែ ពុំ​ទទួល​បាន​លទ្ធផល។

ក្រុម​អ្នក​រត់​តាក់ស៊ី​ទាមទារ​ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ដោះ​លែង​រថយន្ត​របស់​ពួក​គាត់​ចំនួន ២​គ្រឿង ដែល​មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត ចាប់​កាល​ពី​ខែ​មេសា មួយ​គ្រឿង និង​ខែ​ឧសភា មួយ​គ្រឿង​ឲ្យ​បាន​ឆាប់​រហ័ស។ ពួក​គេ​ទាមទារ​ឲ្យ​មន្ត្រី​គយ បញ្ឈប់​យក​ប្រាក់​ពី​ពួក​គាត់​ដឹក​ទំនិញ​តាម​ដង​ផ្លូវ​ដោយ​ខុស​ច្បាប់ និង​ទី​៣ សុំ​ឲ្យ​មន្ត្រី​គយ បញ្ឈប់​ដេញ​ចាប់​រថយន្ត​របស់​ពួក​គាត់​បន្ត​ទៀត។

តំណាង​អ្នក​រត់​តាក់ស៊ី​បណ្ដាញ​សន្តិភាព​ក្រុង​ប៉ោយប៉ែត លោក គង់ វីសាល ថ្លែង​ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា​ដោយសារ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ មិន​បាន​ដោះស្រាយ​តាម​សំណូមពរ​របស់​ពួក​គាត់​តាម​ការ​ស្នើសុំ​នោះ​ទេ៖ «បាទ! ដូច្នេះ​ពួក​ខ្ញុំ​មាន​តែ​ការ​សម្ដែង​មតិ​តាម​ដង​ផ្លូវ​ទេ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង និង​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​ខិលខូច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ប្រាក់​ពី​ពួក​យើង​ខ្ញុំ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ព្យាយាម​ដោះស្រាយ​ចំពោះ​សំណូមពរ​របស់​ក្រុម​អ្នក​តវ៉ា​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល។ លោក​អះអាង​ថា ដោយសារ​ក្រុម​អ្នក​តវ៉ា​ដឹក​ទំនិញ​ខុស​ច្បាប់ ហើយ​ហួស​អី​អំណាច​របស់​ខេត្ត៖ «ដោះស្រាយ​គេ​ឲ្យ​បង់​ពន្ធ យើង​សុខ​ចិត្ត​ធានា​បង់​ពន្ធ​ជំនួស​ពួក​គាត់​ទៀត ប៉ុន្តែ​ទីបំផុត គាត់​ក្រឡាស់​ថា​អត់​ទទួល​យក​ទេ​រឿង​នេះ។ គាត់​ឲ្យ​ទៅ​ដោះស្រាយ​រឿង​តុលាការ​វិញ បញ្ហា​នេះ​ខ្ញុំ​មិន​អាច​ជួយ​ពួក​គាត់​បាន​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន ដែល​បាន​ឃ្លាំ​មើល​ការ​តវ៉ា​នេះ​លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​គួរ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​បន្ថែម​ទៀត​ជាមួយ​បណ្ដាញ​អ្នក​រត់​តាក់ស៊ី ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​តាម​ដង​ផ្លូវ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខេត្ត​បន្ទាយមានជ័យ៖ «ព្រោះ​តាម​ធម្មតា ខ្ញុំ​គិត​ថា​ពួក​គាត់​ព្យាយាម​អស់​លទ្ធភាព​ហើយ បាន​ជា​ពួក​គាត់​នាំ​ជ្រើស​យក​ការ​ធ្វើ​បាតុកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នោះ»

ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែ​ក្បួន​រថយន្ត​ដល់​ទី​រួម​ខេត្ត​សៀមរាប ហើយ​វិល​ត្រឡប់​មក​ក្រុង​ប៉ោយប៉ែត វិញ​នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា។ បណ្ដាញ​អ្នក​រត់​តាក់ស៊ី​បញ្ជាក់​ថា ពួក​គេ​នឹង​តវ៉ា​សាជាថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦ បើ​សិន​ជា​នៅ​ពុំ​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។