ឈើ​ប្រណីត​ធំៗ និង​ទីតាំង​សិប្បកម្ម​អត់​ច្បាប់​ ត្រូវ​បាន​បង្ក្រាប

ឈើ​ប្រណីត​ធំៗ និង​ទីតាំង​សិប្បកម្ម​អត់​ច្បាប់​ ត្រូវ​បាន​បង្ក្រាប



បាត់ដំបង ​៖​ ទីតាំង​សិប្បកម្ម​មួយកន្លែង ក្នុងចំណោម​ទីតាំង​ជាច្រើន ដែល​គេ​សង្ស័យ​ថា​ជាទី​តាំងរបស់​មន្ត្រី​យោធា​ថ្នាក់​លោក​ខែ ឬ​ផ្កាយ​ផង​នោះ ត្រូវបាន​បង្ក្រាប​ដោយ​កម្លាំង​ចម្រុះ​ ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង​ផង​ដែរ ដែល​ក្នុង​នោះ​ក៏មាន​ឈើ​ប្រណីត​ដែល​មាន​មុខកាត់​ធំៗ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន ដែល​សម្ភារៈ​ទាំងនោះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ​ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​អង្គភាព ផ្ទុយទៅវិញ​បែរជា​អស់លោក​មន្ត្រី​យោធា​ទាំងនោះ​យក​ទៅ​ធ្វើជា​ឧបករណ៍​កែច្នៃ​បទល្មើស​ទៅវិញ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​រសៀល ដែល​ក្នុង​នោះ​គឺ​មាន​កម្លាំង​នគរបាល​ និង​កម្លាំង​កងរាជអាវុធហត្ថ ដែល​មាន​ការដឹកនាំ​ផ្ទាល់​ដោយ​លោក​ព្រះរាជអាជ្ញា​រង ហេង លុយ បាន​ចុះទៅ​កាន់​ចំណុច​ វាល​ចម្បាំង ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​នៅ​ទីនោះ​គឺ​មាន​ទីតាំង​សិប្បកម្ម​មួយ​កន្លែង ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​មានការ​ដឹក​ចូល​នូវ​ឈើប្រណីត ​ដែលមាន​មុខកាត់​ធំៗ​មួយ​ចំនួន​​ ដែល​ឈើ​នោះ​គឺជា​របស់​មន្ត្រី​យោធា​ថែម​ទៀត​ផង។

លោក​ព្រះរាជអាជ្ញា​រង ហេង លុយ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្លាំង​ចុះទៅ​ដល់​គឺ​ម្ចាស់​សិប្បកម្ម​បាន​គេច​ខ្លួន​បាត់​ទៅ​ហើយ ​ ដែល​គេ​ស្គាល់​ថា កម្មករ​ ដែល​ឈរជើង​នៅ​ក្នុង​សិប្បកម្ម​នោះ​មានឈ្មោះ រួម ស៊ី​នាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដោយឡែក​អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​ឮ​ថា​ជាម​ន្ត្រី​យោធា​ផង ប៉ុន្តែ​នៅពេលនោះ ទាំង​ម្ចាស់​សិប្បកម្ម​ក៏ដូចជា​ម្ចាស់​ឈើ ពុំមាន​នរណា​ម្នាក់​ហ៊ាន​ចេញមុខ បង្ហាញខ្លួន​ឡើយ។ ដូច្នេះ​ទើប​លោក​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​រុះរើ​ទីតាំង​សិប្បកម្ម​នេះ​ចេញ ដោយ​ធ្វើការ​ប្រមូល​សម្ភារៈ​ ដែលជា​វត្ថុតាង​បទល្មើស​យកទៅ​រក្សាទុក​ទាំងអស់ ​​ក្នុង​នោះ​មាន ឈើ​ម្ទេស​ទុំ​ ឬ ឈើ​បេង​ថ្ម ចំនួន​៤​សន្លឹក ដែលមាន​មុខកាត់ ១២X១១០X៣​ម៉ែត្រ ចំនួន​២​សន្លឹក​
១២X១០០X៣​ម៉ែត្រ ចំនួន​១​សន្លឹក និង​១២X៩០X៣​ម៉ែត្រ ចំនួន​១​សន្លឹក ឌី​ណា​ម៉ូ​ ដែលជា​អំណោយ​របស់​សម្តេច មួយគ្រឿង និង​ម៉ា​ស៊ីន​ច្រៀក​មួយគ្រឿង ដោយ​វត្ថុតាង​ទាំងនេះ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ដឹក​មកកាន់​ខេត្តបាត់ដំបង​ហើយ។

តាម​សេចក្តីរាយការណ៍​ពី​តំបន់​នោះបាន​ឲ្យ​ដឹងថា នៅមាន​ទីតាំង​សិប្បកម្ម​ជាច្រើន​ទៀត​ ដែល​កំពុងតែ​ដំណើរការ​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត ព្រោះ​ក្នុង​តំបន់​ខាងលើនេះ គឺជា​តំបន់​មួយ​ដែល​សំបូរសម្បូរ​ដោយ​កម្លាំង​ឈរជើង​បែប​អនាធិបតេយ្យ​ចាំ​យក​លុយ​ពី​ក្រុម​អ្នករក​ស៊ី​ឈើ​ហើយក៏​គ្មាន​អ្នកណា​បង្ក្រាប​អ្នកណា​ដែរ ​ ទំនងជា​ការងារ​នេះ​ប្រកបដោយ​ភាព​រលូន​ផង​ក៏​មិនដឹង​ដែរ៕
ឈើ​ប្រណីត​ធំៗ និង​ទីតាំង​សិប្បកម្ម​អត់​ច្បាប់​ ត្រូវ​បាន​បង្ក្រាប

ឈើ​ប្រណីត​ធំៗ និង​ទីតាំង​សិប្បកម្ម​អត់​ច្បាប់​ ត្រូវ​បាន​បង្ក្រាប

ឈើ​ប្រណីត​ធំៗ និង​ទីតាំង​សិប្បកម្ម​អត់​ច្បាប់​ ត្រូវ​បាន​បង្ក្រាប