៣​ចំណុច​គួរ​ដឹង​ឲ្យ​ច្បាស់ ពេល​សរសេរ CV

បច្ចុប្បន្ន​ទីផ្សារ​ការងារ​កាន់​តែ​ចង្អៀត ទាម​ទារ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ព្រោះ​និស្សិត​បញ្ចប់​ការ​សិក្សា​កាន់​តែ​ច្រើន។ ការ​សរសេរ CV (ប្រវត្តិរូប​សង្ខេប) ឲ្យ​មាន​ភាព​ទាក់​ទាញ ក៏​ជា​ចំណុច​មួយ​ត្រូវ​ចាប់​អារម្មណ៍​ដែរ ព្រោះ​សរសេរ​ឲ្យ​មាន​ភាព​ទាក់​ទាញ ទើប​អាច​ឈាន​ដល់​ដំណាក់​កាល​សម្ភាសន៍។

 

៣​ចំណុច​គួរ​ដឹង​ឲ្យ​ច្បាស់ ពេល​សរសេរ CV

 

របៀប​សរសេរ CV ដែល​មាន​ភាព​ទាក់ទាញ ត្រូវ​បាន​លោក​ Gijs Braakman​ ប្រធាន​ផ្នែក​ទីផ្សារ​ និង​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ​Everjob​ លើក​ឡើង ៣​ចំណុច​ដូច​ខាង​ក្រោម៖

 

១. ស្គាល់​ការងារ​ដែល​ត្រូវ​ដាក់

អ្នក​ស្វែង​រក​ការងារ គួរ​តែ​ស្គាល់​ឱ្យ​បាន​ច្បាស់​នូវ​ប្រវត្តិ​ក្រុមហ៊ុន ការ​ពិពណ៌នា​ពី​ការងារ និង​ជំនាញ​ដែល​ត្រូវ​ការ។ ប្រវត្តិ​ក្រុមហ៊ុន អាច​ធ្វើ​ឱ្យ​អ្នក​សរសេរ​ដឹង​ថា ក្រុមហ៊ុន​នោះ​ធ្វើ​អ្វី ហើយ​វា​ពិតជា​មាន​សារៈសំខាន់ ហើយ​ក៏​អាច​ឱ្យ​អ្នក​ស្វែងរក​ការងារ​អាច​​បែកចែក​គ្នា​រវាង​ការងារ​ដែល​គេ​បាន​ដាក់​ពីមុនៗ​មក។ រីឯ​ការ​ពិពណ៌នា​ពី​ការងារ​និង​ជំនាញ​ដែល​ត្រូវការ​ អាច​ធ្វើ​ឱ្យ​គេ​ដឹង​ថា ក្រុមហ៊ុន​ចង់បាន​អ្វី។​

២. ស្គាល់​ខ្លួន​ឯង

អ្នក​សរសេរ​ត្រូវ​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ចង់​ធ្វើការ​នៅ​កន្លែង​ហ្នឹង? ហើយ​មាន​ជំនាញ​អ្វីខ្លះ​ដែល​អាច​ឱ្យ​គេ​ជ្រើសរើស​យក? ចំណុច​ទាំង​ពីរ​នេះ​ មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ អ្នក​ស្វែងរក​ការងារ​ដឹង​ថា ពួកគេ​ស័ក្ដិសម​នឹង​ការងារ​នោះ​ដែរ​ឬ​ទេ?

 

៣. សរសេរ​តាម​ការ​ឈ្វេងយល់​

អ្នក​សរសេរ​ត្រូវ​តែ​សរសេរ​យ៉ាងណា​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​នូវ​អ្វី​ដែល​ល្អៗ។ កត្តា​នោះ​មាន​ដូចជា​បទពិសោធន៍​ការងារ​ កម្រិត​នៃ​ការ​អប់រំ​ និង​ជំនាញ​ផ្សេងៗ។ អ្នក​ស្វែង​រក​ការងារ​ គួរតែ​សរសេរ​អ្វី​ដែល​ទាក់ទង​នឹង​ការងារ​ដែល​គេ​ដាក់​ ហើយ​មិន​គួរ​សរសេរ​តែ​មួយ​ដូចគ្នា​នោះ​ទេ ដោយសារ​តែ​ពេល​ខ្លះ​គេ​មិន​ត្រូវការ​អ្វី​ដែល​មិន​ទាក់ទង​នោះ​ទេ​។ ត្រូវ​ព្យាយាម​បង្ហាញ​នូវ​អ្វី​ដែល​ល្អៗ ហើយ​ទាក់ទង​នឹង​ការងារ​ដែល​គេ​ដាក់​៕

 

អត្ថបទ៖ នួន ចាន់លីហួត