ស៊យមហាស៊យ! ដើរជាមួយចៅសុខៗ ស្រាប់តែជួប​គ្រោះអកុល ដង្កាប់​ធ្លាក់​ពី​អគារ​ជាន់​​ទី​៣១​ចាក់​​ទម្លុះ​ផុង​លលាដ៍

ស្ត្រីវ័យចំណាស់ម្នាក់ ដែលជាអ្នកស្រុករស់នៅក្នុងខេត្ត Sichuan ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ជាមួយស្ថានភាពដង្កាប់១គូដោតជាប់នឹងលលាដ៏ក្បាលរបស់គាត់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះ Wang Youfan អាយុ ៥៨ ឆ្នាំ បានកំពុងដើរជាមួយចៅស្រីរបស់គាត់ ចេញតាមច្រកទ្វាក្រោយនៃសហគមន៍ផ្ទះល្វែងរបស់គាត់ នៅពេលនោះ ស្រាប់តែដង្កាប់១គូ បានធ្លាក់ពីអគារជាន់ទី ៣១ និងវាយប្រហារចាក់ចំផ្នែកស្តាំក្បាលគាត់តែម្តង ។ ក្រោយហេតុការណ៍បានកើតឡើង គាត់នៅតែមានស្មារតីនឹងនរ ខណៈពួកអ្នកជិតខាងទូរស័ព្ទហៅរថយន្តសង្គ្រោះ ។

ការវះកាត់ចំណាយរយៈពេល ៣ ម៉ោង ដើម្បីដកយកដង្កាប់នោះចេញ ដែលបានដោតលិចចូលក្នុងខួរក្បាលរបស់គាត់ជម្រៅ ១៥ សង់ទីម៉ែត្រ ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះ Youfan កំពុងដេកសន្លប់នៅក្នុងបន្ទប់ថែទាំ ។

គ្រូពេទ្យម្នាក់ត្រូវបានដកស្រង់សម្តី ដោយនិយាយថា មានហានិភ័យឆ្លងមេរោគខ្ពស់ ព្រោះដង្កាប់នោះកខ្វក់ ហើយណាមួយរបួសជ្រៅពេក ដែលពិបាកក្នុងការលាងសម្អាតឲ្យបានល្អ ។

កាសែតក្នុងស្រុកមួយរបស់ចិន និយាយថា ប៉ូលីសបាននិងកំពុងបើកការស៊ើបអង្កេតស្វែងរកអ្នកដែលបានទម្លាក់ដង្កាប់នេះ ហើយជនសង្ស័យម្នាក់នៅក្នុងអគារនោះ ត្រូវបានចាប់ឃុំខ្លួន ៕

ស៊យមហាស៊យ! ដើរជាមួយចៅសុខៗ ស្រាប់តែជួប​គ្រោះអកុល ដង្កាប់​ធ្លាក់​ពី​អគារ​ជាន់​​ទី​៣១​ចាក់​​ទម្លុះ​ផុង​លលាដ៍