លោក ពូ​ទីន និង​ស៊ី ជិន​ពីង ព្រួត​គ្នា​រិះគន់​លោកខាងលិច ពេល​ទស្សនកិច្ច​នៅ​ចិន​ និពន្ធដោយ : ថ្មីៗ       June-27-2016, 9:59 pm         67

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ពូ​ទីន និង​ស៊ី ជិន​ពីង ព្រួត​គ្នា​រិះគន់​លោកខាងលិច ពេល​ទស្សនកិច្ច​នៅ​ចិន​​មេដឹកនាំ​ចិន និង​រុស្ស៊ី បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ទ្វេរ​ភាគី​ទៅ​ថ្ងៃមុខ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ស្របពេល​ប្រទេស​ទាំងពីរ​សុទ្ធតែ​ប្រឈមមុខ​ជាមួយ​លោកខាងលិច​ដូចគ្នា​។ មេដឹកនាំ​នៃ​មហាអំណាច​ទាំងពីរ​បាន​រិះគន់​លោកខាងលិច​ឥត​សំចៃ​ដែរ​ជុំវិញ​សកម្មភាព​នានា​ដែល​ធ្វើ​ឲ្យ​ស្ថិរភាព​យុទ្ធសាស្ត្រ​ពិភពលោក​ចុះខ្សោយ​និង​បំពាន​ប្រយោជន៍​ពួកគេ​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​លើក​ទី​៤​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៅកាន់​ប្រទេស​ចិន ចុង​សប្តាហ៍​កន្លងទៅ​កិច្ចព្រមព្រៀង​ច្រើនជាង ៣០ ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ជា​មិត្ត​ទាំងពីរ​។ កិច្ចព្រមព្រៀង​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​សម្ព័ន្ធភាព​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នាពេលខាងមុខ​។​

​ចិន​និង​រុស្ស៊ី​នឹង​នៅ​ជា​មិត្ត​ជា​រៀងរហូត​?
​ទស្សនកិច្ច​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ទៅ​ចិន​នេះដែរ​ធ្វើឡើង​ស្របពេល​ដែល​ចិន​និង​រុស្ស៊ី​រៀបចំ​រំលឹក​ខួប​លើក​ទី​១៥​នៃ​ការបង្កើត​សន្ធិសញ្ញា​មិត្តភាព​រុស្ស៊ី​និង​ចិន​។ ក្នុងជំនួប​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី លោក ស៊ី ជិន​ពីង​បាន​សង្កត់ធ្ងន់ថា ចិន​សង្ឃឹមថា រុស្ស៊ី​និង​ចិន​នឹង​នៅតែ​ជា​មិត្ត​តរៀង​ទៅ​។​

​លោក​ពោលថា​៖« ប្រធានាធិបតី ពូ​ទីន និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ឯកភាពគ្នា​ថា នៅ​ណ​ពេលដែល​យើង​ជួប​ប្រឈម​បញ្ហា​អន្តរជាតិ​ដែល​ស្មុគ​ស្មាន​និង​មានការ​ផ្លាស់ប្តូរ​ខ្លាំង យើង​ត្រូវ​សហការគ្នា​ប្រឹង​ឲ្យ​ខ្លាំង​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​»​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជិន​ពីង បាន​ប្តេជ្ញា​ថា ប្រទេស​ទាំងពីរ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ក៏ដូចជា​សន្តិសុខ​ផងដែរ ដែល​វា​អាច​រក្សាបាន​នូវ​ផលប្រយោជន៍​របស់​ភាគី​ទាំងពីរ​។ មេដឹកនាំ​ទាំងពីរ​បាន​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ជុំវិញ​បញ្ហា​ដែល​កំពុង​កើតឡើង​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន​បញ្ហា​ភេរវកម្ម​, បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​, សង្គ្រាមស៊ីវិល​ស៊ី​រី និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀតផង​។​

​ពូ​ទីន និង​ស៊ី ជិន​ពីង រិះគន់​លោកខាងលិច​ធ្វើ​ឲ្យ​«​យុទ្ធសាស្ត្រ​ស្ថិរភាព​»​ពិភពលោក​ចុះខ្សោយ​
​ក្រៅពី​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ជាច្រើន លោក ស៊ី ជិន​ពីង និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ រិះគន់​លោកខាងលិច​ដែល​ធ្វើ​ឲ្យ​អស្ថិរភាព​យុទ្ធសាស្ត្រ​កាន់តែ​ចុះខ្សោយ​ទៅ​។

​ដូច​ឃើញស្រាប់ ក្រុង​វ៉ាស៊ីនតោន​ខ្នះខ្នែង​ជំរុញ​ឲ្យ​មានការ​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ទៅ​ប៉ូឡូញ និង​ទ័ព​ទៅ​អឺរ៉ុប​ខាងកើត​និង​បាល់​ទិ​ក ដែល​បង្ក​ផលប៉ះពាល់​ដល់​រុស្ស៊ី​។ បំណង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង និង​ការ​លូកដៃ​ចូល​ជ្រៅ​របស់​សហរដ្ឋអាមេរិក​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​កន្លែង​ដែន​មហា​យក្ស​ចិន​ប្រឹង​ច្បាម​យក​ដោយ​ធ្វើ​យោ​ធូប​នីយកម្ម​និង​សង់​កោះ​សិប្បនិម្មិត​នោះ ក៏​ជា​រូបភាព​មួយ​បង្ហាញ​ពី​ការ​ការ​លូកលាន់​របស់លោក​ខាងលិច​ដែល​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ​។​

​ក្រៅពីនេះ មេដឹកនាំ​ទាំងពីរ​ក៏បាន​ប្រកាស​ផ្តល់​ការ​គ​គាំទ្រ​ផ្នែក​ការទូត​ដល់​គ្នា​ទៅវិញ​ឬ​ទៅមក​ក្នុងពេល​ចាំបាច់​។ ជារឿយៗ​មហាអំណាច​ទាំងពីរ​បោះឆ្នោត​ជា​គូ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​គេ​ក៏​បោះឆ្នោត​ប្រឆាំង​ប្រទេស​លោកខាងលិច​ផងដែរ​ពេល​ទាក់ទង​រឿង​សំខាន់​ជាពិសេស​បញ្ហា​អ៊ុយ​ក្រែ​ន​និង​ស៊ី​រី​ជាដើម​៕