ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ផឹកទឹក​ប្តូរ​និស្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​ចាក់​បុរស​ម្នាក់​ឲ្យ​ធ្លាយ​ពោះវៀន

ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ផឹកទឹក​ប្តូរ​និស្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​ចាក់​បុរស​ម្នាក់​ឲ្យ​ធ្លាយ​ពោះវៀន



កណ្តាល ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ផឹកទឹក​ប្តូរ​និស្ស័យ​(​ស្រា​បៀរ​)​ហើយ​បាន​បង្ក​ទំនាស់​ប្រើ​អំពើ​ហិង្សា នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ​ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ​ខេត្តកណ្តាល​នោះ​ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ សាលាដំបូង​ខេត្ត​កណ្តាល​លោក អ៊ី ​សុវណ្ណ ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ធ្វើការ​ឃុំខ្លួន​ក្រោម​បទ​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​)​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ង្វៀង យ៉ាំង​ផាប ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​ មានមុខ​របរ​ជា​កម្មករ​សំណង់​រស់​នៅ​ក្នុង​ភូមិ ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជនសង្ស័យ​ឈ្មោះ​វ៉ាង​ សុក​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជនជាតិ​វៀតណាម មាន​មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុង​ភូមិ ឃុំ​ជាមួយគ្នា​។

នគរបាល​បន្ត​ថា ​ជន​សង្ស័យ​ឈ្មោះ​វ៉ាង សុខ​ត្រូវ​បាន​លោក ហេង ផេង​ ព្រះរាជអាជ្ញា​រង​ចោទប្រកាន់​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ។

សូម​រំលឹក​ថា ​ហេតុ​ការណ៍​ប្រើ​អំពើ​ហិង្សា​នោះ​ គឺ​ជនសង្ស័យ​និង​ជនរងគ្រោះ​បន្ទាប់ពី​ធ្វើ​សំណង់​ហត់នឿយ​បាន​បបួលគ្នា​បន្ថែម ចំនួន​២​នាក់​ទៀត ទិញ​ស្រា​បៀរ​ចំនួន​១​កេស​ផឹក​ស៊ី​លេង​ខណៈ​កំពុង​ផឹក​នោះ​ស្រាប់តែ​មាន​ទំនាស់​ពាក្យ​ដី​នឹង​គ្នា ប៉ុន្តែ​២​នាក់​ផ្សេងទៀត​មិនមាន​ទំនាស់​ទេ ដោយ​ជជែក​គ្នា​តឹង​សរសៃករ​រៀង​ៗ​ខ្លួន​ទើប​បណ្តាល​ឲ្យ​ជនរងគ្រោះ​ខឹង​ច្រឡោត​ស្ទះ​មក​វាយ​ជនសង្ស័យ ចំណែក​ជនសង្ស័យ​ដោយ​ខ្លួន​មាន​មាឌ​តូច​ជាង​ជនរងគ្រោះ​ក៏​រត់ចេញ​ទៅផ្ទះ​ហើយ​ជនរងគ្រោះ​នៅតែ​បន្ត​ដេញ​តាម​វាយ​ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ទ្រាំ​មិនបាន​ក៏​ចូល​ទៅ​យក​កូនកាំបិត​ចាក់​ទៅ​ជន​គ្រោះ​ចំពោះ​ផ្នែក​ខាង​ស្តាំ​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន ក្រោយមក​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ​ចុះ​ទៅដល់​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​មក​សាកសួរ​និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង​ដើម្បី​ជួ​យ​សង្គ្រោះ​អាយុជីវិត​ជាបន្ទាន់​៕