CPP នៅតែ​មិន​ផ្តល់​ភ្លើង​ខៀវ​ដល់ CNRP និពន្ធដោយ : ថ្មីៗ       June-27-2016, 10:59 pm         90

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CPP នៅតែ​មិន​ផ្តល់​ភ្លើង​ខៀវ​ដល់ CNRP​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ជាថ្មី​ថា គណបក្ស​លោក​នៅតែ​រក្សា​ជំហ​មិន​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ឯកឧត្តម កឹម សុខា និង​ការចាប់​ឃុំ​លើ​តំណាងរាស្ត្រ​ឡើយ ព្រោះ​គណបក្ស​មិនអាច​រំលោភ​លើ​អំណាចតុលាការ​បានទេ ។ លោក សុខ ឥសាន ឆ្លើយតប​ទៅ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ប្រកាសប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ព្រឹក​នេះ​ថា គណបក្ស​ទាំងពីរ​កំពុងមាន​គម្រោង​ជួបគ្នា​។​

​លោក សុខ ឥសាន អះអាងថា គណបក្ស​លោក​គ្មាន​កិច្ចការ​អ្វី ដែល​ត្រូវ​ជួបពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ លើ​ករណី​ឯកឧត្តម កឹម សុខា និង​តំណាងរាស្ត្រ​បក្សប្រឆាំង​នេះឡើយ ព្រោះ​ករណីនេះ​មិនមែន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​។ «​បើសិនជា​តុលាការ​មានការ​សម្រេច​សាលក្រម​ជា​ស្ថាពរ​នោះ ប្រហែលជា​អាចមាន​ការជួប​ចរចា​គ្នា ហើយ​នាយករដ្ឋមន្ត្រី គាត់​អាចមាន​សិទ្ធិ​ជួយ​អន្តរាគមន៍​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន ដែល​បកស្រាយ​ផ្ទុយ​ពី​ការរំពឹងទុក​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ការវិវត្ត​ខ្លះៗ​ហើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុងមាន​គម្រោង​នឹង​ជួបគ្នា​នៅពេល​ខាងមុខ​។ តែ​លោក មិនបាន​បញ្ជាក់​ពី​ពេលវេលា​កំណត់​ជាក់លាក់​ក្នុងការ​ជួបគ្នា​នោះទេ ។​

​ត្រង់ចំណុច​នេះ​លោក សុខ ឥសាន ឆ្លើយតប​វិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​យក​បញ្ហា​ចរចា​គ្នា​មក​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ ហើយ​ទម្លាក់កំហុស​មកលើ​គណ​បក្ស​ប្រជាជន ថា ជា​អ្នកបង្កើត​បញ្ហានយោបាយ​ហើយ មិន​ព្រម​ចរចា​ដោះស្រាយ​ជាមួយ​បក្សប្រឆាំង​ប៉ុណ្ណោះ​។​

​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកផ្លូវ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ប៉ុន្ដែ​មិន​រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​តុលាការ ដែល​ពាក់ព័ន្ធ​និង​ការឃុំខ្លួន និង​សំណុំរឿង​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅក្នុង​ដៃ​តុលាការ​ឡើយ​៕