សហភាព​អឺរ៉ុប​បង្ខំ​អង់គ្លេស​ឲ្យ​ឆាប់​ចេញ​ដើម្បី​ព្រមាន​ប្រទេស​ផ្សេងទៀត​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-27-2016, 8:39 pm         529

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សហភាព​អឺរ៉ុប​បង្ខំ​អង់គ្លេស​ឲ្យ​ឆាប់​ចេញ​ដើម្បី​ព្រមាន​ប្រទេស​ផ្សេងទៀត​​សហរដ្ឋអាមេរិក​បារម្ភ​ខ្លាំង​ថា ការចាកចេញ​របស់​អង់គ្លេស នឹង​ប៉ះពាល់​ដល់​ការ​សាមគ្គី​របស់លោក​ខាងលិច ទាំងមូល ហើយ​វា​នឹង​ជំរុញ​ឲ្យ​មានការ​ចាកចេញ​បន្តបន្ទាប់​។ ចំណែក​មេដឹកនាំ​អឺរ៉ុប​បាន​បង្ខំ​ឲ្យ​អង់គ្លេស​ឆាប់​ចាកចេញ ដើម្បី​ចៀសវាង​បញ្ហា​ធំ​កើតឡើង តែ​គេ​ចាត់ទុកថា​វា​ជាការ​ព្រមាន​និង​បន្ទច់បង្អាក់​ប្រទេស​ផ្សេងទៀត​កុំ​ឲ្យ​ធ្វើតាម​ចក្រភព​អង់គ្លេស​ទៀត​។​

​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល  ធ្វើជា​ប្រធាន​នៃ​កិច្ចពិភាក្សា​បន្ទាន់​ថ្ងៃ​ចន្ទ​ទី ២៧​មិថុនា​ផ្តោតលើ​ការចាត់វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ការបោះឆ្នោត​របស់​អង់គ្លេស​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប ។​

 នាយករដ្ឋមន្ត្រី​អ៊ីតាលី មេដឹកនាំ​ស្ថាប័ន​អឺរ៉ុប ប្រធានាធិបតី​បារាំង នឹងមាន​វត្តមាន​ក្នុង​ទីក្រុង​ប៊ែ​កឡាំង​ថ្ងៃ​ចន្ទ​នេះដែរ​។ គេ​ខ្លាច​ថា ទង្វើ​អង់គ្លេស​នឹង​ជះឥទ្ធិពល​អាក្រក់​ពេញ​អឺ​រ៉ុ​ទាំងមូល​ថែមទៀត បើ​គ្មាន​វិធានការ​ទប់ស្កាត់​។ នេះ​ក៏ដោយ​សារ ប្រទេស​មួយចំនួន​រួមទាំង​បារាំង​ក៏មាន​ចលនា​ទាមទារ​រៀបចំ​ប្រជាមតិ​ដូច​អង់គ្លេស​ដែរ​។

​បណ្តេញ​អង់គ្លេស​ដើម្បី​ព្រមាន​ប្រទេស​ផ្សេងទៀត​
​ត្រលប់​មកវិញ បញ្ហា​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​មេ​ដឹក​នា​អឺរ៉ុប​ដេក​មិន​លក់​បក់​មិន​ល្ហើយ គឺ ការបន្ត​ដើរចេញ​របស់​សមាជិក​ខ្លួន​បន្តិច​ម្តងៗ​។ ដូច្នេះ​មេដឹកនាំ​អឺរ៉ុប​ជាពិសេស​បារាំង​និង​អាល្លឺម៉ង់ ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​ឲ្យ​កាន់តែ​ឆាប់​។ វា​មានន័យថា អង់គ្លេស​ចេញ​កាន់តែ​ឆាប់ កាន់តែ​ល្អ​។ កាលពី​ចុង​សប្តាហ៍​មុន ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធានសភា​អឺរ៉ុប និង​ប្រធាន​គណកម្មការ​អឺរ៉ុប​បានទាមទារ​ឲ្យ​អង់គ្លេស​ចាកចេញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ដោយ​អនុវត្តតាម​បទបញ្ញត្តិ​ដែលមាន​កំណត់​ស្តីពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​សមាជិក​។ នោះ​គឺ​អនុវត្តតាម​មាត្រា ៥០​នៃ​សន្ធិសញ្ញា​ទីក្រុង Lisbon ។​

​និយាយ​ទៅ​មេដឹកនាំ​អឺរ៉ុប​មិនមែន​ចិត្តអាក្រក់​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ម៉ឺងម៉ាត់ ដាច់​ណាត់​បន្តិច​។ បើ​បន្ត​ពន្យារពេល​កាន់តែ​យូរ បញ្ហា​នឹង​កើតឡើង​កាន់តែច្រើន ហើយ​អស្ថិរភាព​សេដ្ឋកិច្ច​និង​បញ្ហា​ប្រឈម​ផ្សេងទៀត​នឹង​កើតឡើង​បន្តបន្ទាប់​។​ពាក់ព័ន្ធ​បញ្ហា​នេះ លោកស្រី អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល បាន​ពន្យល់ថា វា​គ្មាន​ហេតុផល​អ្វី​ត្រូវ​កំណាញ់​ឡើយ​ចំពោះ​ការចរចា​ជុំវិញ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​។​

 អាច​ថា​វា​ជា​វិធានការ​តែមួយ​ដែរ ព្រោះ​ការខ្វះ​ភាព​អត់ធ្មត់​របស់​សហភាព​អឺរ៉ុប​នេះ ជា​ឧទាហរណ៍​មួយ​ដែល​អាច​ដាស់​ស្មារតី​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ឲ្យ​ស្វាង​ពី​សុបិន​ចង់​ចាក​ចេញពី​អឺរ៉ុប​។

​ក្រៅពីនេះ ប្រភព​ស្និទ្ធ​ប្រធានាធិបតី​បារាំង​បាន​បង្ហាញថា លោក ហូ​ឡង់ និង​លោកស្រី មឺ​ហ្កែ​ល បាន​សន្ទនា​ជាមួយគ្នា​តាម​ទូរ​សព្ទ​រួចរាល់​ហើយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ហើយ​ពួកគេ​ក៏​ឯកភាពគ្នា​លើ​វិធានការ​គ្រប់គ្រង​ស្ថានការណ៍​និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ក្រោយ​ប្រជាមតិ​អង់គ្លេស​។ អ្នក​ទាំងពីរ​ចង់​ឲ្យ​អង់គ្លេស​បកស្រាយ​ឲ្យ​បាន​ច្បាស់​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ចៀសវាង​មិន​ឲ្យ​ភាពមិនច្បាស់លាស់​កើតឡើង​ក្រោយ​បោះឆ្នោត​ប្រជាមតិ​ហើយ​នោះ​៕

​ឃែ​រី ទៅ​អឺរ៉ុប​ចូលរួម​ការពិភាក្សា​មេដឹកនាំ​អឺរ៉ុប​
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃែ​រី ប្រវេប្រវា​ស្កា​ត់ទៅ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​គេ​ដែរ​។ អាមេរិក​បារម្ភ​ខ្លាំង​នៅពេលដែល​អង់គ្លេស​ត្រៀម​ចាក​ចេញពី​ប្លុក​ប្រទេស ២៨ នេះ​ព្រោះ​តិច​ឬ​ច្រើន​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាមគ្គីភាព​រវាង​លោកខាងលិច ហើយ​វា​ក៏​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​រវាង​អាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មុន​កិច្ចពិភាក្សា​ចាប់ផ្តើម​លោក ច​ន ឃែ​រី បាន​ថ្លែង​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី Paolo Gentiloni ថា​៖« សហភាព​អឺរ៉ុប​រួបរួមគ្នា​និង​ខ្លាំង​ជា​អ្វីដែល​យើង​ចង់បាន​ដើម្បី​ធ្វើជា​ដៃគូ​ដែល​អាចធ្វើ​ការងារ​សំខាន់​រួមគ្នា​ដែល​យើង​កំពុង​ប្រឈម​បច្ចុប្បន្ន​»​។​

​គេ​មិនដឹង​ច្បាស់​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹង​លើកឡើង​បែបណា​ក្នុងជំនួប​ពិភាក្សា ប៉ុន្តែ​ជារួម​អាមេរិក​អាច​ដើរតួ​ជា​អ្នកសម្របសម្រួល​។ កាលពី​ចុង​សប្តាហ៍​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្តែង​ការសោកស្តាយ​ផងដែរ ប៉ុន្តែ​លោក​ប្រកាសថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​គោរព​ឆន្ទៈ​ប្រជាជន​អង់គ្លេស​ទូទៅ​។ លោក​អំពាវនាវ​ឲ្យ​ឲ្យ​មានការ​រក្សា​ចំណង​ទំនាក់ទំនង​និង​សម្ព័ន្ធភាព​រវាង​ចក្រភព​អង់គ្លេស​និង​អាមេរិក​ឲ្យ​គង់វង្ស​រហូត​ទៅ​ដែរ បើទោះជា​អង់គ្លេស​ត្រូវ​ចេញពី​សហភាព​អឺរ៉ុប​ក្តី​៕