អ៊ីតាលី ទម្លាក់អេស្ប៉ាញ ដើម្បីទៅជួបក្រុមអាល្លឺម៉ង់

ខ្សែការពារ Giorgio Chiellini និងខ្សែប្រយុទ្ធ Graziano Pelle សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានបំពេញការសងសឹកសម្រាប់ការរងបរាជ័យក្នុងការប្រកួត Euro ឆ្នាំ២០១២ វគ្គផ្តាច់ព្រ័ត្ររបស់ពួកគេតាមរយៈការទម្លាក់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញឲ្យធ្លាក់ចេញពី Euro ឆ្នាំ២០១៦ ជាមួយនឹងជ័យជម្នះ ២-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ។

Giorgio-Chiellini-ft16

ការទទួលជ័យជម្នះដ៏កក់ក្តៅនេះ នឹងធ្វើឲ្យក្រុមជម្រើសជាតិអ៊ីតាលី ទៅជួបជើងខ្លាំអាល្លឺម៉ង់ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ Chiellini បានបង្ខំឲ្យមានជ័យជម្នះនេះតាមរយៈការស៊ុតបាល់បញ្ចូលទីក្បែរប្រអប់ទីរបស់អ្នកចាំទី David de Gea ក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់ Eder។

ខ្សែប្រយុទ្ធ Pelle បានបំពេញការទទួលជ័យជម្នះសម្រាប់ក្រុមនៅនាទីបន្ថែមដើម្បីផ្តល់ការខកចិត្តដល់ក្រុមជម្រើសជាតិអេស្ប៉ាញ។ លោក Antonio Conte អ្នកចាត់ការទូទៅរបស់អ៊ីតាលី បានរាំតាមបណ្តោយខ្សែក្បែរទីលានប្រកួតនៃកីឡដ្ឋាន Stade de France ដើម្បីអបអរជ័យជម្នះរបស់ខ្លួន ខណៈដែលកីឡាកររបស់លោកបានកោតសរសើរពីបច្ចេកទេសរបស់លោកសម្រាប់ការទទួលជ័យជម្នះនេះ។

ខ្សែការពារ Leonardo Bonucci បានឲ្យដឹងថា៖ «លោក Conte ពិតជាគ្រូបង្វឹកដ៏សំខាន់ម្នាក់ ពីព្រោះគាត់អាចបង្កើតផែនការប្រកួតដ៏មានប្រសិទ្ធភាព ហើយរូបលោកកាន់តែសំខាន់រាល់ការប្រកួតទាំងអស់។ ដំណើររីកចម្រើននេះដែលបានចាប់ផ្តើមកាលពី២ឆ្នាំមុន ពិតជាសំខាន់ណាស់»៕

ប្រភពព័ត៌មាន៖ Channel News Asia