រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​២០​គ្រឿង​ត្រូវ​បាន​ចាប់​ទុក ​ខ​ណៈ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ដំណើរការ​ជា​យូរ​មក​ហើយ

រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​២០​គ្រឿង​ត្រូវ​បាន​ចាប់​ទុក ​ខ​ណៈ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ដំណើរការ​ជា​យូរ​មក​ហើយ



កណ្ដាល​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្ដាល​ស្ទឹង ដឹកនាំ​ដោយ​លោក ជុន វ​ណ្ណី មេបញ្ជាការ​ ​សហការ​ជាមួយ គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ លោក សេង ឈួន អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត និង​ដឹកនាំ​បញ្ជា​រួម​ដោយ លោក ឯក រដ្ឋ និង សហការី សមាជិក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ក្រសួង​សាធារណការ ​និង ​ដឹក​ជញ្ជូន​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ដល់​ព្រឹក​ថ្ងៃ​ទី​២៧​ខែមិថុនា ឆ្នាំ​២០១៦​នេះ​ បាន​ចុះទៅ​កាន់​ចំណុច​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ស្ថិត​ក្នុង​ភូមិ​កំពុងទួល ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្តាលស្ទឹង​ ដោយ​ចាប់​ឃាត់​បាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​២០​គ្រឿង។

លោក​អនុសេនីយ៍ឯក ថន រដ្ឋា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាល​ស្ទឹង​បាន​ឲ្យ​ដឹង​ថា ​ក្នុង​យប់​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៦ ​កម្លាំង​ចម្រុះ ​ដែល​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សហការ​ជាមួយ​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​២០​គ្រឿង។

លោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន រថយន្ត​ទាំងអស់​រក្សាទុក​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ចាត់ការ​តាម​នីតិ​វិធី​។ រថយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់ ត្រូវ​ឃាត់​នោះ​មាន​រថយន្ត​ដឹក​ថ្ម ខ្សាច់​ដឹក​ដី​និង​ដឹក​អំបិល។

លោក​មេ​បញ្ជាការ​រង​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ការ​ចាប់​ឃាត់​រថយន្ត​ផ្ទុក​លើស​ទម្ងន់​នេះ​ទើបតែ​លើក​ទី​១​និង​បន្ត​ធ្វើជា​បន្តបន្ទាប់​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣​បាន​និយាយ​ថា ​ទើបតែ​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​ត្រួតពិនិត្យ​ក្បួន​រថយន្ត​ដឹក​លើស​ទម្ងន់ ខណៈ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ ស្រុក​កណ្តាលស្ទឹង ​ដំណើរការ​កន្លះ​ឆ្នាំ​មក​ហើយ​នោះ។

អ្នកដំណើរ​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ផ្ទុក​លើស​ទម្ងន់ អាច​ដឹកជញ្ជូន​ឆ្លងកាត់​កន្លែង​ស្ថានីយ​ថ្លឹង​រថយន្ត​កំពង់ទួល ដោយ​សុវត្ថិភាព ប្រសិនបើ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកគ្រប់គ្រង​ស្ថានីយ​មួយ​នេះ។

ជា​រៀងរាល់ថ្ងៃ ទាំង​យប់​ថ្ងៃ មាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​ដោយ​សេរី។ ដោយឡែក​សមត្ថកិច្ច​កម្លាំង​ប្រដាប់​ហាក់​គ្មាន​លទ្ធភាព​ទប់ស្កាត់ ខ​ណៈ​អ្នកគ្រប់គ្រង​ជញ្ជីង​គាត់​មាន​ជំនាញ​ខាង​ចាប់ដៃ​បុង​សួរ​ក្រោម​តុ ហើយ​ចេញ​ទូរលេខ​បញ្ជាក់​ថា ​មិន​លើស​ទម្ងន់​? បើ​ចង់​ដឹង​ថា ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​កម្រិត​ណា គ្រាន់តែ​ឲ្យ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ខាង​សាធារណការ​ក្រសួង​ចុះ​មក​ត្រួតពិនិត្យ​រថយន្ត អាច​នឹង​រក​ឃើញ​ការ​ផ្ទុក​លើស​ទម្ងន់​ជា​ហូរហែ។

ជាក់​ស្តែង​នៅ​វេលា​ម៉ោង​២​និង​១៤​នាទី​រសៀល​ថ្ងៃទី​២៦ ខែ​មិថុនា ដល់​ម៉ោង​៧​​​ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចំណុច​ស្នាក់​ការ​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់​កម្រិត ស្ថិត​ក្នុង​ភូមិ កំពង់​ទួល ឃុំ អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​២០​គ្រឿង​ទៅ​ហើយ​ចុះ​ទម្រាំ​រយៈពេល​កន្លះ​ឆ្នាំ​(៦​ខែ​)​មកនេះ​រដ្ឋ​បាត់​ចំណូល​អស់​រាប់លាន​ដុល្លារ​ទៅ​ហើយ​ឬ​?៕

រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​២០​គ្រឿង​ត្រូវ​បាន​ចាប់​ទុក ​ខ​ណៈ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ដំណើរការ​ជា​យូរ​មក​ហើយ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​២០​គ្រឿង​ត្រូវ​បាន​ចាប់​ទុក ​ខ​ណៈ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ដំណើរការ​ជា​យូរ​មក​ហើយ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​២០​គ្រឿង​ត្រូវ​បាន​ចាប់​ទុក ​ខ​ណៈ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ដំណើរការ​ជា​យូរ​មក​ហើយ