សម្តេច​ប្រធានរដ្ឋសភា​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី​ឡាវ

សម្តេច​ប្រធានរដ្ឋសភា​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី​ឡាវ



ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា រសៀល​ថ្ងៃទី​២៧ ខែមិថុនា​នេះ បាន​ទទួល​ជួប​លោក​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ខណៈ​លោក​បណ្ឌិត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ជា​មិត្តភាព និង​ជា​ផ្លូវការ​នៅ​កម្ពុជា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​កែវ​ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នោះ​ថា លោក​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ បាន​សម្តែង​ការ​អរគុណ និង​បាន​ជម្រាប​ជូន​សម្តេច​ប្រធានរដ្ឋសភា​ថា បន្ទាប់ពី​លោក​តែងតាំង​ជា​នាយករដ្ឋមន្ត្រី គឺ​លោក​បាន​មក​ពុំ​ពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​ប្រទេស​មិត្ត​ជិតស្និទ្ធ​ជា​មួយនឹង​ប្រទេស​ឡាវ ធ្លាប់​មាន​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា ធ្លាប់​សហការ​តស៊ូ​តាំងពី​សម័យ​អាណានិគម​មក​។

លោក​បញ្ជាក់​ថា ​ទំនាក់ទំនង​កម្ពុជា​-​ឡាវ​មាន​ទំនាក់​ទំនងជា​ប្រពៃណី​ល្អជា​យូរលង់​មក​ហើយ។ លោក​ក៏បាន​កោតសរសើរ​សម្តេច​ប្រធានរដ្ឋសភា​ជា​ថ្នាក់ដឹកនាំ ជា​អ្នកនយោបាយ​ជើងចាស់​មួយ​រូប ហើយ​ធ្លាប់​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ឡាវ ទាំង​ផ្នែក​ទំនាក់​ទំនងជា​បក្ស រដ្ឋ ហើយ​ឥឡូវនេះ​សម្តេច​ប្រធាន​ក៏​មាន​តួនាទី​ខ្ពស់ ជា​អ្នក​ជំរុញ​ទំនាក់ទំនង​ល្អ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​ពាក់ព័ន្ធ​នយោបាយ​នៅ​ប្រទេស​ឡាវ​ថ្មី​កន្លងទៅ​នេះ ឡាវ​បាន​ប្រារព្ធ​មហាសន្និបាត​លើក​ទី​១០​របស់​ខ្លួន​ក្នុង​ខែមេសា​កន្លង​ទៅ​នេះ ហើយ​ថ្ងៃ​ទី​១៦​កន្លង​ទៅ​នេះ​សម័យប្រជុំ​សភា​លើក​ទី​១ បាន​ចាប់​ផ្តើម​ឡើង និង​មាន​ស្ថាប័ន​ជាច្រើន​បាន​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើងវិញ​។

លោក​សង្ឃឹម​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ ដែល​រៀបចំ​ថ្មី នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​។ លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ផង​ដែរ​កាលពី​ព្រឹក​មិញ លោក​និង​គណៈប្រតិភូ​បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ស្មារតី​យោគយល់​គ្នា​ទៅវិញទៅមក ហើយ​ភាគី​ទាំងពីរ​នឹង​នៅតែ​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ទាំ​ង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​។ ពិសេស​បន្ត​ពិភាក្សា​គ្នា​ពី​បញ្ហា​ព្រំដែន​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជិតដិត​ជាមួយគ្នា ដើម្បី​ប្រែក្លាយ​ព្រំដែន​ជា​ព្រំដែន​មិត្តភាព សន្តិភាព និង​ការអភិវឌ្ឍន៍​។

ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​សល់​នឹង​បន្ត​ពិភាក្សា​គ្នា​ថែមទៀត ដើម្បី​រក​ដំណោះស្រាយ​ដើម្បី​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​។ ភាគី​ទាំងពីរ​ក៏បាន​បន្ត​ជំរុញ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យ​មានការ​ឆ្លង​ទៅ​ឆ្លង​មក ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​កសាង​ស្ពាន​ឆ្លងទន្លេ​ល្ពៅ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល សម្រាប់​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយគ្នា​ផង​ដែរ​។

ជា​មួយ​នេះ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ នៅតែ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មាន​ជាមួយគ្នា​កន្លងមក ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​សមិទ្ធផល​ជាក់ស្តែង។

សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ថង​លូន ស៊ីលូ​លី​ត ដោយ​សម្តេច​បាន​បញ្ជាក់​ថា ទស្សនកិច្ច​នេះ បាន​បង្ហាញ​ពី​ការ​បន្ត​ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ឡាវ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេដង​ថែមទៀត​។

សម្តេច​ប្រធាន​ក៏បាន​សម្តែង​អបអរសាទរ​ផង​ដែរ​ចំពោះ​លោក ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ឡាវ​ក្នុង​អាណត្តិ​ថ្មី​នេះ​។ សម្តេច​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​របស់​ឡាវ​មានការ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ហើយ​សង្ឃឹមថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​បន្ត​អភិវឌ្ឍន៍​ប្រទេស​ឡាវ ឲ្យ​កាន់​តែ​មាន​វឌ្ឍនភាព​បន្ថែម​ទៀត​។ សម្តេច​ក៏បាន​គាំទ្រ និង​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ការ​រីកចម្រើន​ថែមទៀត​។​

លោក​បណ្ឌិត ថង​លូន ស៊ីលូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​អម​ដំណើរ​នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ចូល​ជួប​សម្តែង​ការគួរសម​សម្តេច​វិបុល​សេនា​ភ័​ក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូល​ជួប​សម្តែង​ការគួរសម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕

សម្តេច​ប្រធានរដ្ឋសភា​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី​ឡាវ សម្តេច​ប្រធានរដ្ឋសភា​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី​ឡាវ