Franck Ribery រំពឹង​ថា ក្នុង​ឆ្នាំ​ថ្មី​នឹង​គ្មាន​របួស​រំខាន​ដល់​ការ​ប្រកួត​របស់​ខ្លួន​ទៀត​ទេ

កីឡាករ Franck Ribery ខ្សែបម្រើ​ក្លិប Bayern Munich ស្ថិត​នៅ​កំពូល​តារាង Bundesliga អា​ល្លី​ម៉​ង់ បាន​បង្ហាញ​ក្ដី​សង្ឃឹមថា ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ លោក​នឹង​គ្មាន​របួស​តាម​រំខាន​ទៀត​ទេ ខណៈ​ក្នុង​ឆ្នាំ​២០១៥​បាន​រង​របួស​ភ្លៅ​ត្រូវ​សម្រាក​រយៈពេល​២​ខែ ។

ខ្សែបម្រើ​ជនជាតិ​បារាំង​អាយុ​៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ពី​ក្ដី​ប្រាថ្នា​ក្នុង​ឆ្នាំ​ថ្មី​របស់​ខ្លួន​តាម​ប្រព័ន្ធ​វេ​ប​សាយ​របស់​ក្លិប​ថា​៖«​ខ្ញុំ​ចង់​មាន​សុខភាព​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ពួក​យើង​ត្រូវការ​តស៊ូ​ដើម្បី​ក្លាយជា​ជើងឯក ។ បច្ចុប្បន្ន​មិន​ទាន់​ដល់​ពេល​ខ្ញុំ​ត្រូវ​ចូល​និវត្តន៍​ទេ អ្វី​ដែល​ខ្ញុំ​រំពឹង​នោះ គឺ​របួស​នឹង​មិន​រំខាន​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មី​ទៀត​ទេ ដើម្បី​ឱ្យ​ខ្ញុំ​បាន​ចូល​លេង​ឱ្យ​ក្លិប​ពេញដៃពេញជើង​» ៕