Zinedin Zidane ទទួល​ការ​តែងតាំង​ជា​គ្រូបង្វឹក Real Madrid ជំនួស​លោក Benitez

Real Madrid ជា​ក្លិប​យក្ស​ក្នុង​ក្របខ័ណ្ឌ បាល់ទាត់ Laliga អេ​ស្ប៉ា​ញ បាន​សម្រេច​បណ្តេញ​លោក Rafael Benitez ចេញពី​តំណែង​គ្រូបង្វឹក ហើយ​ប្រកាស​តែងតាំង​លោក Zinedine Zidane អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្លិប​Real Madrid ឈុត​តូច​ឱ្យ​បំពេញ​តួនាទី​ជំនួស​ដើម្បី​ស្រោចស្រង់​ក្លិប​កំពុង​ជួប​បញ្ហា​មួយ​នេះ ។

ការ​បណ្តេញ​លោក Benitez ចេញពី​តំណែង ចាត់​ទុក​ថា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ។ លោក Florentino Perez ប្រធាន​ក្លិប​Real Madrid បាន​ថ្លែង​ថា ៖«​យើង​បាន​ចំណាយពេល​ធ្វើការ​សម្រេចចិត្ត​យា​៉​ង​ពិបាក​មួយ​ក្នុង​ការ​លុប​ចោល​កិច្ចសន្យា​ជាមួយ​លោក​Rafael Benitez ក្នុង​នាម​ជា​គ្រូបង្វឹក​ហើយ​សម្រេច​ជ្រើស​យក​លោក​Zinedine Zidane ធ្វើ​ជា​គ្រូបង្វឹក​ជំនួស​ក្នុង​ពេល​បច្ចុប្បន្ន​»​។

ចំណែក​លោក​Zinedine Zidane ថ្លែង​ថា ៖«​ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​ក្លិប​និង​លោក​ប្រធាន​ក្លិប​ដែល​ផ្តល់​ឱកាស​ដល់​ខ្ញុំ​ធ្វើ​ជា​គ្រូបង្វឹក Real Madrid ទាំង​ឈុត​ធំ និង​ឈុត​តូច ព្រោះ​Real Madrid ជា​ក្លិប​ដ៏​អស្ចារ្យ​មាន​អ្នកគាំទ្រ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ ខ្ញុំ​នឹង​ប្រឹងប្រែង​ធ្វើ​អ្វី​ៗ​គ្រប់​យា​៉​ង​ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​នេះ​ឱ្យ​ខាង​តែ​បាន​» ៕