តួ​ក​គី សុំទោស​រុស្សី រឿង​បាញ់​ទម្លាក់​យន្តហោះ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-28-2016, 12:38 pm         1177

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី សុំទោស​រុស្សី រឿង​បាញ់​ទម្លាក់​យន្តហោះ​​ទីបំផុត តួ​ក​គី បាន​បន្ទន់ឥរិយាបថ​របស់ខ្លួន ដោយបាន​ផ្ញើ​សារ​សុំទោស​រុស្សី ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្សី ដែល​ហោះ​ប្រតិបត្តិការ ក្នុង​យុទ្ធនា​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ស៊ី​រី​។ ជាមួយគ្នា​នោះ តួ​ក​គី ក៏​បង្ហាញ​បំណង​របស់ខ្លួន ក្នុងការ​សម្រួល​ទំនាក់ទំនង​ជាមួយ​រុស្សី​ផងដែរ​។

​វិមាន​ក្រេ​ម​ឡាំង នៅ​ថ្ងៃទី​២៧ ខែមិថុនា និយាយថា លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានទទួល​លិខិត ពី​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan ដើម្បី​សុំទោស​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្សី ដែល​ស្លាប់​ទាហាន​រុស្សី​ម្នាក់ នៅក្បែរ​ព្រំដែន​តួ​ក​គី និង​ស៊ី​រី​។ ក្នុង​លិខិត​ដដែល លោក Erdogan ក៏​បង្ហាញ​ការត្រៀមខ្លួន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ​។

​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង លោក Dmitry Peskov បញ្ជាក់ដែរថា ប្រមុខរដ្ឋ​តួ​ក​គី បាន​ចូលរួម​សោកស្ដាយ និង​មរណទុក្ខ ចំពោះ​គ្រួសារ​ទាហាន​អាកាស​រុស្សី និង​បាន​និយាយ សុំទោស​។ នៅក្នុង​លិខិត​សុំទោស​ដដែល ប្រធានាធិបតី​តួ​ក​គី ហៅ​រុស្សី​ជា «​មិត្ត និង​ដៃគូ​យុទ្ធសាស្ត្រ​» របស់​ទីក្រុង​អង់កា​រ៉ា ហើយ​តួ​ក​គី មិន​ចង់​ឲ្យ​មានការ​ខូចខាត​ក្នុង​ទំនាក់ទំនង ប្រទេស​ទាំងពីរ​នោះទេ​។

​យោងតាម​លិខិត ដែល​បង្ហោះ​លើ​គេហទំព័រ​វិមាន​ក្រេ​ម​ឡាំង លោក Erdogan បន្តថា តួ​ក​គី មិនដែល​មានបំណង​បាញ់​ទម្លាក់​យន្តហោះ ដែលជា​របស់​រុស្សី​នោះទេ​។ «​តួ​ក​គី បាន​ជម្នះ​រាល់​គ្រោះថ្នាក់ និង​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​ស្វែងរក​សាកសព និង​យកមក​កាន់​ទឹកដី​តួ​ក​គី ហើយ​ដំណើការ​បុណ្យសព ក៏​ធ្វើឡើង​តាមបែប​សាសនា និង​យោធា​»​។ នេះ​ជា​អត្ថន័យ​ក្នុង​សំបុត្រ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន RT​។​

​បន្ថែម​លើ​នេះ លិខិត​សុំទោស​ខាងលើ​បន្តថា ប្រធានាធិបតី​តួ​ក​គី ក៏បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើការ​ជាមួយ​រុស្សី លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ក៏ដូចជា​ការប្រឆាំង​ភេរវកម្ម​ផងដែរ​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Binali Yildirim បញ្ជាក់ដែរថា ក្រុង​អង់កា​រ៉ា នឹង​ផ្ដល់​សំណង សម្រាប់​ការ​យន្តហោះ​ធ្លាក់​នេះដែរ​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទ័ពអាកាស​តួ​ក​គី បាន​បាញ់​ទម្លាក់​យន្តហោះ​រុស្សី​ប្រភេទ Su-24 ដែល​កំពុង​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​។ យន្តហោះ ក៏​ធ្លាក់ចុះ​ក្នុង​ទឹកដី​ស៊ី​រី ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម នៅក្បែរ​ព្រំដែន​ជាមួយ​តួ​ក​គី​។ អ្នកបើកបរ​ម្នាក់ ក៏ត្រូវ​បានសម្លាប់ ដោយ​កាំភ្លើងយន្ត បាញ់​ចេញ​សកម្មជន​នៅលើ​ដី ខណៈ​ម្នាក់ទៀត អាច​រស់រានមានជីវិត​។ ជនជាតិ​តួ​ក​គី​ម្នាក់ ក៏ត្រូវ​រកឃើញថា មាន​កំហុស​លើ​បញ្ហា​នេះ​ផងដែរ​។​

​ភ្លាមៗ​បន្ទាប់ពី​ការបាញ់​ទម្លាក់​នេះ ទំនាក់ទំនង​តួ​ក​គី និង​រុស្សី ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ក្រុង​មូ​ស្គូ បាន​ហៅ​សកម្មភាព​នេះ ជាការ​ចាក់​ពី​ក្រោយខ្នង​របស់ខ្លួន ពី​សំណាក់​សម្ព័ន្ធមិត្ត របស់​ភេរវជន​។ លើសពីនេះ រុស្សី ក៏បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី​ដែល​បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ជាដើម​៕