​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ជំរុញ​ឲ្យ​មានគំនិត​ច្នៃប្រឌិត​ថ្មីៗ​ និពន្ធដោយ : VOA       June-28-2016, 8:39 am         87

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ជំរុញ​ឲ្យ​មានគំនិត​ច្នៃប្រឌិត​ថ្មីៗ​​ភ្នំពេញ​៖ ក្រុម​សិល្បករ ស្ថាបត្យករ ផលិតករ​ភាពយន្ត អ្នក​រចនា​ម៉ូត (Designer) និង​និស្សិត សរុប​ប្រមាណ​៣០​នាក់ កាលពីពេល​ថ្មីៗ​នេះ បាន​ជួបជុំ​ពិភាក្សា​និង​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញទៅមក នៅឯ​ការិយាល័យ Emerald Hub ក្នុង​ទីក្រុង​ភ្នំពេញ ជា​ផ្នែក​នៃ​គម្រោង​ផ្ដួចផ្ដើម​ថ្មី​មួយ ដែល​គេ​ហៅថា ការបើកចំហ​លំហ​គំនិត​ច្នៃប្រឌិត​។ គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ ត្រូវបាន​ឧបត្ថម្ភ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង ការិយាល័យ Emerald Hub​។​

​លោកស្រី Irene Leung អ្នករៀបចំ​កម្មវិធី​នៃ​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ មានប្រសាសន៍ថា ការប្រមូល​ផ្ដុំគ្នា​របស់​យុវជន​ដែលមាន​គំនិត​និង​ទេពកោសល្យ​ផ្សេងៗ​មកពី​វិស័យ​ផ្សេងៗ​គ្នា​នេះ មាន​គោលដៅ ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ចំពោះ​បញ្ហា​សង្គម​មួយចំនួន ដែល​ពួកគេ កំពុង​ប្រឈមមុខ​។​

«​ពិតជា​អាច​អះអាង​បាន​ថា ការ​ច្រមូល​ផ្ដុំ​នេះ មិន​ត្រឹមតែ​ជា​ប្រភេទ​នៃ​ការទំនាក់ទំនង​ដែល​ធ្វើអោយ​បុគ្គល​អាច​ចេញ​ផុតពី​ភាព​ឯកោ ឬ​អារម្មណ៍​មិន​ប្រាកដប្រជា​ណាមួយ​ទេ ប៉ុន្តែ​វា​បានធ្វើអោយ​អ្នក​គ្រប់គ្នា​និយាយ​ពិភាក្សាគ្នា សម្រាប់​ចម្លើយ​ជាច្រើន ព្រោះថា​វា​មិនមាន​ចម្លើយ​តែមួយ​ទេ គឺមាន​វិធី​ផ្សេងៗ​គ្នា​ក្នុងការ​សាកល្បង​អ្វីដែល​ថ្មី​នោះ​»​។​

​លោកស្រី Irene Leung បាន​បន្តថា លោកស្រី ពិតជា​សប្បាយចិត្ត​ពេលដែល​បាន​ឃើញថា​សិល្បករ សិល្បការិនី​ក្នុង​តំបន់ មានប្រតិកម្ម​ចំពោះ​បញ្ហា​សង្គម​នានា ជាពិសេស​ទាក់ទង​ទៅនឹង​សិល្បៈ ដោយ​ពួកគេ​បានស្នើ​ដាក់​ប្រធានបទ​របស់​ពួកគេ​ក្នុងការ​ពិភាក្សា និង​បន្ទាប់មកទៀត ពួកគេ​បាន​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។​

​កញ្ញា ស៊ន់ ឡាវ និស្សិត​សាកលវិទ្យាល័យ​មួយ បាន​និយាយថា វា​ពិតជា​មានតម្លៃ​ណាស់​ក្នុងការ​ចូលរួម​ការជួប​ជុំ​នេះ «​ព្រោះតែ​ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួនឯងបាន​កាន់តែ​ល្អប្រសើរ​ដោយ​អនុវត្តតាម​អ្វីដែល​ខ្ញុំ​បាន​រៀន​នៅថ្ងៃនេះ​សម្រាប់​អាជីព​នាពេល​អនាគត​របស់ខ្ញុំ​»​។​

​នាង​បាន​បន្ថែមថា នៅ​ប្រទេស​កម្ពុជា ការទទួលស្គាល់​ស្នាដៃ​សិល្បករ​វ័យក្មេង នៅមានកម្រិត​នៅឡើយ ដោយសារតែ​មិនសូវមាន​ការគាំទ្រ​ជាពិសេស​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​មហាជន​។​

​លោក ប៉ោយ ឈុនលី អ្នក​រចនា​គំនូរជីវចល មកពី​ខេត្តបាត់ដំបង បាន​និយាយថា លោក​បានមកពី​ចម្ងាយ​ជាមួយនឹង​គំនិតល្អ​មួយចំនួន ក្នុង​ការផលិត​ខ្សែភាពយន្ត​មួយ​ដែល​ចំណាយ​ថវិកា​យ៉ាង​តិចតួច​បំផុត​។

​ខ្សែភាពយន្ត​ដែល​លោក​កំពុង​ផលិត​នេះ មាន​ឈ្មោះថា Banyan Film​។ «​ខ្ញុំ​ទទួលបាន​គំនិតល្អ​ប្រសើរ​ជាច្រើន ដែល​អាចធ្វើអោយ​គម្រោង​ខ្ញុំ​មាន​ភាពរលូន​ល្អ​បាន »​។ នៅក្នុង​ប្រទេស​កម្ពុជា ឱកាស​ក្នុងការ​ជួបជុំគ្នា​រវាង​ក្រុមយុវជន ដែលមាន​ជំនាញ​និង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ នៅមានកម្រិត​តិចតួច​នៅឡើយ​។​

​លោក ប៉ោយ ឈុនលី បាន​ថ្លែងថា លោក​មាន​សេចក្ដី​រីករាយ ដែល​ការជួបជុំ​នេះ​គឺជា​វេទិកា​វិជ្ជមាន​មួយ​សម្រាប់​ការចែករំលែក​បទពិសោធ​ន៍​ក្នុងចំណោម​សិល្បករ​មក​ពី​សហគមន៍​នានា​។​

​កញ្ញា មឿង មេត្តា សិល្បករ​ឯករាជ្យ​ម្នាក់ទៀត បានឱ្យដឹងថា ការបើកចំហ​លំហ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នេះ គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​មួយ​។ «​បន្ទាប់ពី​បានឮ​រឿង និង​គំនិត​ជាច្រើន​របស់​អ្នកចូលរួម ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ហើយ​ខ្ញុំ​គិតថា​ខ្ញុំ​ទទួលបាន​ថាមពល​វិជ្ជមាន​ខ្លាំងណាស់​»៕