សាក្សី ឌុច បន្ត​បដិសេធ​ភស្តុតាង​នៅ​មន្ទីរ​ស-២១​ខ្លះ​ថា​ជា​ភស្តុតាង​ត្រូវ​បាន​គេ​បង្កើត​ឡើង

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា បាន​បញ្ចប់​ការ​ស្ដាប់​ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​ស-២១។ សាក្សី ឌុច បន្ត​បដិសេធ​ភស្តុតាង​នៅ​អតីត​សារមន្ទីរ ស-២១ ខ្លះ​ថា ជា​ភស្តុតាង​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ជា​ថ្ងៃ​របប​ខ្មែរ​ក្រហម​ដួល​រលំ។

ការ​បដិសេធ​ភស្តុតាង​នេះ គឺ​សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច បញ្ជាក់​នឹង​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) មុន​ពេល​បញ្ចប់​សក្ខីកម្ម​អស់​រយៈ​ពេល ១២​ថ្ងៃ​របស់​លោក​នៅ​ថ្ងៃ​ទី​២៧ មិថុនា នេះ៖ «នៅ ស-២១ រហូត​ដល់​ថ្ងៃ​៧ មករា គ្មាន​អាង​ជ្រមុជ​ទឹក គ្មាន​ក្ដារខៀន ហើយ​សរសេរ​ស្អី វិន័យ​សន្តិបាល ដែល​គេ​សរសេរ​ជា​អក្សរ​នេះ គ្មាន​ទេ ហើយ​ក៏​គ្មាន​ចំណារ​របស់​យួន​នៅ​លើ​ឯកសារ​របស់ ស-២១ ដែរ។ ឯ​ចំណែក​ឯកសារ​ក្រោយ​មក​នេះ វា​មាន។ ខ្ញុំ​បាន​បដិសេធ​ហើយ តាំង​ពី​សម័យ​ស៊ើបអង្កេត​ម្ល៉េះ។ នៅ​សម័យ​ស៊ើប​អង្កេត​ខ្ញុំ​បាន​បដិសេធ​ស្អី វិន័យ​សន្តិបាល​ទាំង ១០ខ»

លោក​ថា ចំណុច​ដែល​លោក​បញ្ជាក់​ថា មិន​ពិត​នោះ គឺ​ចំណុច​ដែល​និយាយ​ទាក់ទង​នឹង​កម្ពុជា ក្រោម៖ «ចៅក្រម ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) សួរ​ថា យ៉ាង​ម៉េច​បាន​ជា​អ្នក​ឯង​ថា មិន​ពិត? ខ្ញុំ​ថា អា​ចំណុច​ទី​៨​នោះ ដែល​ថា កុំ​អាង​យក​កម្ពុជា​ក្រោម​ធ្វើ​ជា​លេស​មិន​ឆ្លើយ មិន​បាន។ ខ្ញុំ​ថា​គ្មាន​ទេ។ ស-២១ អត់​មាន​ណែនាំ​ពី​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ដល់​អ្នក​សួរ​ទេ ហើយ​ឯ​អាង​ជ្រមុជ​ទឹក​ស្អី​ហ្នឹង កុន ប៊ីហ្សូ (Francois Bizot) ថត​ទៅ​ផ្សេង​ទៅ។ ឯ​ចំណែក​អាង​ជ្រមុជ​ទឹក​របស់ ផា ថា ចាន់ គាត់​ឱ្យ វ៉ាន់ ណាត គូរ​នោះ​ទៅ​ផ្សេង​ទៅ។ តាម​ពិត វា​គ្មាន​អាង​ជ្រមុជ​ទឹក​ទេ។ ជាក់​ស្ដែង គ្មាន​អី​ពិបាក​យល់​ទេ ចំណារ​ជា​អក្សរ​យួន​នៅ​លើ​ឯកសារ ស-២១ ជា​ចំណារ​ក្រោយ ៧ មករា»

កាល​ពី​ថ្ងៃ​ទី​៩ មិថុនា សាក្សី ឌុច ធ្លាប់​បដិសេធ​ម្ដង​ហើយ​ថា ឧបករណ៍​ធ្វើ​ទារុណកម្ម​ខ្លះ​ដែល​មាន​តាំង​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​សព្វ​ថ្ងៃ​នេះ លោក​មិន​ដែល​ឃើញ​ទេ ពេល​លោក​ធ្វើ​ជា​ប្រធាន​គុក​ទួល​ស្លែង។

នៅ​ពេល​នេះ សាក្សី ឌុច ក៏​បដិសេធ​ឯកសារ​ភាពយន្ត​របស់​ក្រុម​អ្នក​កាសែត​កងទ័ព​វៀតណាម គឺ​លោក ហូ វ៉ាន់តាយ ដែរ។ ក្រុម​លោក ហូ វ៉ាន់តាយ ជា​អ្នក​ចូល​ទៅ​ដល់ និង​ថត​ទិដ្ឋភាព​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង​មុន​គេ ក្រោយ​ពេល​ដែល​ពួក​ខ្មែរក្រហម​រត់​ចោល​ទី​នោះ នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

លោក ឌុច ក៏​ចាត់​ទុក​ភាពយន្ត​ឯកសារ​របស់​លោក ហូ វ៉ាន់តាយ ថា​ជា​ភាពយន្ត​ឯកសារ​ក្លែង​បន្លំ។ ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ លោក ហូ វ៉ាន់តាយ ប្រាប់​អ្នក​កាសែត​ថា លោក​បាន​ឃើញ​សាកសព​ជាប់​ខ្នោះ​ជា​រូបភាព​រន្ធត់​នៅ​ទី​នោះ។ លោក​បាន​ជួប​កុមារ​ដែល​នៅ​រួច​ផុត​ពី​ការ​សម្លាប់​នៅ​ទី​នោះ។ ពេល​នោះ​ហើយ ដែល​លោក នង ចាន់ផល ចេញ​មក​អះអាង​ថា លោក​ជា​អតីត​កុមារ​ដែល​សល់​ពី​ស្លាប់​នៅ​គុក​ទួល​ស្លែង​នោះ។

ទោះ​ជា​បដិសេធ​ពី​ខាង​ដើម​ក្ដី ចំណុច​កុមារ​នៅ​រស់​នេះ សាក្សី ឌុច ទទួល​ស្គាល់​ថា លោក នង ចាន់ផល ពិត​ជា​កុមារ​នៅ​គុក​ទួលស្លែង​នោះ៖ «កាល​នោះ លោក​ជំទាវ ខាត រ៉ាយស៍ (Silvia Cartwright) ថា គាត់​ខំ​បញ្ចាំង​រូប​កូន​ក្មេង​ម្នាក់​ស្រាត។ គាត់​សួរ​ថា អ្នក​នេះ? ខ្ញុំ​សង្កេត​មើល​មុខ​ជន​រងគ្រោះ​នោះ ខ្ញុំ​ឆ្ងល់។ បាន​ចុង​បញ្ចប់​ខ្ញុំ​ថា សុំ​ឱ្យ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​រក​សលាកបត្រ ស-២១ មក​ឱ្យ​ខ្ញុំ​បញ្ជាក់​អំពី​ម្ដាយ នង ចាន់ផល។ កាល​នោះ​ព្រះរាជអាជ្ញា​ខ្មែរ តាន់ សេណារ៉ុង យក​សលាកបត្រ ស-២១ មក​ឱ្យ​ខ្ញុំ។ ឃើញ​ថា​ម្ដាយ​របស់ នង ចាន់ផល ឈ្មោះ​អ្នក​មីង មុំ យ៉ូវ ត្រូវ​បាន​ចាប់​មក​នៅ ស-២១ មែន។ ខ្ញុំ​ថា សុំ​ទោស នង ចាន់ផល។ អ្នក​ឯង​ពិត​ជា​មាន​តួនាទី​នៅ​ក្នុង​កុន​ហ្នឹង​មែន។ ខ្ញុំ​ទទួល​ស្គាល់​ថា អ្នក​ឯង​កំព្រា​អត់​ម៉ែ​អត់​ឪ​មែន។ ម៉ែ​ឪ​អ្នក​ឯង​ត្រូវ​ស្លាប់​នៅ ស-២១ មែន។ ឯ​ចំណែក​កុន​របស់ ហូ វ៉ាន់តាយ ធ្វើ​ហ្នឹង គឺ​ជា​ការ​ក្លែង​បន្លំ»

លោក ឌុច ត្រូវ​សាលាក្ដី​ខ្មែរក្រហម​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​តួនាទី​របស់​លោក​ជា​ប្រធាន​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង ដែល​មាន​អ្នក​ទោស​ជាង ១​ម៉ឺន ២​ពាន់​នាក់ ត្រូវ​បាន​ពួក​លោក​យក​ទៅ​សម្លាប់។ សាលាដំបូង​បាន​កោះហៅ​លោក ឌុច ឱ្យ​មក​ធ្វើ​ជា​សាក្សី​រយៈ​ពេល ១២​ថ្ងៃ​កន្លង​មក​នេះ នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ទាក់ទង​នឹង​ការ​បញ្ជា​លើ​មន្ទីរ ស-២១។ បន្ទាប់​បី​សាក្សី ឌុច អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​ជន​រង​គ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​នៅ​អង្គារ ទី​២៨ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។