អ្នក​ជំនាញ​ថា​ព្រៃ​ឈើ​ពិត​ជា​មាន​សារៈសំខាន់​ ​សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ

ខេត្តសៀមរាប៖ ព្រៃឈើមានគុណសម្បត្តិច្រើនណាស់ សម្រាប់មនុស្សជាតិ បើទោះបីជាព្រៃឈើមិនមានដៃជើងជួយដោយផ្ទាល់ក៏ដោយ តែជួយដោយប្រយោល ជាពិសេសជាងនេះទៀតនោះ “ ព្រៃឈើក៏បានជួយទ្រទ្រង់ថែទាំដល់ប្រាង្គប្រាសាទនានាក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរផងដែរ”។ នេះបើតាមការលើឡើងរបស់លោកបណ្ឌិត ថូម៉ាស វ័រសេដ ( THORMAS WARSCHEID) នៅសាលបណ្ដុះបណ្ដាលអង្គរ-អាជ្ញាធរជាតិអប្សរា។
ក្នុងបទបង្ហាញស្តីពី ស្លែនិងថ្មប្រាសាទ បញ្ហាប្រឈម និងដំណោះស្រាយ លោកបណ្ឌិត THORMAS WARSCHEID អ្នកជំនាញភូមិវិទ្យា និងជីវវិទ្យា បានលើកឡើងថា លោកមានរូបថតជាច្រើនសន្លឹកពីទសវត្សទី៣០ បង្ហាញពីប្រាង្គប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលត្រូវបានព្រៃឈើព័ទ្ធជិត។
តែអ្វីដែលចម្លែកនោះ គឺថ្មប្រាសាទនៅតែមានលក្ខណៈល្អ និងប្រាសាទមិនទ្រុឌទ្រោម រចនាសម្ព័ន្ធប្រាសាទនៅមានលក្ខណៈល្អប្រសើរ ដូចជា ប្រាសាទបេងមាលា និងប្រាសាទតាកែវជាដើម។ ផ្ទុយទៅវិញប្រាសាទណា ដែលមិនមានព្រៃឈើព័ទ្ធជុំវិញបរិវេណប្រាសាទ រចនាសម្ព័ន្ធក៏មានលក្ខណៈពុកផុយ និងទ្រុឌទ្រោមតាមការវិវត្តន៍របស់អាកាសធាតុ ដូចជាប្រាសាទភ្នំក្រោម និងបា្រសាទអង្គរវត្តជាដើម។
បើទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ព្រៃឈើមិនមែនសុទ្ធតែអាចជួយឲ្យថ្មប្រាសាទ និងប្រាសាទមានលក្ខណៈប្រសើរទាំងអស់នោះទេ ដូចជាដើមឈើខ្លះដុះនៅខាងក្នុងបរិវេណខឿនប្រាសាទ និងខ្លះទៀតដុះតាមដំបូលប្រាសាទ បណ្ដាលឲ្យថ្មប្រាសាទមានសំណើមជានិច្ច រហូតដល់កើតមានស្លែ ក៏អាចឲ្យថ្មប្រាសាទឆាប់ពុកផុយផងដែរ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាបានដាំដើមឈើរាប់ម៉ឺនដើម និងអំពាវនាវឲ្យសាធារណជនចូលរួមដាំដើមឈើទាំងអស់គ្នា ហើយទន្ទឹមនឹងនេះ ដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនាក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានក្រុមអង្កេតហានិភ័យដើមឈើជាប្រចាំ ដោយកាត់ក្រី ឬកាប់ដកហូតនូវរាល់ដើមណាដែលឃើញថា អាចបង្កគ្រោះថ្នាក់ដល់មនុស្សនិងប្រាសាទ ឬរចនាសម្ព័ន្ធរបស់ប្រាសាទ៕

អ្នក​ជំនាញ​ថា​ព្រៃ​ឈើ​ពិត​ជា​មាន​សារៈសំខាន់​ ​សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ អ្នក​ជំនាញ​ថា​ព្រៃ​ឈើ​ពិត​ជា​មាន​សារៈសំខាន់​ ​សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ

ប្រភព៖ kqube

  • អ្នក​ជំនាញ​ថា​ព្រៃ​ឈើ​ពិត​ជា​មាន​សារៈសំខាន់​ ​សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: