ចម្លាក់​ក្រឡោត​ទាប​នៃ​ប្រាសាទអង្គរវត្តនឹង​លេច​ចេញ​ជា​សន្លឹក​រូបថត 3D

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​នៃ​អ្នកជំនាញ​ជប៉ុន​តាម​រយៈ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ ឧស្សាហកម្ម នៃ​សាកលវិទ្យាល័យ​តូ​ក្យូ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​គម្រោង​ថត រចនា សម្ព័ន្ធ និង​ចម្លាក់​ក្រឡោត​ទាប​ទាំងអស់​នៅ​ប្រាសាទអង្គរវត្ត ដោយ​ប្រើ​ម៉ាស៊ីន 3D laser sensor ដែល​អាច​ផ្តល់​រូបភាព 3D មាន​ភាព​សុក្រឹត​កម្រិត​មី​ល្លី​ម៉ែត្រ ។ ទិន្នន័យ​នេះ ទុកជា​ឯកសារ នឹង​យក​ទៅ​ប្រើ​ក្នុង​ការងារ​អភិរក្ស ជួសជុល និង​វិភាគ​លើ​ចម្លាក់​ក្រឡោត ទាប​បានជា​ច្រើន​យ៉ាង ។

អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ទិន ទីណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា «​ចម្លាក់​ក្រឡោត​ទាប​នៃ​ប្រាសាទ​អង្គរវត្ត ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​លើសលប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តែ​ជា​អកុសល ការ​ខូចខាត​នៃ​ចម្លាក់​នេះ​កាន់តែ​មាន ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​អាយុកាល ។ ដូច្នេះ​យើង​ត្រូវ​ថត​រចនាសម្ព័ន្ធ​ប្រាសាទអង្គរវត្ត រួម​ទាំង​ចម្លាក់​ក្រឡោត​ទាប​ជា digital archival ដោយ​ប្រើ 3D laser sensor ជា​ឯក​សារ​តម្កល់​ទុក​សម្រាប់​ការងារ​អភិរក្ស ព្រោះ​អាច​ឲ្យ​យើង​ផ្ទៀងផ្ទាត់​ឡើង​វិញ​ថា តើ​វា​មានការ​ប្រែប្រួល​យ៉ាងណា​ខ្លះ ហើយ​វា​ងាយស្រួល​ដល់​ការងារ​ជួសជុល​ផង បើ​វា​ខូចខាត​ដោយ​ប្រការ​ណាមួយ ព្រោះ​យើង​មាន​រូបថត​នៅ​សល់ ។ ម្យ៉ាងទៀត​ឯកសារ​នេះ នឹង​បានជា​តឹកតាង​មួយ​សំខាន់​ណាស់ ដើម្បី​ដឹង​ថា តើ​ចម្លាក់​មួយ​ណា​សឹក​រេចរឹល ខូចខាត​នៅ​ពេល​ណា​» ។

ការ​រៀបចំ​ថតរូប​ទុកជា​ឯកសារ​ដោយ​សន្លឹក​រូបថត​ធម្មតា​ក៏​បាន តែ​លោក​ទិន ទីណា ឱ្យ​ដឹង​ថា ត្រូវ​ចំណាយពេល​យូរណាស់​ទម្រាំ​បាន​រួចរាល់ ។ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​តូ​ក្យូ ដើម្បី​ប្រើប្រាស់​ម៉ាស៊ីន 3D laser sensor ក្នុង​ការ​ថត ព្រោះ​វា​មាន​បច្ចេកវិទ្យា​ទំនើប​អាច​ធ្វើការ​ងារ​បាន​លឿន​និង​ភាព​ល្អៀង​តិចតួច​បំផុត ។ កិច្ចសហការ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ហើយ​ការងារ​នេះ​កំពុង​ដំណើរការ​នៅ ឡើយ ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ព្រោះ​នៅ​សល់​តែ​ពីរ​ផ្ទាំង​ទៀត​ប៉ុណ្ណោះ ។

ការងារ​នេះ​នឹង​មិន​ងាយ​បញ្ចប់ ភ្លាម​ៗ​ទេ​ព្រោះ​ត្រូវធ្វើ​របាយការណ៍​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​លម្អិត​អំពី​រូបភាព​ទាំងនោះ​វែង​ឆ្ងាយ​ទៀត ។ ប៉ុន្តែ​ដោយ​ឆ្លងកាត់​ការ​ធ្វើការ​ជាមួយ​អ្នកជំនាញ​ជប៉ុន​មួយ​រយៈ​កន្លង​មកនេះ អ្នកជំនាញ​ខែ្ម​រអា​ច​ធ្វើ​ការងារ​នេះ​បាន​ដោយ​ខ្លួនឯង ជា​បណ្តើរ​ៗ​ហើយ ។ សង្ឃឹមថា បទ​ពិសោធន៍​នេះ​នឹង​អាច​ប្រើប្រាស់​សម្រាប់​ការងារ​ដូច​គ្នា​នៅ​ក្នុង​ប្រាសាទ​ដទៃ​ទៀត នៃ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ។

លោក​ទិន ទីណា ឱ្យ​ដឹង​ថា បាន​ព្យាយាម​ចាប់​ដៃគូ​សហការ​ជាមួយ​បណ្តា​ប្រទេស ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើ​ការងារ​នេះ​។ ជាក់ស្តែង ថ្មី​ៗ​កន្លង​មក បាន​ចុះ​អនុស្សរណៈ​ជាមួយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា QUEENSLAND នៃ​ប្រទេស​អូស្ត្រាលី​ទាក់ទង​នឹង​គម្រោង​សហការ​ដើម្បី​រៀបចំ​ចងក្រង​ឯកសារ​ប្រាសាទចៅស្រីវិបុល​។ គម្រោង​នេះ​តម្រូវ​ឲ្យ​មានការ​ស្រាវជ្រាវ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ផ្តោត​លើ​ការ​ចុះ​ពិនិត្យ​ដល់ទី​កន្លែង ការ​វាស់វែង​ការ​ថតរូប​និង​ស្គែ​ន​រូបភាព​នៅ​ប្រាសាទចៅស្រីវិបុល ។ ដោយឡែក នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អាជ្ញាធរ​អប្សរា និង​វិទ្យាស្ថាន Guangzhou Urban Planning Design & Survey Research Institute នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​រៀបចំ​ការ​ស្រាវជ្រាវ​រួម​គ្នា​លើ​គម្រោង Digital Angkor Thom ដោយ​ប្រើប្រាស់​នូវ 3D Laser Scanning , UAV aero photographic, virtual reality ដើម្បី​ចងក្រង​ឯកសារ Digital និង​សម្រាប់​ការ​ពណ៌នា​លម្អិត ការ​វិភាគ​វិទ្យាសាស្ត្រ និង​ការ​បង្ហាញ​រូបភាព​នៃ​ក្រុង​អង្គរធំ ៕