លីយ៉ូនែល ម៉េស៊ី ប្រកាស​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ

បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួន បានទទួលបរាជ័យ នៅចំពោះក្រុមឈីលី នៅក្នុងការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ នៃ​ការ​ដណ្ដើម​ជើង​ឯក «Copa America» កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ជាតិអាហ្សង់ទីន​ដ៏ល្បីល្បាញ បាន​ប្រកាស​ដកខ្លួន ចេញពី​ក្រុមជម្រើសជាតិ​ជាផ្លូវការ។
លីយ៉ូនែល ម៉េស៊ី ប្រកាស​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ

កីឡាករ លីយ៉ូនែល ម៉េស៊ិ នៅក្នុងឯកសណ្ឋានរបស់ក្រុម បាសឺឡូន។ (រូបថតឯកសារ)

តារាបាល់ទាត់ពិភពលោក និងជាម្ចាស់បាល់មាសប្រាំជំនាន់ លីយ៉ូនែល ម៉េស៊ី (Lionel Messi ) បានសម្រេច​ចិត្ត​ចាក​ចេញ ពីអាជីពបាល់ទាត់របស់ខ្លួន ពីក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីក្រុមអាហ្សង់ទីន បាន​បរាជ័យ​​នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងក្រុមឈីលី ដើម្បីដណ្ដើមជើងឯក «Copa America» ឆ្នាំ២០១៦។ ក្រុមអាហ្សង់ទីន បានប្រកួតស្មើរ ជាមួយនឹងក្រុមឈីលី រហូតដល់​ចុង​បញ្ចប់​ម៉ោង​​បន្ថែម (០-០) តែបានចាញ់ក្រុមនេះ នៅក្នុងការទាត់បាល់១១ម៉ែត្រ យកចាញ់ឈ្នះ៥គ្រាប់ម្ខាង (ក្រុម​អាហ្សង់ទីន​​បាន​​ពីរ​គ្រាប់ ខណៈក្រុមឈីលី បានបួនគ្រាប់)។

លីយ៉ូនែល បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ចប់ហើយ សម្រាប់ខ្ញុំនៅក្នុងក្រុមជម្រើសជាតិ។ ជាការ​ប្រកួត​ផ្ដាច់ព្រ័ត្រលើកទីបួនហើយ ដែលខ្ញុំបានបរាជ័យ ហើយបរាជ័យ បីដងជាប់គ្នាទៀត។» បរាជ័យ​បី​ដង​ជាប់​គ្នា​នេះ គឺកីឡាករចង់សំដៅ ទៅការប្រកួតដណ្ដើម​ជើងឯកពិភពលោក ឆ្នាំ២០១៤ និងដណ្ដើម «Copa America» ឆ្នាំ​២០១៥ -២០១៦។

កីឡាករបានបន្តទៀតថា៖ «វាជាពេលវេលាដ៏ពិបាក់សម្រាប់ខ្ញុំ និងសម្រាប់ក្រុម (...) ខ្ញុំមានបំណង​ចង់រកពាន​រង្វាន់ជើងឯកមួយ មកឲ្យប្រទេសអាហ្សង់ទីន។ (...) ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្ញុំអាច តែវាមិន​មែន​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ។ ទីបំផុតទៅ យើងនៅតែជួបបរាជ័យជាថ្មីទៀត ហើយរឿងនេះ ធ្វើឲ្យខ្ញុំពិបាកណាស់។»

មកដល់អាយុ២៩ឆ្នាំ នាឆ្នាំនេះ កីឡាករ លីយ៉ូនែល ម៉េស៊ី បានឈ្នះសឹងតែគ្រប់តំណែងជាជើង​ឯក ជាមួយ​នឹង​ក្រុមបាសឺឡូន (Barcelone - អេស្ប៉ាញ) ដែលកីឡាករកំពុងទាត់ឲ្យ។ ផ្ទុយទៅវិញ កីឡាករមិនដែល​រក​បាន​តំណែង ឲ្យប្រទេសអាហ្សង់ទីន ក្នុងក្រុមជម្រើសជាតិនោះ សូម្បីតែម្ដង។ នៅក្នុងការទាត់បាល់កាត់ក្ដី ចំងាយ ១១ម៉ែត្រ ៥គ្រាប់ នៃការប្រកួតផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ បាល់មួយគ្រាប់ ដែលក្រុម​អាហ្សង់ទីន​ខក​ខាន​រក​មិ​នបាន​នោះ គឺជាគ្រាប់បាល់របស់កីឡារ ម៉ែស៊ី ខ្លួនឯងតែម្ដង ដែលបានទាត់បាល់ជ្រុលខ្លាំង ទៅ​ខាង​ស្ដាំ​​ប្រអប់​ទី ដែលមានអ្នកចាំទីជាតិឈីលី លោតទៅខាងឆ្វេង៕

» ទស្សនាការទាត់បាល់១១ម៉ែត្រខុសទី របស់កីឡាករម្ចាស់បាល់មាស់៥ជំនាន់៖