ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​តាម​អំពើ​ចិត្ត​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា​អភិបាលខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក ឈាង តុលា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដែល​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ក្នុងចំណោម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​ឈ្មួញ​ឈ្មោះ ហេង ហាក់ដូច​ជាមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​ប្រព្រឹត្ត​បទល្មើស ទំនងជា​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដើម្បី​ការពារ​របរ​ខុសច្បាប់​របស់ខ្លួន​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

ប្រភពពី​សមត្ថកិច្ច​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេលឮ​សំឡេង​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ផ្ទុះ ក្នុងខណៈ​ដេញតាម​ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​១​គ្រឿង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុងភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​បាញ់​ចេញពី​ក្នុង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ដែលជា​រថយន្ត​សមត្ថកិច្ច បាញ់​ទៅលើ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ធ្វើ​ឲ្យ​បែក​កង់​ក្រោយ​ផ្នែក​ខាងស្ដាំ​ទៅមុខ​លែងរួច​។ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​របស់​សមត្ថកិច្ច ក៏បាន​ដេញតាម​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​កាមរី​បា​ឡែ​ន របស់​ឈ្មោះ ហេង ដែលជា​ឈ្មួញ​ម្ចាស់​ឈើ​។ សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង ភ្ញាក់ផ្អើល​ហើយ​តាមដាន​ដោយ​យកចិត្តទុកដាក់​។​

សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ហេង បាន​ឲ្យ​ដឹងថា​រថយន្ត​កាមរី​បា​ឡែ​ន ក៏ត្រូវ​សមត្ថកិច្ច​បាញ់​បែក​កង់​ខាងឆ្វេង​ទាំង​ខាងមុខ​និង​ខាងក្រោយ ហើយ​ទៅមុខ​លែងរួច ម្ចាស់​រថយន្ត​ក៏​បើកទ្វារ​រត់គេចខ្លួន​ភ្លាមៗ​តែម្តង​។ ឈ្មោះ ហេង ដែលជា​ម្ចាស់​ឈើ​និង​ជា​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​ត្រូវគេ​ស្គាល់​ថា ជា​អ្ម​ក​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​សៀម​ប៉ាង មក​លក់​ចែកចាយ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​ទៀត​ដែល​រង់ចាំ​ទិញ​នៅក្នុង​ក្រុង​ស្ទឹងត្រែង ហើយ​កន្លងមក​សមត្ថ​កិច្ច​មិនដែល​បង្ក្រាប​សកម្មភាព​ដឹកឈើ​ខុសច្បាប់​របស់​ឈ្មួញ​រូបនេះ​ឡើយ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ប្រហែល​ឈ្មួញ​ឈ្មោះ ហេង មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទើប​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង ការពិត​សមត្ថកិច្ច​គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ឡើយ​៕

1_19-04-2016_3លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ Untitled-1a