ស្ត្រី​កើត​ជំងឺ​មហារីក​ដោះ ដង្ហោយ​រក​មនុស្ស​ធម៌ មុន​ពេល​លាចាក​លោក

ស្ត្រី​កើត​ជំងឺ​មហារីក​ដោះ ដង្ហោយ​រក​មនុស្ស​ធម៌ មុន​ពេល​លាចាក​លោក



បាត់ដំបង​ ៖ ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់ ដែល​អស់​លទ្ធភាព​ក្នុងការ​ព្យាបាល​ព្រមទាំង​អស់​សង្ឃឹម​ក្នុង​ជីវិត​ផង​នោះ បាន​ដង្ហោយ​រក​ជំនួយ​មនុស្ស​ធម៌​ដើម្បី​បាន​បន្ត​ការរស់រាន​មានជីវិត​មួយ​រយៈ​ថែមទៀត ខណៈ​ដែល​ស្ត្រី​រូប​នេះ​មានការ​អស់សង្ឃឹម​ក្នុង​ជីវិត​ទៅ​ហើយ​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​តែ​មាន​ជំងឺ​មហារីក​ដោះ​យ៉ាង​ធ្ងន់ធ្ងរ​ទៅហើយនោះ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ កឹង សុភាព អាយុ​៥៧​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​កន្ទួត​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​មាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នោះ​បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ចាប់​តាំង​ពី​ខ្លួន​មាន​ជំងឺ​នេះ​មក​អ្វីៗ​ត្រូវ​បាន​លក់​គ្មាន​សល់​ដើម្បី​ព្យាបាល ដូចជា​ដីស្រែ ចម្ការ គឺ​លក់​គ្មាន​សល់​នោះ​ទេ ទី​បញ្ចប់ ជំងឺ​ដ៏​កាច សាហាវ​នេះ​ពុំជា​សះស្បើយ​ឡើយ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ដោយសារតែ​គ្មាន​លទ្ធភាព​នឹង​បន្ត​ការ​ព្យាបាល​នោះ ទើប​កូនប្រុស​របស់គាត់ និង​អ្នកភូមិ​បាន​ដឹក​បញ្ជូន​គាត់​ឲ្យ​ត្រឡប់មក​ផ្ទះ​វិញ ដោយ​ដេក​ក្នុង​មុងរង់ចាំ តែ​ថ្ងៃ បញ្ចប់​ជីវិត ចុងក្រោយ មកដល់​តែប៉ុណ្ណោះ​ ព្រោះ​ជំងឺ​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រីឯ​លុយកាក់​ក៏​គ្មាន ចំណែក​ប្តី​របស់​គាត់​បាន​ស្លាប់​កាលពី​អំឡុង​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដែល​កន្លង​ទៅ​ថ្មីៗ​នេះ បាត់​ទៅ​ហើយ​នៅ​សល់​តែ​រូប​គាត់​ជាមួយនឹង​កូនប្រុស​ម្នាក់​តែប៉ុណ្ណោះ ដែល​បច្ចុប្បន្ន​វា​មាន​អាយុ​១៧​ឆ្នាំ​ហើយ។

​ការរស់នៅ​ប្រចាំថ្ងៃ​ដែល​យក​មុង​ធ្វើជា​ផ្ទះ​នេះ គឺ​ស្ត្រី​រងគ្រោះ​បាន​លើកដៃ សំពះ​ដើម្បី​ស្វែងរក​សប្បុរសជន​ជួយ​ដល់​រូប​គាត់ ព្រោះ​ជីវិត​ចុងក្រោយ​របស់​គាត់​ចង់​ស្ដាប់​ធម៌ និង​ចង់បាន​ក្ដារ​មឈូស​មួយ​សម្រាប់ ដាក់​សព​របស់​គាត់​ឲ្យ​បាន​ត្រឹមត្រូវ។

ដើម្បី​ឆ្លើយ​តប​នឹង​ទុក្ខ​លំបាក​របស់​ស្ដ្រី​ដែល​កើ​ត​ជំងឺ​មហា​រីក​ដោះ​ខាង​ស្តាំ​នេះ​ដែរ កាល​​ពី​ពេល​ថ្មីៗ​នេះ លោក​ឧ​ត្ត​ម សេនីយ៍ ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង និង​ជា​សមាជិក​អចិន្ត្រៃយ៍ គណបក្ស​ខេត្ត និង​ជា អនុប្រធាន ក្រុមការងារ ចុះ​ជួយ ស្រុក​គាស់ក្រឡ ទទួលបន្ទុក​ឃុំហប់​ បាន​ជួយ​ជា​ថវិកា​ចំនួន​មួយ​លាន​រៀល ដល់​ស្ដ្រី​ដែល​កើត ជំងឺ​មហារីក​ដោះ​នេះ ក្នុង​ការ​ចាត់ចែង រក​លោក​សូត្រ​ធម៌ និង​សង្ឃទាន ព្រមទាំង​ទុក​សម្រាប់​ទិញ​មឈូស​ទៅតាម​សំណូមពរ​របស់​គាត់ ដោយ​នៅ​ពេល​នេះដែរ អាការៈ​ជំងឺ​របស់​គាត់ ហាក់​មាន​សភាព​កាន់តែ​ដុនដាប​ទៅៗ ព្រោះ​គ្មាន​ការ​ព្យាបាល ឬ​បាន​ប្រើប្រាស់​ថ្នាំសង្កូវ​នោះ​ឡើយ ដោយ​ដេក​រង់ចាំ​តែ​សេចក្តី​ស្លាប់​ឈាន​ចូល​មកដល់​តែប៉ុណ្ណោះ៕

ស្ត្រី​កើត​ជំងឺ​មហារីក​ដោះ ដង្ហោយ​រក​មនុស្ស​ធម៌ មុន​ពេល​លាចាក​លោក ស្ត្រី​កើត​ជំងឺ​មហារីក​ដោះ ដង្ហោយ​រក​មនុស្ស​ធម៌ មុន​ពេល​លាចាក​លោក ស្ត្រី​កើត​ជំងឺ​មហារីក​ដោះ ដង្ហោយ​រក​មនុស្ស​ធម៌ មុន​ពេល​លាចាក​លោក ស្ត្រី​កើត​ជំងឺ​មហារីក​ដោះ ដង្ហោយ​រក​មនុស្ស​ធម៌ មុន​ពេល​លាចាក​លោក