គ.ជ.ប ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន ៧៤១​នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ប្រកាស​ជ្រើសរើស​មន្ត្រី បុគ្គលិក​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន ៧៤១​នាក់ សម្រាប់​បម្រើ​ការងារ​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

សេចក្តី​ជូន​ដំណឹង​របស់ គ..ប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ចុះ​ហត្ថលេខា​ដោយ​ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក ដែល​ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ មិថុនា ឲ្យ​ដឹង​ថា បុគ្គលិក និង​មន្ត្រី​ទាំង​នោះ នឹង​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​រាជធានី-ខេត្ត ដើម្បី​រៀបចំ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។ ក្នុង​រាជធានី-ខេត្ត​មួយ ត្រូវ​ការ​ជ្រើសរើស ៧​មុខ​តំណែង រួម​មាន ជំនួយការ​រដ្ឋបាល​ម្នាក់ ជំនួយការ​គណនេយ្យ​ម្នាក់ ជំនួយការ​ប្រតិបត្តិការ​ម្នាក់ ជំនួយការ​សេវា​ច្បាប់​ម្នាក់ អ្នក​បច្ចេកទេស​កុំព្យូទ័រ​ម្នាក់ លេខាធិការ​ម្នាក់ និង​គ្រូ​បង្ហាត់ គឺ​ជ្រើសរើស​ចំនួន ៣​នាក់​ក្នុង​មួយ​ក្រុង ស្រុក ខណ្ឌ សរុប ៥៩១​នាក់​ទូទាំង​ប្រទេស។

បេក្ខជន​ដែល​មាន​បំណង​ដាក់​ពាក្យ​តាម​មុខ​តំណែង អាច​ទាក់ទង​នៅ​តាម​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត​នីមួយៗ ដោយ​ពាក្យ​សុំ​បម្រើ​ការងារ​មាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ។ ការ​ទទួល​ពាក្យ​សុំ​ការងារ នឹង​ផ្ដើម​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។