មន្ត្រី​ការ​ទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​បន្ថែម​ទៀត ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា

មន្ត្រី​ការ​ទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​បន្ថែម​ទៀត ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា



ភ្នំពេញ ៖ តាម​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់​នាក់ ឈ្មោះ ពៅ ចាន់​ថុ​ន អាយុ​២៨​ឆ្នាំ រស់នៅ​ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្ត​ព្រៃវែង ដែល​បាន​ទៅ​ប្រទេស​ចិន​ ដើម្បី​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន តាំងពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​ទាន់បាន​រៀបការ​នៅឡើយ​ទេ ដោយមាន​ការលំបាក​បាន​ទៅ​ស្ថាន​អគ្គ​កុងស៊ុល​ស្នើសុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត អាន​ហួយ និង​អាជ្ញាធរ​ទីក្រុង សៀង​ហៃ ដើម្បី​រៀបចំ​បែបបទ​ធ្វើដំណើរ ឲ្យ​សាមីខ្លួន​អាច​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ក្នុង​កំឡុងពេល​រង់ចាំ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ ស្ថាន​អគ្គ​កុងស៊ុល​បាន​ផ្ដល់​កន្លែង ស្នាក់នៅ និង​ការ​ហូបចុក​ដល់​ស្ត្រី​ខ្មែរ​រូប​នេះ។ ស្ត្រី​ខ្មែរ ពៅ ចាន់​ថុ​ន បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២៣ និង​៣០ នាទី​យប់។

ចំណែក​ករណី​មួយទៀត ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ម្នាក់​​ ឈ្មោះ ថុល វណ្ណា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ តាមរយៈ​មេខ្យល់ ដោយ​ធ្វើដំណើរ​តាម រថយន្ត​កាត់​តាម​ប្រទេស​ថៃ ហើយ​ជួបប្រទះ​នឹង​ការ​លំបាក​ក្នុង​ការងារ ឲ្យ​បាន វិល​ត្រឡប់មក​កម្ពុជា​វិញ តាម​សំណើសុំ​របស់​សាមីខ្លួន​។ ដោយមាន​ការ​អន្តរាគមន៍​ពី​ស្ថានទូត ថៅកែ​របស់​ពល​ការិនី ថុល វណ្ណា បាន​យល់ព្រម​ទិញ​សំបុត្រ​យន្តហោះ និង​មិន​ទារ​លុយ​នៅ​ជំពាក់​ដែល​ពល​ការិនី​រូប​នេះ​បាន​ខ្ចី​ក្នុង​ពេល​កន្លងមក។

ក្នុង​កំឡុង​ពេល​រង់ចាំ​ការ​វិល​ត្រឡប់​មក​កម្ពុ​ជា​វិញ ស្ថានទូត​បាន​ផ្ដល់​កន្លែង​ស្នាក់នៅ និង​ការ​ហូបចុក ដល់​ពល​ការិនី​រូបនេះ។ ពល​ការិនី ថុល វណ្ណា បាន​មកដល់​កម្ពុជា​ហើយ កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៧ : ៣៥ នាទី ព្រឹក តាម​ជើង​យន្តហោះ AK ៥៣៦។ ចំណែក​ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហ​បុរី បាន​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ខ្មែរ​០១​នាក់ ឈ្មោះ ប៉ូ សុខា ភេទ​ស្រី ដែល​បាន​ទៅ​ប្រទេស​សិង្ហ​បុរី​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​សិង្ហ​បុរី​ឃាត់ខ្លួន ពី​បទ​លួច​គ្រឿងអលង្ការ​នៅ​ក្នុង​ផ្ទះ​ថៅកែ​។ ដោយ​ការ​អន្តរាគមន៍​របស់​ស្ថានទូត ប៉ូលិស​សិង្ហ​បុរី បាន​បញ្ជូន កញ្ញា ប៉ូ សុខា ទៅ​ស្នាក់នៅ បណ្ដោះអាសន្ន​នៅ​មជ្ឈមណ្ឌល​សម្រាប់​ពលករ​ក្នុងស្រុក (Centre for Domestic Employees) ក្នុងអំឡុងពេល​ដំណើរការ​នីតិវិធី​ស៊ើប​អង្កេត​របស់​ប៉ូលិស។

តាម​លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ដែរ​ថា តាម​សំណើសុំ​របស់​ស្ថានទូត ថៅកែ​របស់​កញ្ញា ប៉ូ សុខា មិន​បាន​ប្ដឹង និង​មានបំណង​បញ្ចប់​រឿងក្ដី​ខាង​លើនេះ​។ ស្ថានទូត​បាន​និង​កំពុង​ស្របស្រួល ដើម្បី​ដោះ​ស្រាយ​បញ្ចប់​សំណុំរឿង របស់​នារី​ខ្មែរ​រូប​នេះ​៕