លោកស្រី ស៊ូ​ជី បាន​ត្រឹម​ផ្តល់​ក្តីសង្ឃឹម តែ​មិនទាន់​មានលទ្ធភាព​បញ្ជូន​ពលរដ្ឋ​ខ្លួន​ទៅ​ប្រទេស​វិញ និពន្ធដោយ : ទេព អ៊ីវិសាល       June-27-2016, 10:39 pm         174

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី ស៊ូ​ជី បាន​ត្រឹម​ផ្តល់​ក្តីសង្ឃឹម តែ​មិនទាន់​មានលទ្ធភាព​បញ្ជូន​ពលរដ្ឋ​ខ្លួន​ទៅ​ប្រទេស​វិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅកាន់​ថៃ​បានបញ្ចប់​នៅ​ចុង​ស​បា្ហ​ហ៍​មុន​ដោយ​បន្សល់ទុក​ក្តី​ស្រលាញ់ និង​ក្តីសង្ឃឹម​សម្រាប់​ពលករ និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​មិនទាន់មាន​ទីលំនៅ​អចិន្ត្រៃយ៍​ត្រឹមត្រូវ​។ ទោះបីជា​លោកស្រី អ៊ុង​សាន ស៊ូ​ជី មាន​ចេតនា​នាំ​ប្រជាជន​ចំណាកស្រុក​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ក៏ដោយ លោកស្រី មិនទាន់​អាចធ្វើ​បាន​នោះទេ ដ្បិត ស្ថានភាព​ប្រទេស​បច្ចុប្បន្ន​មិនទាន់មាន​លទ្ធភាព​។ លោកស្រី បានត្រឹមតែ​សន្យាថា នឹង​នាំ​ប្រជាជន​ទាំងនោះ ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​ក្នុងពេល​ត្រឹមត្រូវ​មួយ​។​

​ក្រៅពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី ទិសដៅ​សំខាន់​ដែល​ជំរុញ​ឲ្យ​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅកាន់​ប្រទេស​ថៃ​នោះ​គឺ បញ្ហា​លក្ខខណ្ឌ​ការងារ​របស់​ពលករ និង​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​នៅក្នុង​ប្រទេស​ថៃ​។ សម្រាប់​ពលករ​អ្វីដែល​ពួកគេ​ចង់បាន​នោះ​មានដូចជា​លក្ខខណ្ឌ​ការងារ​មាន​ភាពល្អប្រសើរ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ក្តី​សុបិន​របស់​ពួកគេ​ដើម្បី​អាច​វិល​ត្រលប់​ទៅ​ធ្វើការ​ក្នុងប្រទេស​បាន​។

​នាឱកាស​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​គិត​ចាប់តាំងពី​ការឡើង​កាន់អំណាច​ខែមេសា​ទឹ​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ច័ន្ទ អូ​ចា ចំពោះ​ការ​មែ​ល​ថែទាំ ក៏ដូចជា​ការសម្រេច​ក​ន្ល​ង​មក​ទៅលើ​ពលករ​មី​យ៉ាន់​ម៉ា​ដែល​កំពុងតែ​បម្រើការ​ក្នុង​ទឹកដី​ថៃ និង​ជន​ចំណាកស្រុក​មី​យ៉ាន់​ម៉ា​ដែល​មិនទាន់មាន​ទីលំនៅ​ពិតប្រាកដ​។ ហើយ លោកស្រី ក៏បាន​ព្រមព្រៀង​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ថៃ ក្នុងការ​បញ្ជូន​ពលរ​ដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​មិនទាន់មាន​លំនៅ​ច្បាស់លាស់​ទៅ​ស្រុកកំណើត​វិញ និង​ផ្តល់​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​សម្រាប់​ពលករ​ផងដែរ​។​

១. លោកស្រី ស៊ូ​ជី មិនដែល​ព្រងើយកន្តើយ​ចំពោះ​ជនភៀសខ្លួន​ឡើយ​
​ស្រប​ជាមួយនឹង​ការដឹងគុណ​ចំពោះ​រដ្ឋាភិបាល​ថៃ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជាក់ថា លោកស្រី នឹង​នាំ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​មិនមាន​ទីលំនៅ​ច្បាស់លាស់​ទាំងអស់​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​។ លោកស្រី សង្កត់ធ្ងន់ថា «​ខ្ញុំ​ពិតជា​ដឹងគុណ​ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ថៃ​ចំពោះ​ប្រជាជន​របស់​យើង ប៉ុន្តែ​រាល់​ប្រជាជន​របស់​យើង​ដែល​កំពុងតែ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ដែល​មិនមាន​ជម្រក​ពិតប្រាកដ គួរតែ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ហើយ រដ្ឋាភិបាល​លោកស្រី មាន​កាតព្វកិច្ច​ក្នុងការ​ថែទាំ​ពលរដ្ឋ​ទាំងនោះ​»​។ តែ​ការវិល​ត្រលប់​នេះ លោកស្រី អះអាងថា ទាមទារ​ពេលវេលា​ដើម្បី​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់​តែមាន​ស្ថានភាព​ល្អប្រសើរ​ជាង​មុន​សិន​។​

​ជុំវិញ​បញ្ហា​នេះដែរ លោកស្រី ស៊ូ​ជី មិនបាន​ហៅ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​បាន​ភៀសខ្លួន​មក​រស់នៅក្នុង ប្រទេស​ថៃ​ថា ជា​ក្រុម​ណា​នោះទេ ពោលគឺ លោកស្រី បាន​ព្យាយាម​មិន​ប្រើប្រាស់​ពាក្យ​ជនភៀសខ្លួន ។ តែ​គេ​បានដឹង​ច្បាស់​ហើយ​ថា មិនមាន​ក្រុម​ណា​ឡើយ​ក្រៅពី​ជនភៀសខ្លួន​ប្រមាណ​១០​ម៉ឺន​នាក់ ដែល​កំពុងតែ​រស់នៅ​ជំរំ​ទាំង​ប្រាំបួន​ក្នុងប្រទេស​ថៃ​។ ជនភៀសខ្លួន​ទាំងនោះ បាន​រត់គេច​ពី​មី​យ៉ាន់​ម៉ា ដែល​ក្នុងពេល​សង្គ្រាម និង​ការដឹកនាំ​មី​យ៉ាន់​ម៉ា​ដោយ​ក្រុម​យោធា​។​

២. លោកស្រី​ស៊ូ​ជី ផ្តាំ​ពលករ​ឲ្យ​ចេះ​អត់ធ្មត់ និង​ស្រលាញ់​ប្រទេស​ដែល​ខ្លួន​កំពុងធ្វើការ​
​ដោយ​ទទួលស្គាល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ខ្លួន លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​ពេល​ជួប​ជាមួយនឹង​ពលករ ថា ឲ្យ​ពួកគេ​បង្ហាញ​ពី​ក្តី​ស្រលាញ់​និង​ភាពស្មោះត្រង់​ទៅកាន់​ប្រទេស​ដែល​គេ​កំពុងតែ​រស់នៅ និង​ធ្វើការ​។ បន្ថែម​ពីនេះ ស្ថាបនិក​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា ក៏​ទទូច​ឲ្យ​ពលករ ត្រូវមាន​ការអត់ធ្មត់​ក្នុង ពេលធ្វើការ និង​ជួប​បញ្ហា ដោយ​លោកស្រី​លើកឡើងថា «​បញ្ហា​តូចតាច​អាច​នឹង​កើតឡើង​ពេលខ្លះ ក៏ប៉ុន្តែ​ទាំង​ពលករ​ថៃ និង​មី​យ៉ាន់​ម៉ា គួរតែ​ស្រលាញ់គ្នា​ទៅវិញទៅមក និង សាមគ្គី​គ្នា​ដើម្បី​អាច​រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​យូរ និង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា និង​ថៃ​ផងដែរ​។​

​បើ​យោងតាម​មន្ត្រី​ថៃ មាន​ពលករ​ស្របច្បាប់​មី​យ៉ាន់​ម៉ា ប្រមាណ​១.៤​លាន​នាក់​កំពុងតែ​បម្រើការ​នៅក្នុង​ប្រទេស​ថៃ តែបើ​រាប់បញ្ចូល​ទាំង​ពលករ​ខុសច្បាប់​ផងដែរ​នោះ ចំនួន​សរុប​នៃ​ពលករ​មានរ​ហួត​ដល់​២​លាន​នាក់​ឯនោះ​៕