របាំ​សហសម័យឆ្លុះ​បញ្ចាំង​អំពីតថភាព​សង្គម​បច្ចុប្បន្ន

កញ្ញា ជី លីណា បានថ្លែងថា៖ «របាំសហសម័យគឺជារបាំនៅក្នុងទម្រង់ថ្មីមួយ។ វាគឺជារបាំមួយដែលអ្នកត្រូវស្វែងរកផ្លូវដោយខ្លួនឯងផ្ទាល់ក្នុងការបង្កើតក្បាច់រាំ»។

ភ្នំពេញ — របាំសហសម័យគឺជារបាំដែលត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សទី២០នេះ។ វាជាប្រភេទរបាំម៉្យាងដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នកសិល្បៈ។ របាំនេះអាចបង្ហាញពីកង្វល់ ឬបញ្ហាផ្សេងៗនៅក្នុងសង្គមដែលអ្នកសិល្បៈចង់បង្ហាញឲ្យសង្គមបានដឹង។ ទោះជាយ៉ាងនេះក៏ដោយ អ្នករាំរបាំសហសម័យបាននិយាយថា ពួកគេមានការលំបាកក្នុងការស្វែងរកទស្សនិកជនឲ្យទស្សនារបាំនេះ។

អ្នករបាំនៅក្នុងការសម្តែងចំនួនពីរនាពេលថ្មីៗនេះនៅក្នុងក្រុងភ្នំពេញនិយាយថា ពួកគេសង្ឃឹមថា ទស្សនិកជនអាចយល់ដឹង និងឲ្យតម្លៃទៅលើទម្រង់សិល្បៈថ្មីមួយ ដែលប្រកបដោយការលំបាក គឺរបាំសហសម័យដែលជាការសម្តែងរបាំដែលរួមបញ្ចូលនូវចង្វាក់រាំខ្មែរជាមួយនឹងចង្វាក់រាំថ្មីទំនើប។

របាំ​សហសម័យឆ្លុះ​បញ្ចាំង​អំពីតថភាព​សង្គម​បច្ចុប្បន្ន

ការសម្តែងរបាំដែលមានឈ្មោះថា៖«ដំណើរចាកចេញ» ដែលត្រូវបានដឹកនាំសម្តែងដោយអ្នកស្រី ជ័យ ចន្ទកិត្យា ដែលជាអ្នកដឹកនាំសិល្បៈរបស់អង្គការក្រៅរដ្ឋាភិបាលអម្រឹតាសិល្បៈនោះ ឆ្លុះបញ្ចាំងពីវិបត្តិនៃភាពមិនប្រាកដប្រជា និងបទពិសោធន៍ជាជនភៀសខ្លួន ការធ្វើអន្តោប្រវេសន៍ ការព្រាត់ប្រាស់គ្នា និងការស្លាប់។

ការសម្តែងរបាំមួយទៀតដែលមានឈ្មោះថា«កន្លែងមួយ» ដែលត្រូវបានដឹកនាំសម្តែងដោយលោក ជី រតនា បង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងមនុស្ស និងរវាងមនុស្ស និងសត្វ។ ការសម្តែងនេះក៏ឆ្លុះបញ្ចាំងពីអារម្មណ៍បំផុសបំផុល ដោយការជួបប្រទះជាលើកដំបូង និងប្រតិកម្មពីរាងកាយ និងអារម្មណ៍ ដែលមនុស្សម្នាក់មាននៅក្នុងបរិស្ថានថ្មីមួយ។

អ្នកដឹកនាំសម្តែងទាំងពីររូបបាននិយាយអំពីការងាររបស់ពួកគាត់នៅអំឡុងពេលពិភាក្សាគ្នាមួយនៅឯហាងកាហ្វេ Java ក្នុងក្រុងភ្នំពេញកាលពីពីរសប្តាហ៍មុន ដោយបានផ្តល់នូវការបកស្រាយមួយអំពីទម្រង់សិល្បៈ ដែលមនុស្សមួយចំនួននៅកម្ពុជា មិនដែលបានជួបប្រទះ។

សិល្បការិនី ជី លីណា ពន្យល់ថា របាំនេះបាននាំឲ្យកញ្ញាស្គាល់ពីខ្លួនឯង និងបញ្ចេញគំនិតរបស់ខ្លួនផ្ទាល់។ កញ្ញា ជី លីណា បានថ្លែងថា៖

«របាំសហសម័យគឺជារបាំនៅក្នុងទម្រង់ថ្មីមួយ។ វាគឺជារបាំមួយដែលអ្នកត្រូវស្វែងរកផ្លូវដោយខ្លួនឯងផ្ទាល់ក្នុងការបង្កើតក្បាច់រាំ»។

ការពិភាក្សានៅហាងកាហ្វេនោះបានធ្វើឡើង ក្រោយពីការសម្តែងរបាំទាំងពីរនៅឯនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយរបាំទាំងពីរមានការរួមបញ្ចូលរបាំខ្មែរបុរាណជាមួយនឹងចង្វាក់រាំថ្មីមិនធ្លាប់បានឃើញពីមុនមក។

កញ្ញា លីណា បានបន្ថែមថា៖

«របាំសហសម័យគឺខុសប្លែកពីរបាំប្រពៃណី ប៉ុន្តែក៏មានចំណុចស្រដៀងគ្នាមួយចំនួនផងដែរ។ នៅពេលដែលយើងធ្វើការសម្តែងរបាំសហសម័យ យើងត្រូវដឹងពីមូលដ្ឋានគ្រឹះ ហើយយើងត្រូវស្គាល់ពីខ្លួនយើង។ វាដូចគ្នាទៅនឹងរបាំប្រពៃណី ដែលយើងត្រូវការមូលដ្ឋានគ្រឹះដែរ»។

កញ្ញា ចន្ទកិត្យា ដែលទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីកម្មវិធីវិចិត្រសិល្បៈផ្នែករបាំ និងចង្វាក់រាំនៅមហាវិទ្យាល័យ កាលីហ្វញ៉ា បាននិយាយថា៖

«ប្រជាពលរដ្ឋនឹងទទួលបានចំណេះដឹងពីការមើលការសម្តែងរបាំសហសម័យនេះ។ ខ្ញុំគិតថា ផលប្រយោជន៍គឺយើងបានឃើញអ្វីដែលថ្មី។ មនុស្ស បើកាលណាមិនដែលឃើញអ្វីថ្មី យើងគ្មានការរីកចម្រើននោះទេ។ នេះទីមួយ។ ទីពីរទៀត ទស្សនិកជនអាចចាប់ផ្តើមសួរសំណួរ ហើយខ្ញុំជឿថា ជានិច្ចកាល សង្គមមួយ ឬក្រុមមួយ ឬមនុស្សម្នាក់អាចអភិវឌ្ឍខ្លួនឯងទៅបាន លុះត្រាតែមនុស្សនោះចេះសួរសំណួរ។ សំណួរទៅកាន់ខ្លួនឯង សំណួរទៅកាន់អ្នកដទៃ និងបរិយាកាសនៅជុំវិញខ្លួន»។

កញ្ញា កិត្យា បានបន្ថែមថា៖

«របាំសហសម័យនេះ គឺអនុញ្ញាតឲ្យមនុស្សមានសេចក្តីក្លាហានក្នុងការបញ្ចេញនូវទស្សនៈខ្លួនឯង»។

អ្នកសម្តែងរបាំសហសម័យនៅកម្ពុជាតែងតែប្រឈមនឹងការលំបាកជាមួយនឹងការផ្គត់ផ្គង់មូលនិធិ ទីតាំងហាត់សម និងកន្លែងសម្រាប់ការសម្តែង។ ប៉ុន្តែក៏មានជំនួយមួយចំនួនពីគម្រោង Trojan Women Project ដែលជាបណ្តាញមួយនៃមហោស្រព La MaMa ក្នុងក្រុងញូវយ៉ក ដែលធ្វើការជាមួយសិល្បករ ដែលធ្វើការសម្តែងជុំវិញពិភពលោក។

របាំ​សហសម័យឆ្លុះ​បញ្ចាំង​អំពីតថភាព​សង្គម​បច្ចុប្បន្ន

អ្នកស្រី គីម អ៊ីម៉ា (Kim Ima) សមាជិកម្នាក់នៃសមាជិកប្រាំនាក់នៃគម្រោង Trojan Women Project បានបកស្រាយថា គម្រោងនេះបានចាប់ផ្តើមសហការជាមួយនឹងអង្គការអម្រឹតាសិល្បៈ ដើម្បីបង្កើតការសម្តែងរបាំមួយពីសោកនាដកម្មសម័យកាលក្រិកបុរាណស្តីអំពីផលវិបាកនៃជម្លោះមួយ។

«វាគឺជាការសម្តែងសិល្បៈដែលមានអ្នករាំ អ្នកច្រៀង និងអ្នកលេងតន្ត្រី។ អ្នកទាំងអស់នោះរៀនជាមួយគ្នា ហើយយើងនាំអ្នកទស្សនាឲ្យចូលរួមជាមួយយើង។ យើងប្រាប់ពួកគាត់អំពីរឿងរបស់ Trojan Women»។

អ្នកស្រីបានបន្ថែមថា ការសម្តែងនេះនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។

កញ្ញា ចន្ទ កិត្យា បាននិយាយថា បញ្ហាប្រឈមមួយទៀតគឺការនាំប្រជាជនកម្ពុជាឲ្យផ្តល់តម្លៃដល់ការសម្តែងដ៏លំបាកនានា។ ប្រជាជនក្រុងភ្នំពេញមួយចំនួននាពេលបច្ចុប្បន្ននេះ មិនសូវចាប់អារម្មណ៍នឹងការចេញទៅក្រៅ ដើម្បីទស្សនាកម្មវិធីវប្បធម៌ផ្សេងៗឡើយ។ អ្នកស្រីបកស្រាយថា ក្រុមអ្នករៀបចំបានខិតខំរក្សាតម្លៃសំបុត្រឲ្យទាប។

«អញ្ចឹងដើម្បីបំបែកឧបសគ្គនេះអញ្ជើញចេញមក។ ទីក្រុងភ្នំពេញមានរបស់ច្រើនមែនទែនសម្រាប់អ្នកទាំងអស់គ្នាទៅទស្សនា។ មានសារមន្ទីរ មានការតាំងពិពណ៏ មានការប្រគុំតន្ត្រី។ មិនមែនមានតែកន្លែងញ៉ាំនោះទេ។ ឧបសគ្គទីពីរខ្ញុំគិតថា យើងមិនទាន់ចេះមើលទម្រង់បែបសហសម័យនេះទេ។ អញ្ចឹងប្រជាជនមានការអល់អែកថា មិនដឹងជាទៅមើលធ្វើអ្វី បើខ្លួនឯងអត់យល់ផង។ តាមពិតយើងទៅមើលមិនមែនដើម្បីយល់នោះទេ តែគឺដើម្បីសួរខ្លួនឯងឲ្យបានកាន់តែច្រើន»។

ទោះបីយ៉ាងណាក៏ដោយ គោលបំណងនៃការសម្តែងរបាំនេះ គឺដើម្បីបំផុសនូវគំនិតថ្មីៗនៅក្នុងចំណោមទស្សនិកជន៕

ប្រភពៈ VOA