តុលាការ​ពុំ​ទាន់​សម្រេច​បណ្ដឹង ធី សុវណ្ណ​ថា ប្តឹង​កឹម សុខា ទារ​មួយ​លាន​ដុល្លារ​

តុលាការ​ពុំ​ទាន់​សម្រេច​បណ្ដឹង ធី សុវណ្ណ​ថា ប្តឹង​កឹម សុខា ទារ​មួយ​លាន​ដុល្លារ​



ភ្នំពេញ​ ៖​ បន្ទាប់ពី​កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​ និង​កិច្ចការ​សង្គម និង ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពាក្យ​បណ្ដឹង​ប្តឹង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ រហូតដល់​មក​ពេលនេះ រយៈពេល​ជាង​៣​ខែ​មក​ហើយ តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ។

អ្នកច្បាប់​មួយ​រូប អះអាង​ថា ប្រសិនបើ​តុលាការ​រក​ឃើញ​ថា លោក កឹម សុខា មាន​តម្រុយ​ពិរុទ្ធភាព​បទល្មើស​មែន​នោះ តុលាការ​នឹង​សម្រេច​ចោទប្រកាន់​លោក កឹម សុខា រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ ប្រសិនបើ តុលា​ការ​រក​មិន​ឃើញ​តម្រុយ​ពិរុទ្ធភាព ទេ​នោះ តុលាការ​នឹង​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ តែ​ដើមបណ្ដឹង​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ក្នុង​កំណត់​ច្បាប់ ។

លោក សាំង វ​ណ្ណៈ មេធាវី​តំណាង​កញ្ញា ធី សុវណ្ណ​ថា បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ថា រហូត​មកទល់​ពេលនេះ តុលាការ​ពុំ​ទាន់​សម្រេច​ចំពោះ​បណ្ដឹង​នេះ នៅឡើយ​ទេ។ លោក បន្ថែមថា ព្រះរាជអាជ្ញា​រង ទទួលបន្ទុក​សំណុំ​រឿង​នេះ កំពុង​ចាត់ការ​តាម​នីតិវិធី។

គួរ​រំលឹកថា កាលពី​ថ្ងៃ​២៧ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ កញ្ញា ធី សុវណ្ណ​ថា បាន​ចូល​បំភ្លឺ​ក្នុងនាម​ដើម​បណ្តឹង ចំពោះ​សំណុំរឿង​ខ្សែអាត់​សំឡេង​សន្ទនា​គ្នា​រវាង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​បាន​ចោទប្រកាន់​កញ្ញា ធី សុវណ្ណ​ថា ថា បោកប្រាស់​យក​ប្រាក់​មូលនិធិ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ទិញ​ឡាន​និង​ផ្ទះ។

ក្រោយពី​បញ្ចប់​ការសាកសួរ កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា នាង​ប្តឹង​លោក កឹម សុខា គឺ​ដើម្បី​ឲ្យ​គាត់ មានការ​រាងចាល មិន​បរិហារកេរ្តិ៍​ទៅលើ​នារី​ដទៃទៀត​។ កញ្ញា បញ្ជាក់​ថា «​គាត់​ជា​មេដឹកនាំ​ម្នាក់ ខ្ញុំ​ចង់​ឲ្យ​គាត់ មានការ​រាងចាល ទើប​ទាមទារ​សំណង​ច្រើន​បែប​នេះ ដើម្បី​កុំ​ឲ្យ​គាត់​ចេះតែ​និយាយ បរិហារ​ទៅលើ​មនុស្ស​ស្រី​ដទៃ​ទៀត ដែល​គេ​ស្អាតស្អំ​»​។ កញ្ញា បាន​ប្តឹង​លោក កឹម សុខា ទាមទារ​សំណង​ចំនួន​១​លាន​ដុល្លារ និង​សូម​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវ។ បន្ថែម​ពីលើ​នេះ ព្រះរាជអាជ្ញា​រង​ និង​អ្នកជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា បាន​បញ្ជាក់​ថា ការ​ស្តាប់​ចម្លើយ កញ្ញា ធី សុវណ្ណ​ថា ទទួល​បាន​នូវ​លទ្ធផល​ដែល​មាន​ប្រយោជន៍​ដល់​ការស៊ើបអង្កេត​បន្ត​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ៕