ទង្វើ​គាត់នេះ ប៊ិះ​ចង្រៃ​ដល់​គេ

ខេត្តពោធិ៍សាត់ ៖ ​បុរស​ម្នាក់​​​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ដោយសារ​តែ​​​​ស្រវឹង​បាន​ផ្ទុះ​ភ្លើង​ប្រច​ណ្ឌ​ជាមួយ​​ប្រពន្ធ ​​​យក​​សាំង​មួយ​ដប​មក​​​ចាក់​ដុត​ផ្ទះ​បណ្ដាលឱ្យ​ឆេះហ្មត់ ដែលហេតុការណ៍នេះ កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​០៩ ​និង​១៣​នាទី​យប់​នាទី​​​ថ្ងៃ​ទី​២៦​ មិថុនា​ ​២០១៦ ស្ថិត​​នៅ​ភូមិ​កំ​រ៉ែ​ង ​ឃុំ​ស្វាយ.ស​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។

ជនសង្ស័យ​ឈ្មោះ​ម៉ិ​ល ម៉ា​ន់​ អាយុ​២៧​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ថា មុំ​ អាយុ​២៤​ឆ្នាំ មានកូន២​នាក់ ​(ស្រី​១​ ប្រុស​១) រស់នៅ​​​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។ មាន​​ផ្ទះ​​ទំហំ​ទទឹង​​៤​ម៉ែត្រ ​បណ្ដោយ​​៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ បាន​ក្លាយចំណីភ្លើងអស់ ​។ ​

​​ប្រភពបន្តថា មុន​ពេល​កើតហេតុ នៅ​យប់​នោះ​​បុរស​ជា​ប្ដី​​​ផឹកស្រា​ជាមួយ​មិត្ត​ភក្តិ​ក្នុងភូមិ​តាំងពី​ល្ងាច​ រហូត​ដល់​យប់ ​​ក្នុង​សភាព​ស្រវឹង​ជោកជាំ​ ​។ ​លុះ​ពេលទៅ​ផ្ទះ ​ជនសង្ស័យ​​​ប្រច​ណ្ឌ​​ប្រពន្ធ​ជាមួយ​អ្នក​ណា​ម្នាក់​​ក្នុងភូមិ​ ហើយ​បាន​និយាយ​ជាមួយ​ប្រពន្ធ​ រហូត​មានការ​ប្រកែក​ពាក្យ​សំដី​គ្នា ​។ ​មួយសន្ទុះ​​ ស្រាប់តែ​ទៅ​យក​សាំង​មួយ​ដប​​ចំណុះ​មួយ​លី​ត្រ មក​ចាក់​ដុត​ផ្ទះ​ឆេះ​ផ្អើល​ពេញ​ភូមិ​ ។

ដោយសារ​ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ​បន្តិច ​ពុំ​មាន​អ្នកស្រុក​មក​ជួយ​ពន្លត់​​ភ្លើង​​បាន ក៏​​ឆាបឆេះ​តាម​ដំណើរ​រហូត​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​។​ភ្លាម​ៗ​នោះ​ សមត្ថកិច្ច​​បានចុះទៅ​​ឃាត់ខ្លួន​​បុរស​ជា​ប្ដី​តាម​សំណូមពរ​របស់​ប្រពន្ធ​ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍​សាត់ ​ដើម្បី​ចាត់ការ​បន្ត​​ ។