ស្ត្រី​ម្នាក់ ​ដែល​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​ មាន​សុខភាព​ល្អ​ទាំង​ម្តាយ​ និង​កូន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​

ស្ត្រី​ម្នាក់ ​ដែល​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​ មាន​សុខភាព​ល្អ​ទាំង​ម្តាយ​ និង​កូន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​



ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ​ដែល​សម្រាលកូន​តាម​ផ្លូវ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ទាំង​ម្តាយ ​និង​កូន ​ដោយមាន​សុខភាព​ទាំងអស់​គ្នា​ ក្រោយពី​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

គួរ​បញ្ជាក់​ថា ស្ត្រី​បាន​ឆ្លងទន្លេ​នៅ​តាម​ដង​ផ្លូវ ស្ថិតនៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​វិមាន​សន្តិភាព សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កាលពី​វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦។

ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​នោះ​ឈ្មោះ​ នេ​ត ស៊ុន​ណា​រី អាយុ​២៥​ឆ្នាំ មាន​ប្តី​ឈ្មោះ​សំ លី អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ដើម​គរ សង្កាត់​ជ្រាយ​ចង្វារ ខណ្ឌ​ជ្រាយ​ចង្វារ ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា កូន​ដែល​កើត​តាម​ផ្លូវ​នេះ​ គឺជា​កូនស្រី​មាន​ទម្ងន់​៣​គីឡូក្រាម មាន​សុខភាព​ល្អ ​និង​ជា​កូន​ទី​២​របស់​ពួកគាត់។ ចំណែក​កូន​ទី​១​ស្រី​ ​​ហើយ​មាន​អាយុ​៤​ឆ្នាំ។ ស្រី្ត​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា មុន​ពេល​សម្រាល​កូនស្រី​លើក​ទី​២​នេះ កាលពី​២-៣​ខែ​មុន​គាត់​បាន​រអិលដួល​អុក​គូទ​នៅ​ក្នុង​បន្ទប់ទឹក ខណៈ​ដែល​គាត់​ពពោះ​រយៈពេល​៧ខែ ក្រោយពេល​ដួល​មក​គាត់​តែងតែ​ឈឺ​ពោះ​ចុកពោះ លុះដល់​ថ្ងៃ​ខាងលើ អ្នកជិតខាង​និយាយ​ថា ​ប្រហែលជា​គាត់​ឈឺពោះ​កើតកូន គាត់​ក៏បាន​ឲ្យ​ប្តី​របស់​គាត់​ជូន​ទៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង ដែល​ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​ហៅ​ម៉ូតូឌុប​ជិះ ​និង​ប្តី​បាន​អង្គុយ​ឱប​ពីក្រោយ។ លុះ​ជិះ​មកដល់​ចំណុច​មុខ​វិមាន​សន្តិភាព​ ស្រាប់​ស្ត្រី​រូប​នោះ​ចុកពោះ​ខ្លាំង​ពេក ​ក៏​ឈប់​ម៉ូតូ​កើតកូន​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​តាម​ផ្លូវ​នាំគ្នា​មើល ​និង​ជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​កាល​ម៉ែត​ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ។ បន្ទាប់ពី​រថយន្ត​សាមុយ​មកដល់ ​គឺ​ស្ត្រី​រូប​នោះ​បាន​បង្កើត​កូន​បាន​បន្តិច​ហើយ​គឺ​ចេញ​ក្បាល ហើយ​ក្រុម​គ្រូពេទ្យ​ បាន​លើក​ដាក់​រថយន្ត​សាមុយ​យក​មក​បង្កើត​នៅ​មន្ទីរពេទ្យ​ដោយ​ជោគជ័យ មិន​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​កូន​នោះ​ទេ។ បច្ចុប្បន្ន​ស្ត្រី​និង​កូន​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​លេខ​៨២១៣ ជាន់​ទី​២ នៃ​មន្ទីរពេទ្យ​កាលម៉ែត ។

ជាមួយគ្នា​នោះ​លោក​ អ៊ឹម ជីវ៉ា ជា​សិល្បករ​មួយ​រូប​ បន្ទាប់ពី​លោក​បាន​ឃើញ​ការ​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​internet ពី​ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​តាម​ផ្លូវ​នោះ​ នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែមិថុនា ​ឆ្នាំ​២០១៦ លោក​បាន​ចុះ​មក​សួរសុខទុក្ខ​ស្ត្រី​សម្រាលកូន​តាម​ផ្លូវ​រូប​នោះ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​លោក​បាន​ឧបត្ថម្ភ​ដល់​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ​ដើម្បី​ជួល​សម្រួល​ដល់​ទុក្ខ​លំបាក​ខ្លះ៕

ស្ត្រី​ម្នាក់ ​ដែល​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​ មាន​សុខភាព​ល្អ​ទាំង​ម្តាយ​ និង​កូន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​