គ្រូពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​វឌ្ឍន​: វះកាត់​ស្ត្រី​សម្រាលកូន​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

គ្រូពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​វឌ្ឍន​: វះកាត់​ស្ត្រី​សម្រាលកូន​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​



ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់ យ៉ាង​អាណោចអាធ័ម ​ធ្វើ​ឲ្យ​កូន​តូចៗ​៣​នាក់​កំព្រា​ម្ដាយ ​និង​ប្តី​ក្លាយ​ជា​បុរស​ពោះម៉ាយ ដោយសារតែ​ការវះកាត់ មានការ​ធ្វេសប្រហែស​របស់​ក្រុម​គ្រូពេទ្យ នៅ​គ្លីនិក វឌ្ឍនៈ​ ឬ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​វឌ្ឍនៈ​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១២៨ -១២៧A​ស្ថិតនៅ​តាម​ផ្លូវ​ទំនប់​ទួលគោក​៧០ ភូមិ​១ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។

សាច់ញាតិ​ស្ត្រី​រងគ្រោះ ដែល​កំពុង​ចូលរួម​បុណ្យ​សព ស្ថិតនៅ​វត្ត​ស្រះចក ខណ្ឌ​ដូនពេញ​បាន​ប្រាប់​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ សៀក ស៊ីណេ​ត អាយុ​៣២​ឆ្នាំ ហើយ​នេះ​ជា​ការ​សម្រាលកូន​លើក​ទី​៣​ហើយ​នៅ​មន្ទីរពេទ្យ​នោះ។

សាច់ញាតិ​រូប​នេះ បាន​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា ក្រោយ​ឈឺពោះ​ឆ្លងទន្លេ បងប្អូន និង​ប្តី បាន​បញ្ជូន​ទៅកាន់​គ្លីនិក​ខាង​លើ ពីព្រោះ​កាល​កូន​ទី​១ និង​កូន​ទី​២ ក៏បាន​ទៅ​វះកាត់​ជាមួយ​គ្រូពេទ្យ (Doctor បម្រើការ​នៅ​មន្ទីរពេទ្យ​ជប៉ុន​) ដែល​បើក​គ្លីនិក​ខ្លួនឯង​នោះ ​ប៉ុន្តែ​ក្រោយពេល​វះ​យក​កូន​ចេញរួច ក៏​ដេរ​ភ្ជាប់​វិញ ជាធម្មតា។ លុះ​ក្រោយពី​​វះកាត់​​​បាន​​ប៉ុន្មាន​ម៉ោង​ ​ដោយសារតែ​ការ​លាង​សម្អាង​មិនល្អ បាន​បណ្ដាល​ស្ត្រី​រងគ្រោះ ឈឺពោះ​សាជាថ្មី (​សង្ស័យ​មាន​ឈាមកក​នៅ​ក្នុង​ស្បូន​) ក៏បាន​ទៅ​ឲ្យ​គ្រូពេទ្យ ធ្វើការ​វះ​ម្តង​ទៀត ប៉ុន្តែ​លើក​នេះ ដូច​បាន​បញ្ជូន​ស្ត្រី​រងគ្រោះ ទៅកាន់​ភព​ផ្សេង​តែម្តង។

តាម​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​ក្រសួងសុខាភិបាល​ម្នាក់​ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​ទម្លាយ​ថា ម្ចាស់​គ្លីនិក​ខាងលើ គឺជា​អនុប្រធាន​មន្ទីរពេទ្យ​គាំពារ ទារក និង​មាតា ឬ​ហៅថា មន្ទីរពេទ្យ​ជប៉ុន ដែល​មាន​ឈ្មោះ កែវ មួយ​ស្រូ​យ ភេទ​ប្រុស។

យ៉ាងណាក៏ដោយ អង្គភាព​កម្ពុជា​ថ្មី​ នៅ​មិនទាន់​អាច​ស្វែងរក​ការ​បកស្រាយ និង​បំភ្លឺ​ពី​ម្ចាស់​គ្លីនិក បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​ឆ្លើយតប។ ប៉ុន្តែ​នៅ​ពេល​ក្រុម​អ្នកកាសែត ចុះទៅ​សួរនាំ​ដល់​គ្លីនិក​នោះ ស្រាប់តែ​បុគ្គលិក និង​គ្រូពេទ្យ​នៅ​គ្លីនិក​មួយ​នេះ បាន​ឆ្លើយ​ថា មិនមែន​ស្លាប់​នៅ​ពេទ្យ​គ្លីនិក​គេ​ទេ ​គឺ​ស្លាប់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ឯណោះ​វិញ។ តែ​គេ​បញ្ជាក់​ថា ការ​ស្លាប់​របស់​ស្ត្រី​រូប​នោះ ​គឺ​ស្លាប់​ក្រោយពី​វះកាត់​លើក​ទី​២​នៅ​គ្លីនិក​​ខាង​លើ​នោះ​​ ​ពេល​ឃើញ​សភាព​មិន​ស្រួល​ ក៏​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ហៅ​ពេទ្យ​ព្រះកុសុមៈ​តែម្តង។ ក្រោយ​ពី​ការ​ស្លាប់​របស់​ ​​​​ស្ត្រី​រូប​នោះ​​ ​​ក្រុម​គ្រួសារ ​​ក៏​បញ្ជូន​មក​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្រះចក​ខណ្ឌ​ដូនពេញ​ ព្រោះ​ស្ត្រីជន​រងគ្រោះ​​​​ ​ជា​កូនស្រី​របស់​សមាជិក​ភូមិ​១០​រស់នៅ​ម្តុំ​វត្ត​ស្រះចក​ខណ្ឌ​ដូនពេញ។

ពាក់ព័ន្ធ​នឹង​រឿងហេតុ​នោះ​ដែរ​ បើ​តាម​សាច់ញាតិ​របស់​ជនរងគ្រោះ ​បាន​អះអាង​ថា ​គ្រួសារ​សព​បាន​ទទួល​ការ​សម្របសម្រួល​ពី​ខាង​គ្លីនិក​នោះ​រួចហើយ​ ទើប​មិន​មានការ​ប្តឹង​ផ្តល់​អ្វី​ឡើយ​ ព្រោះ​គេ​បញ្ចប់​បញ្ហា​អស់ហើយ​នោះ៕
គ្រូពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​វឌ្ឍន​: វះកាត់​ស្ត្រី​សម្រាលកូន​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​