បង្ក្រាប​រថយន្ត​ដឹកឈើ ផ្ទុះអាវុធ​ផ្អើល​ក្រុង​ស្ទឹងត្រែង​

6 Videos


សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងករណីដេញចាប់រថយន្តដឹកឈើរបស់មេឈ្មួញដ៏ធំមួយនៅតាមដងផ្លូវជាតិ លេខ ៧ អាស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីរសៀលថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៦ ។

P9

ប្រតិបត្តិការនោះធ្វើឡើងបន្ទាប់ពីមានរថយន្តសាំងយ៉ុងមួយគ្រឿងផ្ទុកឈើប្រណីតប្រភេទធ្នង់ជាច្រើន ម៉ែត្រគូបរបស់ថៅកែវៀតណាមម្នាក់ បានដឹកចេញពីស្រុកសៀមប៉ាងឆ្ពោះមកកាន់ក្រុងស្ទឹងត្រែង ។ ប៉ុន្តែអ្នកស៊ីឈ្នួលដឹកឈើនោះ គឺជាជាតិខ្មែររស់នៅក្បែរប៉ុស្តិ៍នគរបបាលឃុំស្រែសំបូរ ស្រុកសៀមប៉ាង ក្រុងស្ទឹងត្រែង ។ ពេលរថយន្តដឹកឈើនោះមកដល់ក្រុងស្ទឹងត្រែង និង ឆ្លងកាត់ប៉ុស្តិ៍សមត្ថកិច្ចជាច្រើនកន្លែង ទាំងកណ្តាលថ្ងៃ ។ លុះមកដល់ចំណុចព្រៃចាស់ ក្នុងភូមិសាស្ត្រសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក៏ត្រូវមន្ត្រីនៃមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែងដេញស្ទាក់ចាប់ ។

បង្ក្រាប​រថយន្ត​ដឹកឈើ ផ្ទុះអាវុធ​ផ្អើល​ក្រុង​ស្ទឹងត្រែង​

ពេលដែលរថយន្តដឹកឈើនោះ មកដល់ភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ឃើញសកម្មភាពមិនស្រួលក៏បកក្បាលវិលត្រឡប់ក្រោយទៅវិញជាច្រើនគីឡូម៉ែត្រ ។ ប៉ុន្តែមន្ត្រីអធិការកិច្ចខេត្ត និង មន្ត្រីនគរបាលដេញតាមរហូតមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរថយន្តដឹកឈើសាំងយ៉ុងនោះក៏ផ្ទុះកង់ទៅមុខលែងរួច ។ រីឯក្រុមឈ្មួញរកស៊ីឈើបានព្យាយាមយករថយន្តមួយគ្រឿងទៀតមករារាំងសមត្ថកិច្ច និង ជម្លៀសក្រុមរបស់ខ្លួនឱ្យរត់គេចជាមួយរថយន្តមួយគ្រឿងទៀត ។

ម្ចាស់រថយន្តដឹងថា ខ្លួនមិនអាចរត់គេចពីក្រុមសមត្ថកិច្ចតទៅទៀតបាន ក៏បើកទ្វាររត់គេចយកតែប្រាសអាយុបាត់ស្រមោលឈឹងតែម្តង ។ ក្រោយពីមានហេតុការណ៍ផ្ទុះអាវុធកើតឡើងភ្លាមៗ សមត្ថកិច្ចមិនបានបញ្ជាក់ថាមន្ត្រីណាជាអ្នកបាញ់រថយន្តដឹកឈើនោះទេ គេគ្រាន់តែបង្ហើបឱ្យដឹងថា បើមិនផ្ទុះអាវុធក៏មិនអាចចាប់បានរថយន្តដឹកឈើនោះដែរ ។

បង្ក្រាប​រថយន្ត​ដឹកឈើ ផ្ទុះអាវុធ​ផ្អើល​ក្រុង​ស្ទឹងត្រែង​

សមត្ថកិច្ចបាននិយាយបង្ហើបឱ្យដឹងថា ម្ចាស់រថយន្តដឹកឈើដែលរត់គេចខ្លួននោះ ឈ្មោះហេងរស់នៅភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រថយន្ត និង ឈើត្រូវបានសមតកិច្ចដឹកយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់់ ៕

                                                                                      សុថាត់