៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU

ក្រោយការធ្វើប្រជាមតិផ្ដាច់ខ្លួនចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស បានបង្កឲ្យមានផលប៉ះពាល់ដល់ពិភពលោក ជាពិសេសនយោបាយ និងសេដ្ឋកិច្ច។ មកទល់ពេលនេះ សារព័ត៌មាន BBC បានបង្ហាញពីភាពស្ថានភាពមួយចំនួននៅចក្រភពអង់គ្លេសក្រោយដំណើរការចាកចេញដែលហៅថា Brexit ។

៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU
១. តើពេលណាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប?
ពុំធ្លាប់មានប្រទេសសមាជិកណាមួយបានចាកចេញពី សហភាពអឺរ៉ុបឡើយ ដូចនេះចក្រភពអង់គ្លេសអាចជាករណីទី១។ អង់គ្លេសអាចដកខ្លួនចាកចេញពី EU បានដោយប្រតិបត្តិតាមមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon។ យោងតាមមាត្រាចូលជាធរមាននាឆ្នាំ២០០៩នោះ ប្រទេសសមាជិកណាមួយសម្រេចថាដើរចេញពី EU ត្រូវធ្វើការបញ្ជាក់ដោយផ្ញើលិខិតជាផ្លូវការ ឬជូនដំណឹងដល់ប្រមុខរដ្ឋសមាជិក EU។
អង់គ្លេសមានពេល២ឆ្នាំដើម្បីធ្វើកិច្ចចរចាជាមួយប្រទេសសមាជិក EU ដទៃដើម្បីដកខ្លួនពី EU។ យ៉ាងណាមិញដំណើរការនោះអាចអូសបន្លាយពេលវេលាយូរថែមទៀត ស្របពេលដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ប្រកាសថានឹងលាលែងពីតំណែងនាខែតុលាខាងមុខ ចំណែកអ្នកចូលកាន់តំណែងថ្មីនឹងជាអ្នកសម្រេចថាត្រូវធ្វើយ៉ាងណាចំពោះ មាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon។

២. ដំណើរការ Brexit អាចបង្កឲ្យចក្រភពអង់គ្លេសបែកបាក់ឬទេ?
ចក្រភពអង់គ្លេសដែលរួមមានប្រទេស អង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ខាងជើង នៅក្នុងដំណើរការធ្វើប្រជាមតិផ្ដាច់ខ្លួនពី EU ក្នុងនោះអង់គ្លេស និងវែល សម្រេចចាកចេញ ដោយឡែក ស្កុតឡែន និងអៀរឡង់ខាងជើងបោះឆ្នោតចង់នៅ។
រដ្ឋមន្ត្រីទី១នៃស្កុតឡែន Nicola Sturgeon បានឲ្យដឹងថា ការធ្វើប្រជាមតិលើកទី២អំពីឯករាជ្យស្កុតឡែន ៦០ភាគរយនៃប្រជាជនស្កុតឡែនចង់ចាកចេញពីចក្រភពអង់គ្លេសដើម្បីអាចនៅជាសមាជិកនៃ EU។
ដោយឡែកអនុរដ្ឋមន្ត្រីទី១នៃអៀរឡង់ខាងជើង Martin McGuinness បានអំពាវនាវឲ្យមានការធ្វើប្រជាមតិមួយផងដែរដើម្បីរួបរួមអៀរឡង់ខាងជើងនិងខាងត្បូង ដែលអាចចាកចេញពីចក្រភពអង់គ្លេស និងនៅជាសមាជិករបស់ EU។

៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU
៣.តើនយោបាយចក្រភពអង់គ្លេសកំពុងធ្លាក់ចុះដុនដាបឬ?
ចាប់តាំងពីថ្ងៃបោះឆ្នោតធ្វើប្រជាមតិផ្ដាច់ខ្លួនពី EU នយោបាយអង់គ្លេសចាប់ផ្ដើមប្រែប្រួល ដោយរដ្ឋាភិបាលនិងគណបក្សប្រឆាំងបានបង្កើតជាភាពវឹកវរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនយោបាយអង់គ្លេស។ កាលពីថ្ងៃសុក្រកន្លងទៅ នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសថានឹងចុះចេញពីតំណែងនាខែតុលា។

*** មកទល់ពេលនេះ អង់គ្លេសមានត្រឹមតែលទ្ធផលប្រជាមតិ តែអង់គ្លេសមិនទាន់បានជូនដំណឹងផ្លូវការទៅសហភាពអឺរ៉ុបនៅឡើយ ដូចនេះនីតិវិធីផ្ដាច់ខ្លួនពី EU នៅតែស្ថិតក្នុងភាពស្រពិចស្រពិល និងស្ថិតក្នុងដំណាក់កាលច្រើនដើម្បីចាកចេញ។ ទោះជាយ៉ាងណា បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់នាប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាបារាំង អាល្លឺម៉ង់ បានជំរុញឲ្យអង់គ្លេសធ្វើដំណើរការចាកចេញពី EU ឲ្យបានឆាប់ៗ ដើម្បីកុំឲ្យបង្កឲ្យមានការលំបាកទន្ទឹងរង់ចាំ និងដើម្បីឲ្យ EU រៀបចំបោសសម្អាតផ្ទះ៕

ប្រែសម្រួល៖ sabay (មាន រតនា)
ប្រភព៖ BBC, Dailymail

  • ៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ជីវិតនិងសង្គម
Tags: